Friday, February 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងម៉ាស្សា បង្កប់រួមភេទ ចាប់ថៅកែចិន និងស្រីស្អាត

បង្ក្រាបហាងម៉ាស្សា បង្កប់រួមភេទ ចាប់ថៅកែចិន និងស្រីស្អាត

ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ ចំនួន៤កន្លែង ដែលមានថៅកែ ជាជនជាតិចិន និងមានស្រីក្មេងស្អាតៗ ជាបុគ្គលិក ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធ ហត្ថខណ្ឌកំបូល ចុះឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនថៅកែ ជនជាតិចិន ព្រមទាំងនារីស្អាតៗ ជាច្រើននាក់។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សា បង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចហាងម៉ាស្សា ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។

ទីតាំងហាងម៉ាស្សា ទាំង៤កន្លែង ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថឆ្មក់បង្ក្រាប រួមមាន ទី១-យីហោ ចឹងយានយាន ទី២-យីហោ ម៉ាស្សាត្រាំទឹកសុភមង្គល ទី៣-ណាណា ម៉ាស្សា ស្ប៉ា និងទី៤-មជ្ឈមណ្ឌលសុខភាពប្រកបដោយផាសុកភាព។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទាំង៤កន្លែង ខាងលើនេះ កម្លាំងជំនាញកងរាជអាវុធហត្ថ បានទទួលព័ត៌មាន និងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ រហូតឈានដល់ការកំណត់ទីតាំង រួចឆ្មក់ចុះបង្ក្រាបតែម្តង។

ជាក់ស្តែង នៅវេលាម៉ោង ១២និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះឆ្មក់បង្ក្រាបកន្លែងម៉ាស្សា ទាំង៤ទីតាំងខាងលើ ដោយឃាត់ខ្លួនថៅកែ ជាជនជាតិចិន និងនារីស្អាតៗ ជាច្រើននាក់ ក្នុងនោះមាននារីជាអនីតិជនផងដែរ។ ជាមួយនេះ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង រួមមាន ស្រោមអនាម័យ មួយចំនួន មានទាំងប្រើ ប្រាស់រួច និងនៅថ្មី (ក្នុងប្រអប់)។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ ទីតាំងហាងម៉ាស្សា ទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចសម្រេចបិទខ្ទប់ ផ្អាកជាបណ្តោះអាសន្ន។ ចំណែកជនសង្ស័យ ជាថៅកែជនជាតិចិន រួមនិងក្រុមនារីម៉ាស្សា បង្កប់សេវាផ្លូវភេទទាំងអស់ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES