Saturday, February 7, 2026
Homeតារាខ្មែរតារា៧ដួង ឆ្នាំ២០២៦ ជិះ Lamborghini

តារា៧ដួង ឆ្នាំ២០២៦ ជិះ Lamborghini

 ភ្នំពេញ ៖ រថយន្ដទំនើប ម៉ាកឡាំបូរគីនី (Lamborghini) ដែលគេធ្លាប់តែឃើញតារាល្បីៗបរទេស និងកីឡាករបាល់ទាត់លំដាប់ពិភពលោក ជិះនោះ នៅឆ្នាំ២០២៦ មានតារាខ្មែរ ដល់ទៅ ៧ដួង បានជិះរថយន្ដ លំដាប់អភិជននេះ ។

  ១- ខេមរៈ សិរីមន្ដ ៖ លោកខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ) ទោះបីជាពេលនេះស្ងាត់រឿងរកស៊ីលក់ដីឡូត៍ តែលោកនៅតែហ៊ឺហា ជិះរថយន្ដម៉ាក Lamborghini ពណ៌ខ្មៅ និងរថយន្ដទំនើបៗ មួយចំនួនទៀត ដូចជា Rolls Royce, Volkswagen, Range Rover Defender និង Jeep Rubicon ជាដើម ។ តារា Galaxy កូន៣ អាយុ៤១ឆ្នាំ រូបនេះ មិនសូវសកម្មចេញមុខការពារថៅកែនិងអ្នកនយោបាយ ដូចមុនទេ នារយៈពេលចុងក្រោយនេះ  ទើបស្ងាត់គេរិះគន់លើបណ្ដាញសង្គម ប៉ុន្ដែតាំងពីឡើងឧកញ៉ា ជិត៤ឆ្នាំ មកនេះ លោក សិរីមន្ត  មានអង្គរក្ស តាមហែហម កាន់តែច្រើន ។

  ២- ពេជ្រ សោភា ៖ តារាវ័យ៤១ឆ្នាំ តែសម្រស់នៅក្មេងជាងវ័យរូបនេះ ទើបតែទិញរថយន្ដទំនើប ម៉ាក Lamborghini ពណ៌ខ្មៅ បន្ថែមពីលើរថយន្ដម៉ាក Mercedes  ។ សោភា បានប្ដូរចិត្ត ១៨០ដឺក្រេ ព្រោះកាលពីឆ្នាំ២០១៦ នាងថា មិនលេងម៉ូដឡានទេ ដោយសាឡាន មិនអាចដេកនៅជាប្រចាំ ឬមានកន្លែងចម្អិនអាហារ ដែលនាងចង់សំដៅថា ផ្ទះ សំខាន់ជាង។ ប៉ុន្ដែបន្ទាប់ពីមានផ្ទះធំ យ៉ាងតិច ៣ទីតាំង សោភា ក៏ចាប់ផ្ដើមហ៊ានទិញឡាន ១គ្រឿង តម្លៃស្មើផ្ទះវីឡា១។ ក្រៅពីជិះរថយន្ដលំដាប់សេដ្ឋី ថ្មីៗនេះ សោភា ក៏បានបង្ហាញគ្រឿងអលង្ការមាស ដែលនាងបានទិញតាំងពីឆ្នាំ២០២២ មានដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន និងក្រវិល ជាដើម ដែលបញ្ជាក់ថា ពេលមាសឡើងថ្លៃកប់ពពកនេះ សោភា ចំណេញកប់ក្ដោងតែម្ដង ។ ប៉ុន្ដែគួរឲ្យស្ដាយ ក្រោយធ្លាក់ខ្លួនមេម៉ាយ ១០ឆ្នាំ ចំណងស្នេហាសោភា និងលោកឆឹម សក្កដា ដែលអះអាងថា បានភ្ជាប់ពាក្យតាំងពីឆ្នាំ២០២២ នោះ ពេលនេះតម្រុយរៀបការ នៅតែស្ងាត់ដូចចោរលួចសេះ ។

  ៣- ម៉ាន់ វណ្ណដា ៖ តារារ៉េប វ័យ២៩ឆ្នាំ របស់ផលិតកម្មបារមី រូបនេះ ជិះរយន្ដម៉ាកLamborghini ពណ៌ខ្មៅ និងទិញផ្ទះ មួយល្វែងបាន ក្នុងពេលតែមួយ ដែលរាល់ថ្ងៃ លោកកំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយសង្សារថ្មី សិចស៊ី នាង ឡូរី (Lauryn) ។ ក្រៅពីអាជីពចម្រៀងប្រភពចំណូលសំខាន់របស់ម៉ាន់ វណ្ណដា បានមកពីកើបលុយស្ពតធំៗ ហើយនៅឆ្នាំ២០២៦ លោកនៅតែជាតារារ៉េប ស្ថិតក្នុងលំដាប់ជូរមុខនៅឡើយ បើទោះជាអ្នកវិភាគ លោកសុខ សុគន្ធ ហៅលោកជេម សុខ ថាតារារ៉េប រូបនេះ មិនចេះច្រៀងបទខ្មែរ ឲ្យបានត្រឹមត្រូវ សូម្បីតែ១ បទ ក៏ដោយ ។

