ភ្នំពេញ ៖ ទឹម រដ្ឋា បានបង្ហើបថា នាងចង់បានកូនទី២ ជាកូនប្រុស ហើយក្នុងបំណងរបស់នាង គឺចង់បានកូនត្រឹមតែពីរនាក់ប៉ុណ្ណោះ ខណៈពេលនេះ កូនស្រីរបស់នាង មានអាយុ៣ឆ្នាំហើយ ។ យ៉ាងណា រដ្ឋា មិនទាន់កំណត់ពេលវេលាយកកូនប្រុស ឲ្យបានច្បាស់លាស់ទេ ព្រោះបច្ចុប្បន្ន នាងរយាលពីអាជីពសិល្បៈ ដោយផ្ដោតលើមុខជំនួញជាមួយស្វាមី បើកហាងម្ហួបអាហារបែបម៉ិកស៊ីកូ យីហោ «Campas» ។

ទឹម រដ្ឋា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថ្មីៗនេះថា «១០០% កូនទី២ ខ្ញុំចង់បានកូនប្រុស។ ឥឡូវកូនស្រីទី១ របស់ខ្ញុំ អាយុ ៣ឆ្នាំហើយ អ៊ីចឹងបំណងរបស់ខ្ញុំ ចង់បានកូនស្រី១ ប្រុស១ នឹងសង្ឃឹមថា កូនទី២ ជាកូនប្រុស តែខ្ញុំនិងស្វាមី មិនទាន់កំណត់ថា យកកូនទី២ នៅឆ្នាំណាទេ ព្រោះរវល់លើការរកស៊ីច្រើន ។ និយាយទៅ តាំងពីការហើយ ជិត៣ឆ្នាំហ្នឹង អត់ទាន់បានទៅដើរកម្សាន្ដលេងនៅបរទេសដូចគេទេ ព្រោះតែយើងរវល់ល់មុខរបរផ្ទាល់ខ្លួនហ្នឹងឯង» ។

មុខរបរក្រៅសិល្បៈ របស់ទឹម រដ្ឋា ដែលនាងចង់និយាយថា ដកឃ្លាមិនរួចនោះ គឺហាងម្ហូបម៉ិកស៊ីកូ «Compas» ដែលនាងថា បានបើកតាំងពីក្រោយរៀបការហើយភ្លាមៗ សព្វថ្ងៃមាន៤សាខា នៅភ្នំពេញ គឺទី១ នៅជិតវត្តឧណ្ណាលោម ទី២ នៅកោពេជ្រ និងទី៣ នៅទួលគោក និងទី៤ នៅជិតសាលារៀនឯកជនមួយ ។ រដ្ឋា ថាហាងនេះ ទោះជាម្ហូបបរទេសមែន ប៉ុន្ដែតម្លៃម្ហូបតម្រូវទាំងភ្ញៀវខ្មែរ និងបរទេស អាចចូលហាងនាងបានដូចគ្នា ហើយនៅពេលខាងមុខ នាងចង់ពង្រីកសាខាថែមទៀត ទាំងនៅភ្នំពេញ និងនៅតាមបណ្ដារខេត្ត ដូចជា សៀមរាប និងបាត់ដំបង ជាដើម ។

ទឹម រដ្ឋា បានឲ្យដឹងដែរថា ក្រោយសម្រាលកូន នាងឡើងគីឡូដល់ទៅ ៩គ.ក្រ ហើយពេលនេះ នៅសល់ ៥៥គ.ក្រ តែព្យាយាមសម្រកឲ្យបាន ៤គ.ក្រ ថែមទៀត ព្រោះទម្ងន់ដែលនាងស្រលាញ់ គឺ៥១គ.ក្រ ។ នាងថា ក្រោយមានស្វាមី ៣ឆ្នាំនេះ ជីវិតមានការប្រែប្រួលច្រើន ពិសេសគឺនាងមានចំណេះដឹងថ្មី នោះគឺការមើលថែទាំកូន ដោយផ្ទាល់ដៃ ដែលជាបំណងរបស់ស្វាមីនាង។ រដ្ឋា ថាកូនស្រីនាង ឈ្មោះ Haylie Apsara Antonio ហៅអូនភ្លៀង និយាយ ៣ភាសា គឺខ្មែរ អង់គ្លេស និងអេស្ប៉ាញ (តិចតួច) ព្រោះស្វាមីនាងក៏ចេះភាសាអេស្ប៉ាញដែរ។នាងថា ស្វាមីនាង ស្រលាញ់របាំអប្សរាណាស់ អីចឹងពេលកូនធំបន្ដិច នាងនឹងឲ្យកូនរៀនរបាំអប្សរា ផងដែរ។

ទឹម រដ្ឋា ថាទោះជាជីវិតនាងពេលនេះ ផ្ដោតលើការធ្វើជំនួញ ប៉ុន្ដែនាងថា ទៅដល់ទីណា ក្លាយទៅជាអ្វីក៏បេះដូងនៅតែជាអ្នកសិល្បៈម្នាក់ដដែល ។ នាងថា សប្បាយចិត្តដែលឃើញប្អូនៗអ្នកសិល្បៈជំនាន់ក្រោយ ស្អាត ពូកែ ទាំងភាសា និងទេពកោសល្យល្អ ពោលគឺមកច្រើនតែជាកញ្ចប់តែម្ដង ហើយនាងតាមដានជាងគេ គឺការប្រឡងបវរកញ្ញាតែម្ដង ។

ឆ្លើយតបសំណួរថា តើស្វាមីរដ្ឋា លោក Jovany Antonio ដែលមានសញ្ជាតិអាមេរិក នោះ គ្រោងនាំនាងទៅរស់នៅអាមេរិក នៅពេលអនាគត ឬនាងនៅតែបន្ដនៅស្រុកខ្មែរ? តារាកូន១ រូបនេះថា នៅពេលដែលកូនធំបន្ដិច គឺអាចនឹងទៅរស់នៅអាមេរិក តែមុខជំនួញនៅស្រុកខ្មែរ នៅតែដំណើរការធម្មតាដដែល ព្រោះសម័យនេះ យើងអាចធ្វើការពីចម្ងាយ តាមOnline បាន។ នាងថា ធ្លាប់បានទៅអាមេរិក ម្ដង អំឡុងនៅជាសង្សារប្ដី ហើយស្វាមីនាំឲ្យទៅជួបគ្រួសារខាងប្រុស ប៉ុន្ដែក្រោយរៀបការរួចភ្លាមៗ គិតថាចង់ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅអាមេរិក ដែរ ប៉ុន្ដែបែរជាអាក់ខានទៅវិញ គឺដោយសាតែជាប់រវល់រកស៊ីបើកហាងសព្វថ្ងៃនេះឯង ។

គួររំលឹកថា ទឹម រដ្ឋា បានរៀបការតាមប្រពៃណីខ្មែរ ជាមួយលោក Jovany Antonio កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ និងសម្រាលកូនស្រី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ។ រដ្ឋា ជាតារាដែលយកស្វាមី ជាជនជាតិបរទេស ដូចគ្នាទៅនឹងអ្នកនាង ខៀវ សានសាណា, អឿន ដាលីស, កែវ ស្រីនាង, សូ អេណា, រ៉េត សារីតា និងនេត សុចរិយា ជាដើម ៕


