ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម បានធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ បានសម្រេច រួចព្យាយាមរត់គេចខ្លួន តែត្រូវនារីរងគ្រោះស្រែកឆោឡោថា “ចោរ!ៗ” ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ឡោមព័ទ្ធចាប់ ស្រាប់តែជនសង្ស័យបានដកកូនកាំបិត គំរាមសមត្ថកិច្ចថែមទៀត ទើបកម្លាំងសមត្ថកិច្ចបានចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងវត្តតាឡុក ខាងមុខសណ្ឋាគារណារីស្វិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ្វាម មិនថាញ់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូនម្ហូប មានលំនៅ ខេត្តថាញ់ហ័រ ប្រទេសវៀតណាម។ ចំណែកជនរងគ្រោះ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមេផ្ទះ មានលំនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមប្រភពសមត្ថកិច្ចនខេត្តស្វាយរៀង បានឱ្យនៅពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា កាលពីវេលាម៉ោង១២និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្តឹងពីរជនរងគ្រោះ ប្តឹងចោទប្រកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ខ្លួន នៅចំណុចផ្លូវបេតុង វត្តតាឡុកខាងមុខសណ្ឋាគារណារីស្វិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានសម្រេច រួចជិះគេចខ្លួន រហូតមកដល់ត្រង់ចំណុចផ្លូវបេតុងកំពង់ស្ពាន កែងផ្លូវ បេ តុងវត្តតាឡុក ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រចាំការ២៤ម៉ោង ដេញចាប់ តែជនសង្ស័យបានដកកាំបិតចិតបន្លែ មកគំរាមសមត្ថកិច្ច ទើបសមត្ថកិច្ចប្រើវិធានការជំនាញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតសម្ភារៈ រួមមាន ម៉ូតូ ១គ្រឿង ម៉ាក Suzuki satria ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោយជិះធ្វើសកម្មភាព) និងកាបូបស្ពាយពណ៌ខ្មៅ ចំនួន១ ទូរស័ព្ទម៉ាក iPhone 13 Pro Max ពណ៌ទឹកមាស ចំនួន១គ្រឿង និងកូនកាំបិតចុងស្រួច ដងធ្វើអំពីឈើ ចំនួន១ដើម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបខាងលើពិត ប្រាកដមែន៕