Friday, January 30, 2026
Homeតារាខ្មែរអូជី ហ្គូលឌិន ថាវិស័យរ៉េប រើសអើងគ្នាសាហាវ

អូជី ហ្គូលឌិន ថាវិស័យរ៉េប រើសអើងគ្នាសាហាវ

ភ្នំពេញ ៖ តារាចម្រៀងរ៉េប វ័យក្មេង លោកមាស ប៊ុនណាលិ ហៅអូជី ហ្គូលឌិន (OG GOLDEN) បានប្រកាសកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថាលោកសូមបញ្ចប់អាជីពចម្រៀងរ៉េប ចាប់ពីពេលនេះតទៅ ហើយក៏ជម្រាបលាអ្នកគាំទ្ររបស់ខ្លួនទាំងអស់ផងដែរ ។ ចំពោះមូលហេតុ ត្រូវបានលោកប៊ុនណាលិ អះអាងប្រាប់ទៅ Fan ថា «វិស័យនេះ រើសអើងគ្នាសាហាវណាស់» ។ ប៉ុន្ដែដោយសារតែមានប្រតិកម្មពី Fan ដោយភាគច្រើនចង់ឲ្យអូជី ហ្គូលឌិន បន្ដអាជីពនេះតទៅទៀត ទើបនៅថ្ងៃទី២៩ ខែមករា OG GOLDEN បានប្ដូរចិត្តវិញ ដោយតាំងចិត្តថា បន្ដអាជីពចម្រៀងរ៉េប មួយនេះ តទៅទៀត ព្រោះតែលោកមិនចង់ឲ្យ Fan ខកចិត្ត។

 អូជី ហ្គូលឌិន ថ្លែងសារថា «ខ្ញុំមកវិញ (Reason)  ខ្ញុំចាញ់ នៅពេលអ្នកគាំទ្រខ្ញុំទទួលអារម្មណ៍បែបនឹង ។ ខ្ញុំបន្ដ ខ្ញុំអត់ឲ្យអ្នកគាំទ្រខ្ញុំ ទទួលអារម្មណ៍ដូចខ្ញុំទេ ។ អ្នកដែលគាំទ្រខ្ញុំពិត គឺជាឈាមនៃបេះដូងខ្ញុំ ពួកអាស្អប់ វាសត្រូវនៅក្នុងភ្នំខ្ញុំ» ។

 អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅអ្នកគ្រប់គ្រងការងាររបស់អូជី ហ្គូលឌិន កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានបុរសម្នាក់ និយាយយ៉ាងខ្លីថា ជុំវិញបញ្ហាររបស់អូជី លោកសូមអធ្យាស្រ័យ មិនទាន់អាចនិយាយបានអ្វីទាំងអស់ នាពេលនេះ ។

 យ៉ាងណា តាមការអះអាងរបស់អូជី ហ្គូលឌិន ខាងលើ ប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួននេះបញ្ជាក់ថា តារារ៉េប រូបនេះ ចង់ដកថយ ព្រោះតែខ្លួនពិបាកប្រឈមនូវការរើសអើង ហើយលោកថែមទាំងចាត់ទុកអ្នកស្អប់ខ្លួន ជាសត្រូវទៀតផង។

អ្នកជំនាញសិល្បៈ បានលើកឡើងថា OG GOLDEN ពិតជានៅបទពិសោធន៍ខ្ចី ក្នុងវិស័យសិល្បៈ ព្រោះតារារៀមច្បងជាច្រើន ក៏មានអ្នកស្រលាញ់ ស្អប់ និងរើសអើងដែរ ប៉ុន្ដែបញ្ហាសំខាន់ គឺត្រូវពង្រឹងសមត្ថភាពខ្លួនឯង ឲ្យបានខ្លាំង មិនមែនត្រូវដកថយ ព្រោះតែចុះចាញ់ពាក្យគេមើលងាយមើលស្រាលលើខ្លួន មិនអាចទ្រាំទ្របាន ក៏លែងច្រៀងនោះទេ  ព្រោះអូជី ហ្គូលឌិន ធ្លាប់ទទួលការិះគន់តាំងពីក្លាយជាជ័យលាភី Rapper Fighter រដូវកាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសាពេលនោះ ទស្សនិកជនមួយចំនួន លើកឡើងថា តារារ៉េប លោក Ranngo ស័ក្តិសមជាម្ចាស់ពាននេះជាង។ ប៉ុន្ដែពេលនេះ កម្មវិធី Rapper Fighter រដូវកាលទី២ កំពុងដំណើរការ និងមិនទាន់រើសបានម្ចាស់ពានថ្មីផង ស្រាប់តែម្ចាស់ពានរដូវកាលទី១ ចង់លើកទង់សបាត់ទៅហើយ ។          

គួរបញ្ជាក់ថា អូជី ហ្គូលឌិន ល្បីបទ «ឥឡូវខ្ញុំឡូយ» និងជាតារាមានសមត្ថភាពមិនចាញ់តារារ៉េប រៀមច្បង ដូចជា វណ្ណដា និងងួន ចាន់ដេវីត នោះទេ ព្រោះលោកចេះធ្វើភ្លេង និងនិពន្ធ Melody ដោយខ្លួនឯង។ ក្រោយលើកពានក្ដៅៗ OG GOLDEN បានដឹកដៃស្រីស្អាត ជា  វណ្ណពុទ្ធាលី ហៅជូលី ទៅថតឈុតអាពាហ៍ពិពាហ៍ ស្រដៀងថត Pre-Wedding ទើបមានការសង្ស័យថា អ្នកទាំងពីរគ្រោងដឹកដៃគ្នាចូលរោងការ ហើយជូលី ថែមទាំងតាមតារារ៉េប រូបនេះដល់ឆាកតន្រ្ដីទៀតផង ។ ប៉ុន្ដែជុំវិញការសង្ស័យថា ពួកគេកំពុងបង្កាត់ភ្លើងស្នេហា ជាមួយគ្នានេះ អ្នកយកព័ត៌មានយើង ធ្លាប់ទូរស័ព្ទសួរជូលី តែពេលនោះ នាងឆ្លើយបែបស្ទាក់ស្ទើរ ថាគ្មានរឿងដូចគេនិយាយទៅវិញ ៕

RELATED ARTICLES