ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន១១នាក់ និងម៉ូតូ ចំនួន៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



ក្រុមក្មេងទំនើង ទាំង១១នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអាន សុខនាង ហៅអិច ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២- ឈ្មោះជីម សុខហ័រ ហៅហ័រ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះរឿង សៀវម៉ី ហៅម៉ី ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៤-ឈ្មោះជុម ធារ៉ាន ហៅរ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៥-ឈ្មោះផង សុផាដូ ហៅជី ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៦-ឈ្មោះជ័យ វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៧-ឈ្មោះហ៊ិន ម៉េងសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៨-ឈ្មោះឈឿន ម៉ាកាលឹម ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៩-ឈ្មោះម៉ម ផានិត ហៅនិត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១០-ឈ្មោះអាត បូណា ភេទប្រុស អាយុ២០ឆ្នាំ និងទី១១-ឈ្មោះប្រាក់ មករា ហៅរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។


ករណីនេះ កម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាល មកទទួលនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដោយសមត្ថកិច្ចបានណែនាំអាណាព្យាបាល ត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឱ្យបានល្អ កុំធ្វើជាក្មេងទំនើង។ ដោយឡែក ម៉ូតូ ចំនួន៤គ្រឿង ត្រូវបានដកហូតរក្សាទុក រយៈពេល ៩០ថ្ងៃ ទើបប្រគល់ឱ្យយកទៅប្រើប្រាស់វិញ៕

