Thursday, February 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៨០៥នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន៨០៥នាក់

ខេត្តព្រះសីហនុ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអគារកាស៊ីណូ ១កន្លែង រកឃើញមនុស្សសរុបជាង ៨០០នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចអគារកាស៊ីណូ ស៊ិនលិ ដែលស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។ ក្នុងនោះក៏មានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថ ខេត្ត ផងដែរ។

យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ ក្រុមការងារចម្រុះ បានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ នៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារខាងលើ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

– រកឃើញមនុស្សសរុប ៨០៥នាក់ ដែលមានចម្រុះជាតិសាសន៍ សរុបចំនួន ៧សញ្ជាតិ រួមមាន ចិន កូរ៉េ ជប៉ុន អាមេរិក ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ។

-ដកហូតសម្ភារមួយចំនួនធំ រួមមាន កុំព្យូទ័រ ៦៥០គ្រឿង និងទូរស័ព្ទដៃ ១០០០គ្រឿង។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះរដ្ឋបាលនេះ គឺជាការអនុវត្តតាមស្មារតីនៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រួតពិនិត្យភាពស្របច្បាប់នៃការស្នាក់នៅ និងបម្រើការងាររបស់ជនបរទេស នៅក្នុងខេត្ត។

ករណីនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES