ភ្នំពេញ ៖ ក្មេងស្រីអភ័ព្វម្នាក់ កំពុងដើរទៅសាលារៀន ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្ត២គ្រឿង បុកគ្នា ប៉ើងមកកិនជើងទាំងសងខាងរបស់នាង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រហូតត្រូវក្រុមគ្រូពេទ្យសម្រេចកាត់ជើងទាំងសងខាងចោល ដើម្បីសង្គ្រោះជីវិត ហើយគិតមកដល់ពេលនេះ មានរយៈពេល ៥ឆ្នាំហើយ ដែលក្មេងស្រី រងគ្រោះ រស់ក្នុងភាពអយុត្តិធម៌ ត្រូវបាត់ បង់ជើងទាំងសងខាង និងពុំទាន់ទទួលបានសំណងអ្វីសូម្បី ១រៀល។ក្រោយទទួលបានដំណឹងនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទាក់ទងអញ្ជើញទាំងក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ មកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវី ស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារ ស្វែងរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះ។ក្មេងស្រីរងគ្រោះដែលត្រូវរថយន្តបុកដាច់ជើងទាំងសងខាង មានឈ្មោះ សឿន សំរង អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន ដែលមានលោក មេធាវី គី តិច ជាប្រធាន បានទំនាក់ទំនងអញ្ជើញក្រុមគ្រួសារកុមារីរងគ្រោះមកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវី ស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារ ស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះ។
តាមប្រភពក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន បានឱ្យដឹងថា ជានិច្ចកាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន តែងប្រតិបត្តិខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច ក្រោមការណែនាំ ចង្អុលបង្ហាញពីសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយកិត្តិបណ្ឌិត យុត្តិធម៌ឥតលម្អៀង សម្តេច ទាំងទ្វេ តែងតែការពារនិងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយគ្មានការរើសអើង។

កុមារីរងគ្រោះម្នាក់ ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរ ដែលបណ្តាលមកពីរថយន្តពីរគ្រឿង ប៉ះទង្គិចគ្នា ប៉ើងមកកិនជើងទាំងពីរ របស់កុមារីរងគ្រោះ និងបងប្រុសបង្កើតម្នាក់ទៀត កំពុងដើរលើចិញ្ចើមថ្នល់ ទៅសាលារៀន។ គិតចាប់ពីថ្ងៃកើតហេតុ មកទល់ពេលនេះ រយៈពេល ៥ឆ្នាំហើយ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។
ទទួលបានដំណឹងនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន បានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះ មកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវី ស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារ ស្វែងរកយុត្តិធម៌។

គួររំលឹកថា កាលពី៥ឆ្នាំមុន ខណៈក្មេងស្រីរងគ្រោះ ឈ្មោះសឿន សំរង ទើបនឹងមានអាយុ ៦ឆ្នាំ នាងនិងបងប្រុសម្នាក់ ដែលកាលណោះទើបនឹងមានវ័យ ១២ឆ្នាំ ត្រូវបានជីតា នាំទៅចូលរួមពិធីឡើងផ្ទះសាច់ញាតិ នៅម្តុំគល់ស្ពានព្រែកព្នៅ លុះពេលត្រឡប់មកវិញ ជីតា បានហៅកង់បី ជិះត្រឡប់មកផ្ទះវិញ តែដោយសារកង់បី ទារថ្លៃពេក ចំណែកជីតា ក៏គ្មានលុយគ្រប់ផង ទើបសម្រេចបណ្តើរចៅតូចទាំង២នាក់ ដើរមកផ្ទះវិញ។ លុះពេលដើរមកដល់ចំណុចកើតហេតុ ជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ងត៍ បានបុករ៉ឺម៉កម៉ូតូ ហើយភ្លាមនោះ ក៏មានរថយន្តដឹកប្រេង ១គ្រឿងទៀត បើកមកដល់ ព្យាយាមគេចពីរថយន្តក្រឡុកស៊ីម៉ងត៍ ទើបធ្វើឱ្យជ្រុលមកបុកជនរងគ្រោះទាំង៣នាក់ តានិងចៅ ទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ ទាំងអស់គ្នា ក្នុងនោះក្មេងស្រីរងគ្រោះ ឈ្មោះសឿន សំរង រងរបួសធ្ងន់ខ្លាំងជាងគេ ដោយរថយន្តបានកិនខ្ទេចជើងរបស់នាងទាំងសងខាង ត្រឹមភ្លៅ ចំណែកបងប្រុស រងរបួសធ្ងន់ ត្រង់ជើងខាងឆ្វេង រីឯជីតា ក៏រងរបួសជើងដូចគ្នា។