  ៤- ងួន ចាន់ដេវីត ៖ ប្ដីទេព បូព្រឹក្ស រូបនេះ ជិះរយន្ដម៉ាក Lamborghini ពណ៌ក្រហម ហើយក្រៅពីច្រៀងរាំ និងធ្វើ BA ឲ្យក្រុមហ៊ុនធំៗ លោកឆ្លៀតរកស៊ីលក់ទឹកអប់ ។ ងួន ចាន់ដេវីត ឬ ជី-ដេវីត អាយុ៣២ឆ្នាំ នៅតែជាតារារ៉េប លំដាប់ជូរមុខម្នាក់ ប្រជែងគ្នាជាមួយសិស្សប្អូនវណ្ណដា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលនេះ ដៃគូរ៉េបឆ្លងឆ្លើយរបស់លោក គឺជាប្រពន្ធរបស់ខ្លួនតែម្ដង ។ យ៉ាងណា គេរង់ចាំមើលថា តើនៅឆ្នាំ២០២៦ ដេវីត អាចវ៉ា វណ្ណដា បានដែរ ឬទេ ក្រោយពីពួកគេស្ងាត់ចេញបទ Diss track គ្នា ជាង១ឆ្នាំមកនេះ ។

  ៥- អែនជី ៖ អតីតតារា M និងសាន់ដេ រូបនេះ ក្រោយផ្អាកច្រៀងរាំជាច្រើនឆ្នាំ ដោយងាកមករកស៊ីលក់ដូរ Online វិញម្ដងនោះ សព្វថ្ងៃនាងក៏ជិះរថយន្ដលំដាប់សេដ្ឋី Lamborghini ពណ៌ស្វាយ យ៉ាងកាលីពដែរ ។ អែនជី (NG) នៅតែអាល័យអាជីពចាស់ ប៉ុន្ដែគ្មានផែនការចូលផលិតកម្មថ្មី ឬឡើងឆាកវិញទេ  ព្រោះជាប់ដៃពង្រឹងមុខរបរ Online ដោយមានស្វាមី លោក គង់ សុខអេង នៅគាំទ្រក្រោយខ្នង ។

  ៦- ថុល សុភិទិ ៖ នៅឆ្នាំ២០២៦ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ថុល សុភិទិ រូបនេះ ហ៊ឺហាជាងគេ បើប្រៀបធៀបតារាលេងម៉ូដរថយន្ដទំនើបៗផ្សេងៗទៀត ។ ភិទិ ចាយលើរថយន្ដទំនើប ៣គ្រឿង ខ្ទង់ជាង ២លានដុល្លារ ដែលមានអនាគតប្រពន្ធ អ្នកលក់Online មេម៉ាយកូន១ សាច់សខ្ចី ឡុង ម៉ានីន ជាអ្នក ជ្រោមជ្រែង នោះគឺរថយន្ដម៉ាក Lamborghini ២គ្រឿង ពណ៌ក្រហម និងពណ៌ស្វាយ រួមទាំងរថយន្ដរថយន្ដ Rolls Royce ពណ៌ខ្មៅ ។ ប៉ុន្ដែគេមិនដឹងប្រភពលុយថា បានមកពីការច្រៀងរាំ ឬប្រពន្ធ ម៉ានីន ទិញឲ្យទាំង ស្រុងនោះទេ ។

  ៧- ផន សុផារី ៖ តារាចម្រៀងរូបនេះ ក៏ជិះរថយន្ដទំនើប ម៉ាក Lamborghini ពណ៌លឿង ដែរ បន្ថែមពីលើរថយន្ដម៉ាក Mercedes ។ សុផារី មមាញឹកលើមុខរបរលក់អីវ៉ាន់ Online ច្រើនជាងច្រៀង ហើយតាមព័ត៌មានថា ស្វាមីនាង លោកសុង សុវណ្ណារ៉ា ស្រលាញ់នាងកាន់តែខ្លាំងក្រោយបានកូនស្រី ពីរនាក់ យ៉ាងស្រស់ស្អាត គឺប៊ែលឡា និងអ៊ែលលី ហេតុនេះទោះជានាងចង់ជិះរថយន្ដម៉ាកអី ក៏ប្ដីបំពេញបំណងជូននាងបានទាំងអស់ ៕

RELATED ARTICLES