ភ្នំពេញ ៖ ចំណងស្នេហាតារាចម្រៀង កែវ សុបញ្ញា និងលោកអនុសេនីយ៍ត្រី ប៉ាល់ ប៉ោស៊ាង បានដើរដល់ទីបញ្ចប់ ក្រោយរៀបការបានជាង ១ឆ្នាំ និងបាត់បង់កូនស្រី ជាទីស្រលាញ់ បានជាង១ខែ ពោលគឺបាត់បង់កូន បែកបាក់ប្ដី។ តាមការអះអាងរបស់អតីតស្វាមីសុបញ្ញា ចំណងស្នេហានេះ បញ្ចប់តាមផ្លូវតុលាការ ហើយពួកគេឲ្យតម្លៃគ្នាទៅវិញទៅមក។

លោក ប៉ាល់ ប៉ោស៊ាង បានប្រកាសពីការលែងលះតាមផ្លូវច្បាប់ជាមួយកែ សុបញ្ញា តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ខ្ញុំបាទសូមបញ្ជាក់ និងឲ្យតម្លៃគ្នាទៅវិញទៅមក រូបខ្ញុំនិងភរិយា ឈ្មោះកែវ សុបញ្ញា បានព្រមព្រៀងគ្នាផ្ដិតមេដៃនៅតុលាការ និងបញ្ចប់ភាពជាប្ដីប្រពន្ធគ្នា ចាប់ពីថ្ងៃនេះតទៅ»។

អ្នកគាំទ្រតារាចម្រៀង កែវ សុបញ្ញា និងមិត្តភក្ដិលោកប៉ោស៊ាង បានបង្ហាញការសោកស្ដាយចំពោះដំណឹងនេះគ្រប់គ្នា ខណៈដែលខ្លះចង់ឲ្យមានការផ្សះផ្សាគ្នាវិញ បើទោះជាដឹងថាមិនអាចទៅរួច ព្រោះអ្នកទាំងពីរ បានបញ្ចប់គ្នាតាមផ្លូវច្បាប់ ទៅហើយក្ដី ។ អ្នកខ្លះអាណិតកែវ សុបញ្ញា ថាកូនស្រីទើបស្លាប់បានជាង១ខែ ឥឡូវត្រូវបែកបាក់ប្ដីទៀត តើជីវិតនាងនឹងទៅជាយ៉ាងណា?

កែវ សុបញ្ញា បានថ្លែងសារនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ជីវិតអាចស្រស់បំព្រង គឺជាជីវិតដែលយល់ច្បាស់ពីហេតុផលគ្រប់យ៉ាង ហើយយល់ព្រមពន្លែង ដោយផ្ដល់ឱកាសឲ្យខ្លួនបាននៅស្ងប់ស្ងាត់ និងមានសេចក្ដីសុខ ផ្លូវចិត្ត។ យើងមិនអាចឃាត់ខ្យល់ កុំឲ្យបក់ យើងមិនអាចឃាត់ទឹក មិនឲ្យជន់លិច ប៉ុន្ដែយើងអាចបង្រៀនចិត្តឲ្យក្លាហាន រឹងមាំ ដួលចេះក្រោក រួចបន្ដដំណើរទៅមុខ ខណៈដែលយើងមិនចុះចាញ់»។
កែវ សុបញ្ញា ក៏អរគុណដល់គ្រួសាររបស់នាង ដែលនៅក្បែនាងជានិច្ច ឱបនាងមិនលែង ទោះជានាងធ្លាក់ដល់ចំណុចណាក៏ដោយ ។

គួររំលឹកថា កែវ សុបញ្ញា បានរៀបការជាមួយលោកប៉ាល់ ប៉ោស៊ាង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ និងបានសម្រាលកូនស្រី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តែគួរឲ្យស្ដាយ កូនឈ្មោះពេជ្រ មេរ៉ា មានអាយុបានតែជាង ៤ខែ ក៏បានស្លាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឲ្យនាងនិងអតីតប្ដី ឈឺចាប់ខ្លាំងបំផុត។ ឥឡូវចំណងស្នេហារបស់បញ្ញា និងប្ដី ក៏បានដើរដល់ផ្លូវបំបែកទៀត ទើបកាលពីថ្ងៃទី៣ ខែកុម្ភៈ ជាថ្ងៃបុណ្យមាឃបូជា ចំពេលដែលអតីតប្ដី ប្រកាសពីចំណងស្នេហាដើរដល់ទីបញ្ចប់នោះ បញ្ញា ស្លៀកពាក់ស ទៅធ្វើសមាធិ ថ្វាយបង្គំព្រះ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដើម្បីឲ្យចិត្តនាងបានស្ងប់ ។

កែវ សុបញ្ញា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ និងច្រៀងឲ្យហង្សមាស ជិត១០ឆ្នាំ ទើបចាកចេញ ក្រោយផុតកុងត្រាកាលពីឆ្នាំ២០២៤ ហើយបច្ចុប្បន្ន នាងជាតារាចម្រៀងឯករាជ្យ ផលិតបទចម្រៀងដោយខ្លួនឯង។ បញ្ញា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មន្រ្ដីយោធា លោកប៉ាល់ ប៉ោស៊ាង តាមស្រលាញ់នាង ១៥ឆ្នាំ ទើបនាងព្រមរៀបការ ។ ប៉ុន្ដែគួរឲ្យស្ដាយ ទោះជាស្វែងយល់ចិត្តគ្នាច្បាស់យ៉ាងណា ក៏នៅតែមិនអាចរក្សាស្នេហាបានយូរអង្វែង ។ លោកប៉ោស៊ាង ថាក្នុងលោកនេះ គ្មានអ្វីជារបស់យើងទេ គ្រប់យ៉ាង មិន មែនជាកម្មសិទ្ធិយើងទេ គ្រាន់តែអាស្រ័យមួយពេលប៉ុណ្ណោះ ៕

