
ភ្នំពេញ ៖ បន្ទាប់ពីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានឆ្លើយតបនឹងការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព ហើយត្រូវបានសហរដ្ឋអាមេរិក ប្រកាសស្វាគមន៍កម្ពុជា ចូលជាសមាជិកស្ថាបនិកនៃអង្គការនេះជាផ្លូវការរួចមក អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ អ្នកនយោបាយ និងអ្នកឃ្លាំមើលនានា បានសម្តែងការគាំទ្រ ។ ប៉ុន្តែទន្ទឹមនឹងការចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនេះ កម្ពុជា ក៏ត្រូវតែធ្វើទំនើបកម្មយោធា ឲ្យខ្លាំង ជារឿងចំបាច់បំផុត ខណៈដែលប្រទេសយើង កំពុងទទួលរងការឈ្លានពានពីប្រទេសជិតខាង ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក នេះ មិនមានអ្វីខាតបង់សម្រាប់កម្ពុជា នោះទេ ផ្ទុយទៅវិញ វាគឺជាចក្ខុវិស័យវែងឆ្ងាយ ស៊ីជម្រៅ នៅក្នុងភូមិសាស្រ្តនយោបាយ ចន្លោះចិន យួន និងសៀម ។ ប៉ុន្តែទន្ទឹមនឹងការអនុវត្តនីតិវិធីការទូត ដើម្បីការពារទឹកដី និងសន្តិភាពនេះ កម្ពុជា ក៏ត្រូវតែធ្វើទំនើបកម្មយោធា បន្ថែមទៀត ដើម្បីត្រៀមទប់ទល់នឹងសត្រូវឈ្លានពានដោយកម្លាំងប្រដាប់អាវុធ ។
លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា “បើកម្ពុជា ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដូចលោកហ៊ុន ម៉ាណែត បានអះអាង វាគឺជាចក្ខុវិស័យវែងឆ្ងាយដ៏ស៊ីជម្រៅ សម្រាប់ភូមិសាស្រ្តនយោបាយ ចន្លោះចិន~យួន សៀម“ ។
លោក មាជ សុវណ្ណារ៉ា បានសរសេរបន្ថែម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា “កម្ពុជា បច្ចុប្បន្ននេះ ត្រូវការទំនើបកម្មយោធា ជាមួយអាវុធ ក៏ត្រូវទិញ ហើយនីតិវិធីច្បាប់ការទូត ក៏ត្រូវធ្វើ ដោយដើរទន្ទឹមនឹងគ្នា ដើម្បីការពារទឹកដីនិងសន្តិភាព“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា វាជាការផុយស្រួយ និងហានិភ័យ បើមិនមានចក្ខុវិស័យឲ្យវែងឆ្ងាយ នៅក្នុងនយោបាយនៃប្រទេសជាតិមួយ គឺត្រូវការភាពរឹងមាំនៃសេដ្ឋកិច្ច ទំនើបកម្មយោធា ជាមួយនឹងនយោបាយការទូត ។ ដូច្នេះជារឿងល្អ ដែលកម្ពុជា ចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាព របស់លោកដូណាល់ ត្រាំ ។ ការចូលនេះ មិនមែនជាការខាតបង់ទេ គឺវាធ្វើឲ្យយើងមានស្មារតីជាតិរឹងមាំ ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ។ ប៉ុន្តែទន្ទឹមនឹងនេះ ត្រូវពង្រឹងនូវទំនើបកម្មយោធា និងអភិបាលកិច្ចល្អ រដ្ឋបាលសាធារណៈស្អាតស្អំ ចៀសវាងអំពើពុករលួយ ការបែកបាក់ផ្ទៃក្នុងជាតិ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! វាជាការផុយស្រួយ និងហានិភ័យ បើយើងមិនមានចក្ខុវិស័យឲ្យវែងឆ្ងាយ ក្នុងការដែលយើងដើរនៅក្នុងនយោបាយនៃប្រទេសជាតិមួយ ត្រូវការភាពរឹងមាំនៃសេដ្ឋកិច្ច ទំនើបកម្មយោធា ទៅនឹងនយោបាយការបរទេស ការទូត ។ អ៊ីចឹងហើយ គឺជាឱកាសសម្រាប់កម្ពុជា ចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាព ដែលវាមិនមែនជារឿងការខាតបង់ ឬក៏រឿងរងនូវសម្ពាធឥទ្ធិពលនយោបាយនៃមហាអំណាចអាមេរិក ឬក៏ចិន ឬក៏ប្រទេសជិតខាងណាទេ ក្រៅរដ្ឋធម្មនុញ្ញ ធានានូវអធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ដែលយើងត្រូវរៀនរស់ ម្ចាស់ការដោយខ្លួនឯង ។ អ៊ីចឹងហើយ ភូមិសាស្រ្តនយោបាយនេះ គឺថាបើយើងមិនប្រយ័ត្នប្រយែង មិនមានភាពឆ្លាតវៃកែច្នៃនៃនយោបាយការបរទេស