តាមសម្តីយុវជនជាបងប្រុសបង្កើតរបស់ក្មេងស្រីរងគ្រោះ សឿន សំរង ដែលជាជនរងគ្រោះម្នាក់ ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នោះដែរ បានរៀបរាប់ថា “ពេលនោះ ពួកខ្ញុំ ៣នាក់ តានិងប្អូនស្រី បានដើរលើចិញ្ចើមផ្លូវ សំដៅមកផ្ទះ ស្រាប់តែឃើញមានឡានក្រឡុកស៊ីម៉ងត៍ បានបុករ៉ឺម៉កម៉ូតូ ទើបពួកខ្ញុំបង្អង់ដំណើរតែ ១វិនាទី សម្លឹងមើល ស្រាប់តែរំពេចនោះ មានរថយន្តដឹកប្រេង ក្រុមហ៊ុនតេឡា បានបើកមកដល់ និងគេចពីហេតុការណ៍គ្រោះថ្នាក់នោះ ក៏រេចង្កូតមកបុកពួកខ្ញុំ ទាំង៣នាក់តែម្តង លុះខ្ញុំដឹងខ្លួនឡើង លូនចេញពីក្រោមឡាន ឮសំឡេងតាយំ ហៅប្អូនស្រី ទើបស្ទុះទៅមើល ឃើញប្អូនស្រី ខ្ទេចជើងសងខាងទៅហើយ តែនាងរឹងមាំណាស់ មិនយំអ្វីទាំងអស់ ដោយគ្រាន់តែស្រែកប្រាប់ខ្ញុំថា “អូនស្រេកទឹកណាស់ៗ” ចំណែកខ្ញុំ ឃើញប្អូនស្រីបែបនេះ ក៏ស្ទើរសន្លប់ទៅវិញ។ បន្ទាប់មកក៏មានឡានពេទ្យ មកដឹកពួកខ្ញុំ ទៅពេទ្យ ដោយប្អូនស្រី ត្រូវបានឡានពេទ្យដឹកបញ្ជូនទៅពេទ្យគន្ធបុប្ជា និងត្រូវគ្រូពេទ្យសម្រេចចិត្តកាត់ជើងនាងចោល ទាំងសងខាងតែម្តង ដើម្បីសង្គ្រោះជីវិត។ ប្អូនស្រីខ្ញុំ តាំងពីរងគ្រោះថ្នាក់ រហូតដល់គ្រូពេទ្យកាត់ជើងចោលទាំងសងខាង នាងមិនយំ មិនស្រក់ទឹកភ្នែកសូម្បីតែមួយតំណក់ គឺនាងរឹងមាំខ្លាំងណាស់…”។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យក្មេងស្រីរងគ្រោះ ឈ្មោះសឿន សំរង ត្រូវបាត់បង់ជើងទាំងសងខាងនេះ គិតមកដល់សព្វថ្ងៃ មានរយៈពេល៥ឆ្នាំ មកហើយ ប៉ុន្តែក្មេងស្រីរងគ្រោះ នៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ ដោយជើងក៏ពិការ ចំណែកដំណោះស្រាយសំណងជំងឺចិត្ត ក៏មិនទាន់ទទួលបាន សូម្បី១រៀល ខណៈក្រុមគ្រួសារក្មេងស្រីរងគ្រោះ មានជីវភាពខ្វះខាតយ៉ាងខ្លាំង ឪពុកម្តាយ ដើរស៊ីឈ្នួលគេ ចិញ្ចឹមជីវិត និងត្រូវរ៉ាប់រងមើលថែកូនស្រីពិការជើងទាំងសងខាងថែមទៀត ខណៈបងប្រុសរបស់នាង ដែលជួបគ្រោះថ្នាក់ជាមួយគ្នា ត្រូវពិការជើងម្ខាង និងបានបោះបង់ចោលការសិក្សា តាំងពីក្រោយ ពេលកើតហេតុមកម៉្លេះ។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើ ពិតជាបានកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មែន ប៉ុន្តែករណីនេះ ត្រូវបានកម្លាំងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿង ដោយផ្ទាល់ ហើយករណីនេះ បានផុតដៃសមត្ថកិច្ចទៅហើយ ពោលគឺស្ថិតក្នុងដៃតុលាការ ឯណោះ៕ ដារិទ្ធ