ភ្នំពេញ ៖ លោក អ៊ិន សបុញ្ញា ហៅផាណូ បានជូនពរខួបកំណើតប្រពន្ធបណ្ដូលចិត្តរបស់លោក អ្នកនាង ខាត់ សុឃីម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្នើប្រពន្ធថា សូមឈប់ធ្វើបាបប្តីទៀត និងឲ្យមានសម្រស់កាន់តែស្អាត ស្រកគីឡូតាមបំណង មានលុយច្រើនសម្បើម ។ លោកផាណូ ចាត់ទុកថា ប្រពន្ធលោក កើតថ្ងៃដូចខែ ជាថ្ងៃល្អកម្រនឹងជួប តែថាលោកសុំតែសុខទេ …។

អ្នកនាង ខាត់ សុឃីម បានសើច នៅពេលដែលប្ដីជូនពរនៅថ្ងៃខួបកំណើតនាង និងថាសុំកុំឲ្យនាងធ្វើបាបលោកទៀត។ យ៉ាងណា អ្នកនាងសុឃីម ថាអគុណដល់លោកប្តី ដែលជាឪពុកកូនៗរបស់នាង តែងតែមើថែប្រពន្ធនិងកូនៗ គ្រួសារបានល្អ ។

ក្រៅពីអង្វរប្រពន្ធ ឲ្យឈប់ធ្វើបាបលោកទៀតនោះ ស្វាមីខាត់ សុឃីម មិនបង្ហាញឲ្យគេឃើញថា លោកទិញកាដូអ្វីខ្លះ ឲ្យប្រពន្ធសំណព្វចិត្ត នៅថ្ងៃពិសេសរបស់អ្នកនាងសុឃីម នោះទេ ប៉ុន្ដែលោកថា មូលហេតុដែលប្រពន្ធ មិនអាចអត់លោកបាន «ព្រោះតែអត់អ្នកប្រើ» ។


សូមរំលឹកថា អ្នកនាង ខាត់ សុឃីម បានរៀបការជាមួយលោក អ៊ិន សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ពោលគឺចំណងស្នេហា ១៤ឆ្នាំ ទទួលបានចំណងដៃ កូនស្រីម្នាក់ ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ១២ឆ្នាំ ខណៈលោកផាណូ បានស្រលាញ់កូនប្រុសច្បងរបស់អ្នកនាងសុឃីម ឈ្មោះស្កាយ អាយុ២០ឆ្នាំ ដែលគេសង្ស័យជាកូនរបស់លោក ចា រិទ្ធី ដូចជាកូនរបស់លោកបង្កើតដែរ ។ យ៉ាងណា អ្នកនាងសុឃីម បានលុប ចោលគម្រោងយកកូនទី៣ តាំងពីឆ្នាំ២០២០ ដោយនាងប្រាប់ថា ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់គ្រប់គ្រងកូនព្រោះនាងយល់ថា សម័យនេះ បើឪពុកម្ដាយ មិនបានមើលកូនឲ្យដិតដល់ទេ ពួកគេងាយនឹងដើរផ្លូវខុស ។ អ្វីដែលគួរឲ្យកត់សម្គាល់ អ្នកនាងសុឃីម ដែលនៅរដូវក្ដៅនេះ ជីវិតនាងប្រៀបដូចផ្ការីក ព្រោះកំពុងតែត្រូវប៉ាន់ ច្រៀងភ្លេងការ កាត់សក់ គ្រប់ខេត្តក្រុង នោះ នាងក៏កំពុងបណ្ដុះកូនស្រី បញ្ញា ហ្វូតូស្អាត ឲ្យច្រៀងបទប្រពៃណីខ្មែរ ច្រៀងភ្លេងការ ដើម្បីបន្ដការងារ ឬស្នងតំណែងនាង ពេលអនាគតផងដែរ ខណៈដែលកូនប្រុសនាង ស្កាយ ទោះជាមិនចេះច្រៀង តែរូបគេមានជំនាញប្រើប្រាស់ឧបករណ៍តន្រ្ដីបុរាណ ជាច្រើន នឹងកំពុងបន្ដការសិក្សានៅអាមេរិក ។


មជ្ឈដ្ឋនមហាជន មើលឃើញថា អ្នកនាង ខាត់ សុឃីម ពិតជាតារាដែលរឹងមាំម្នាក់ ហើយជាគំរូល្អមួយដល់សិល្បករវ័យក្មេង ព្រោះនាងធ្លាក់ខ្លួនចាញ់បោកឧកញ៉ាម្នាក់ អស់លុយសរុបជាង ៩០ម៉ឺនដុល្លារ កាលពីឆ្នាំ២០២១ ប៉ុន្ដែនាងមិនបាក់ទឹកចិត្ត គិតខ្លីទេ គឺដួលហើយ នៅតែអាចក្រោកឈរដោយខ្លួនឯងបាន។ សុឃីម បើកសម្ពោធក្រុមហ៊ុនរក្សាសម្រស់ Mochy Company កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ និងទិញរថយន្ដទំនើប ២គ្រឿង គឺ Lexus LX570 និង Lexus LX600 ដែលធ្វើឲ្យអ្នកធ្លាប់មើលស្រាលនាងថា «ធ្លាក់ខ្លួន» ចាប់ផ្ដើមលែងហ៊ានក្អកជាមួយនាងទៀត ។ សុឃីម ក៏បានលេងខ្លួនជាងឆ្នាំមុនៗផងដែរ តាំងពីនាងក្លាយជាអគ្គនាយិ ការក្រុមហ៊ុនសម្រស់នោះ ដូចជាពាក់គ្រឿងអលង្ការ មាសនិងពេជ្រ ធំៗ ខណៈដែលស្វាមីនាង លោកផាណូ ដើរតួនាទីជាប្ដីផង ជំនួយការ ឬទីប្រឹក្សាផង ទាក់ទងការរកស៊ី។ ទស្សនិកជនខ្លះថា សុឃីម មានសំណាង ព្រោះបានប្ដីក្មេង អាយុតិចជាងខ្លួនដល់៤ឆ្នាំ (ផាណូ ៤២ឆ្នាំ ) តែក្នុងជំនួបជាមួយអ្នកសារព័ត៌មានកន្លងមក អ្នកនាងថា មិនចង់ឮពាក្យគេថា «បានប្ដីក្មេង»នោះទេ ។ សុឃីម មិនបញ្ជាក់ហេតុផលទេ ប៉ុន្ដែអាចមកពីនាងចៀសវាងគេថា នាងស្រលាញ់តែប្រុសក្មេង ។


ក្រៅពីខាត់ សុឃីម តារាដែលមានគូស្នេហ៍ក្មេងជាងខ្លួន មានដូចជា អ្នកនាងស្វែង សុជាតា, គង់ សុជាតិ, ឆ័យលី ដាឡែន និងប៉ាច គីមមួយ ជាដើម ៕
