ខេត្តកំពង់ចាម ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក មកដល់ផ្ទះ បង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតដល់បែកគំនិតដុតម៉ូតូខ្លួនឯងចោល នៅក្រោមផ្ទះឪពុកក្មេក ធ្វើឱ្យរាលដាលឆេះផ្ទះឪពុកក្មេក និងរាលដាលឆេះផ្ទះអ្នកជិតខាង ២ខ្នងទៀត ហើយត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះ ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះបុរសប្រមឹក យកទៅចាត់ការតាមច្បាប់។

ករណីដុតម៉ូតូ រាលឆេះផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៥៦នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស។

ជនបង្កហេតុដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ហុង ជា អាយុ៤៣ឆ្នាំ មានលំនៅ ភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស។ ចំណែកផ្ទះ៣ខ្នង ដែលរងការឆាបឆេះ រួមមាន ៖ ផ្ទះទី១-មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានម្ចាស់ឈ្មោះ ចៅ សម្បត្តិ ភេទប្រុស អាយុ៨៨ឆ្នាំ (ត្រូវជាឪពុកក្មេក របស់ជនបង្ក)។ ផ្ទះទី២-មានទំហំផ្ទះទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើប្រ់កក្បឿង មានម្ចាស់ឈ្មោះលឹម សុខ លាន់ ភេទប្រុស អាយុ៥២ឆ្នាំ និងផ្ទះទី៣-មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ដែកស័ង្កសី មានម្ចាស់ឈ្មោះសម្បត្តិ វ៉ារី ភេទស្រី អាយុ៣៦ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៥៦នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ សម ត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិថ្មី ខ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រោយពីទទួលព័ត៌មាន លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឱ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ហើយបាន បង្កការទប់ស្តាត់ទាន់ពេលវេលា។

សមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យខាងលើ ត្រូវបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៧យប់ថ្ងៃដដែល ដោយកម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាគយ ធ្វើការពន្លត់ឱ្យរលត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកងមាស និងប្រើប្រាស់ទឹក ៣ស៊ីទែន។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះបណ្តាលឱ្យខូចខាត ផ្ទះ ៣ខ្នង រួមមាន ៖ ទី១-ផ្ទះរបស់ឈ្មោះចៅ សម្បត្តិ ត្រូវជាឪពុកក្មេកជនបង្ក (ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈអស់ទាំងស្រុង)។ ទី២-ផ្ទះរបស់ឈ្មោះលឹម សុខ លាន់ (រងការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈអស់ទាំង ស្រុង) និងទី៣-ផ្ទះរបស់ឈ្មោះសម្បត្តិ វ៉ារី (រងការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ អស់ទាំងស្រុង)។
តាមការសាកសួរនិងឆ្លើយបំភ្លឺ កូនរបស់ម្ចាស់ផ្ទះ ឈ្មោះសម្បត្តិ ណាគ្រី ភេទស្រី អាយុ៤៨ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួន ឈ្មោះ ហុង ជា ស្រវឹងស្រា បានដុតម៉ូតូចោល នៅក្រោមផ្ទះ ទើបបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កហេតុ ឈ្មោះហុង ជា យកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធី៕