ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបន្លំខ្លួនជាមេធាវី លួចប្រកបវិជ្ជាជីវៈមេធាវីដោយខុសច្បាប់ (មេធាវីក្លែងក្លាយ) ត្រូវបានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ស្រាវជ្រាវឃើញ សម្រេចដាក់ពាក្យបណ្តឹងដោយផ្ទាល់ កាលពីអំឡុងខែមករា ឆ្នាំ២០២៦ កន្លងទៅ ទីបំផុតមេធាវីក្លែងក្លាយនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ។

មេធាវីក្លែងក្លាយដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ដាក់គុកនោះ មានឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មានលំនៅ ផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
មេធាវីក្លែងក្លាយនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ កំណត់៦ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល ពីបទលួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គណៈមេធាវី បានប្តឹងឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មានអាសយដ្ឋាន ផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទលួចប្រ កបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយចំណាត់ការនីតិវិធី ជាបន្តបន្ទាប់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានបើក សវនាការ និងប្រកាសសាលក្រម ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ ចោទ ឈ្មោះអ៊ុយ ចន្ធី ភេទស្រី កើតឆ្នាំ១៩៨១ ដាក់ពន្ធនាគារ កំណត់៦ (ប្រាំមួយ) ឆ្នាំ និងពិន័យជាប្រាក់ ៨ ០០០ ០០០ (ប្រាំបីលាន) រៀល ពីបទលួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជ ធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៣ មាត្រា៤ និងមាត្រា៧៧ នៃច្បាប់ស្តីពីលក្ខ ន្តិកៈ មេធាវី មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឱ្យសងសំណងការខូចខាត ចំនួន ៤០ ០០០ ០០០ (សែសិបលាន) រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី (គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសកាលក្រមនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ចំពោះ មុខមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងកំបាំងមុខជនជាប់ចោទ ដោយទុកសិទ្ធិប្តឹងទាស់និងប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់។ ជាមួយគ្នានោះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចប្រើវិធាននៃមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ…។ ជុំវិញករណីខាងលើ អាចជាមេរៀនមួយ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មុននឹងពឹងពាក់រកសេវាផ្លូវច្បាប់ ត្រូវពិនិត្យមើលអត្តសញ្ញាណមេធាវី ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការចាញ់ បោកជនខិលខូច ដែលនាំឱ្យខាតបង់ទាំងពេលវេលានិងថវិកា។ ហេសហេ! វីវរហើយ! មេធាវី ក៏មានក្លែងក្លាយដែរ…៕