Friday, February 13, 2026
Homeព័ត៌មានជាតិក្រសួងវប្បធម៌ អំពាវនាវយុវជន កុំបន្តយល់ខុសពីទិវានៃក្តីស្រឡាញ់

ក្រសួងវប្បធម៌ អំពាវនាវយុវជន កុំបន្តយល់ខុសពីទិវានៃក្តីស្រឡាញ់

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវដល់យុវជនខ្មែរ កុំបន្តយល់ខុសពីអត្ថន័យទិវានៃក្តីស្រឡាញ់ សូមប្រើប្រាស់ទិវានេះ ឱ្យក្លាយជាឱកាសមួយក្នុងការបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់ ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ជាដើម ប្រកបដោយភាពថ្លៃថ្នូរ ចៀ សវាងការបន្តយល់ខុសពីអត្ថន័យ នៃទិវានៃក្តីស្រឡាញ់នេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ។

សេចក្តីអំពាវនាវ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា​«ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈ ដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ បាននិងកំពុងជះឥទ្ធិពលក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយបានប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពនានា ដើម្បីបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់ ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ជាដើម ។ល។ ប្រកបដោយភាពថ្លៃថ្នូរ គួរជាទីគោរពនិងកោតសរសើរ។ ប៉ុន្តែជាមួយគ្នានេះ យុវជនមួយចំនួនតូច នៅតែបន្តយល់ខុសពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់នេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួនដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យល់ឃើញថា ការសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីឫសគល់និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាពនិងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយសនិងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំងសកម្មភាពទាំង ឡាយ ដោយបង្កផលប៉ះពាល់រយៈពេលវែង ដល់អនាគតនៃបុគ្គលខ្លួនឯងផ្ទាល់។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោល ដៅប្រើប្រាស់ទិវានេះ ឱ្យក្លាយជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែកនូវក្តីស្រឡាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញខ្លួនយើង ជាអាទិ៍ ៖ ក្រុមគ្រួ សារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងកាយវិការចែករំលែកទៅដល់ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាពសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរប ស់ខ្មែរ ដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេស រួមចំណែកថែរក្សាបាននូវអត្ត សញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូប មានកាតព្វកិច្ចថែរក្សានិងការពារ។

ការរក្សាការពារវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា!»៕ ខៀវទុំ

RELATED ARTICLES