Monday, February 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះរោងគោ ទ្រុងមាន់ ងាប់គោ១ មាន់១០០

ភ្លើងឆេះរោងគោ ទ្រុងមាន់ ងាប់គោ១ មាន់១០០

ខេត្តបាត់ដំបង ៖ រោងគោ និងរោងចិញ្ចឹមមាន់ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យសត្វមាន់ ប្រមាណ១០០ក្បាល បានងាប់ ក្នុងនោះសត្វគោ ១ក្បាល ត្រូវភ្លើងឆេះងាប់នៅក្នុងរោងគោ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិបាយតម្រាំ ឃុំឈើទាល ស្រុកបាណន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រោងគោនិងរោងចិញ្ចឹមមាន់ ដែលត្រូវភ្លើងឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ២២ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី មានម្ចាស់ឈ្មោះយិន ជន់ ភេទប្រុស អាយុ៧២ឆ្នាំ។

ប្រភពដដែល បន្តថា រោងគោនិងរោងចិញ្ចឹមមាន់នេះ សង់ជាប់គ្នា ហើយអគ្គិភ័យ បានឆេះអស់ទាំងស្រុង ប៉ុន្តែមិនទាន់រកឃើញដើមចមដែលនាំឱ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ។

តាមប្រភពម្ចាស់រោងចិញ្ចឹមមាន់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា សត្វមាន់ ជាច្រើនក្បាល បានចិញ្ចឹមនៅក្នុងរោងនោះ ជាមួយនឹងសត្វគោ ហើយនៅយប់កើតហេតុ ដេកសុខៗ ស្រាប់តែអគ្គិភ័យ បានឆេះរោងគោ សន្ធោសន្ធៅ នៅវេលារំលងអធ្រាត្រ បង្កការភ្ញាក់ផ្អើលពេញភូមិ ខណៈគាត់មិនបានស្នាក់នៅទីនោះទេ។

អគ្គិភ័យ បានឆាបឆេះយ៉ាងលឿន ត្រឹមមួយប៉ប្រិចភ្នែក រោងគោដ៏ធំនេះ បានក្លាយជាផេះផង់។ អគ្គិភ័យ ឆេះលឿន ក៏ព្រោះតែនៅក្នុងរោងគោ មានប្រេងម៉ាស៊ូត និងគំនរចំបើងច្រើនដុំផង។

ចំពោះការខូចខាត ក្រៅពីរោងគោ និងរោងមាន់ មួយខ្នង ងាប់សត្វមាន់ ប្រមាណ ១០០ក្បាល សត្វគោ ១ក្បាល ម៉ូទ័របូមទឹក មួយគ្រឿង ប្រេងម៉ាស៊ូត ៩លីត្រ និងចំបើង ចំនួន១១ដុំ រួមនិងសម្ភារកសិកម្ម មួយចំនួនទៀត ដែលម្ចាស់ទុកនៅក្នុងរោង បានក្លាយជាចំណីភ្លើង គិតជាទឹកប្រាក់ អស់ប្រហែល ១០លានរៀល៕

RELATED ARTICLES