ទៅនឹងបញ្ហានៃភាពខ្លាំងរឹងមាំរបស់ខ្លួនទេ យើងនឹងមានបញ្ហា ដូចជាបញ្ហាសង្រ្គាម ការរំលោភឈ្លានពានពីសំណាក់ប្រទេសជិតខាង មានន័យថា សត្រូវបរទេស ។ អ៊ីចឹងហើយ ការចូលនេះ វាមិនមែនជាការខាតបង់ទេ ព្រោះយើងចូល ៣ឆ្នាំ បានគេឲ្យយើងបង់ ១ពាន់លានដុល្លារ សម្រាប់ជាសមាជិកអចិន្រ្តៃយ៍ ជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព របស់ដូណាល់ ត្រាំ ហើយយើងជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ទៅទៀត ដែលទទួលនូវកាតព្វកិច្ចជាប្រទេសស្មើមុខស្មើនៃពិភពលោក“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺជាផ្អែកមួយ ដែលយើងនៅជាមួយនឹងសមាជិកនៃប្រទេស ១៩៣ តែនេះជាតម្រូវការនៃក្រុមប្រឹក្សាសន្តិភាពមួយ ដើម្បីការពារហានិភ័យ គ្រោះថ្នាក់របស់យើង ទៅនឹងប្រទេសសៀម ដែលកំពុងតែឈ្លានពានអធិបតេយ្យ បូរណភាពទឹកដី ។ អ៊ីចឹងចង់មិនចង់ យើងត្រូវតែរកនូវអ្វីជាយន្តការអន្តរជាតិមួយ ច្បាប់អន្តរជាតិមួយ ហើយនិងសក្ដានុពលនៃនយោបាយការបរទេសរបស់យើង ចៀសវាងហានិភ័យកើតឡើង ព្រោះយើងដឹងហើយថា ប្រទេសសៀម គឺជាសម្ព័ន្ធមិត្តយោធាជាមួយសហរដ្ឋអាមេរិក ។ អ៊ីចឹងយើងមិនចង់បានសង្រ្គាម យើងចង់បានសន្តិភាព ជាសន្តិភាពមួយដែលយើងត្រូវទប់ទល់នូវការរំលោភឈ្លានពានពីសំណាក់សត្រូវបរទេស គឺរដ្ឋបរទេសណាមួយ ដោយយើងអត់ចង់ឃើញអរិភាព អត់ចង់ឃើញសង្រ្គាមនៅតាមព្រំដែន បង្កើតនូវអសិ្ថរភាព បង្កើតនូវវិបត្តិសេដ្ឋកិច្ច បង្កើតនូវឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មមនុស្សធម៌ ជាដើម ។ អ៊ីចឹងហើយ ខ្ញុំថាជារឿងល្អ ដែលកម្ពុជា ចូល ហើយមិនមែនជាការខាតបង់ទេ វាធ្វើឲ្យយើងមានស្មារតីជាតិ ធ្វើឲ្យយើងរឹងមាំ ក្នុងការទប់ស្កាត់ទៅនឹងការការពារអធិបតេយ្យ និងបូរណភាពទឹកដី“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងខ្ញុំថា នេះវាជារឿងល្អ ដែលកម្ពុជា ត្រូវមើលនូវភូមិសាស្រ្តនយោបាយ ត្រូវទប់ស្កាត់ ត្រូវការពារ ត្រូវបង្ហាញភាពរឹងមាំ ប្រទេសតូច តែយើងរឹងមាំសេដ្ឋកិច្ច យើងម្ចាស់ការ យើងឯកភាពផ្ទៃក្នុងជាតិ យើងពង្រឹងនូវទំនើបកម្មយោធា យើងធ្វើយ៉ាងម៉េចឲ្យមានអភិបាលកិច្ចល្អ និងរដ្ឋបាលសាធារណៈ ចៀសវាងអំពើពុករលួយ ចៀសវាងការបែកបាក់ផ្ទៃក្នុងជាតិ ។ អ៊ីចឹងអាហ្នឹងហើយជារឿងដែលយើងត្រូវមើលប្រទេសយើងទៅ ៥០ឆ្នាំទៀត ១០០ឆ្នាំទៀត តើកម្ពុជា រឹងមាំបែបៗណា? វានៅលើកត្តាដូចខ្ញុំបានបញ្ជាក់ខាងលើនេះ ។ នេះជាចំណុចដែលខ្ញុំមើលឃើញពីបញ្ហាដែលយើងចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាព របស់ដូណាល់ ត្រាំ ដើម្បីដោះស្រាយនូវបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ា នៅអឺរ៉ុបខាងកើត នៃអ៊ុយក្រែន និងរុស្ស៊ី ក៏ដូចជាសង្រ្គាមភូមា-ថៃ សង្រ្គាមរវាងកម្ពុជា-សៀម អីជាដើម សុទ្ធតែជាចំណុចដែលយើងត្រូវតែប្រុងប្រយ័ត្ន ហើយយើងអាចធ្វើឲ្យស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំ ទាំងព្រះមហាក្សត្រ ខាងផ្នែកពុទ្ធចក្រ អាណាចក្រអី យើងរួមគ្នាទៅ យើងអាចធ្វើសម្បទាន ឬក៏បដិភាគថវិកា ដើម្បីបង្ហាញនូវការសាមគ្គី បង្ហាញនូវចំណូលថវិកាបដិភាគរួមគ្នាហ្នឹង ទៅបង់នៅក្នុងក្រុមប្រឹក្សាសន្តិភាព របស់ដូណាល់ ត្រាំ ដើម្បីយើងទប់កុំឲ្យមានសង្រ្គាម កុំឲ្យមានបញ្ហាជាមួយនឹងប្រទេសជិតខាង ដោយសារប្រើឥទ្ធិពលអំណាចយោធា ឬក៏ឥទ្ធិពលសេដ្ឋកិច្ច ដែលធ្វើឲ្យយើងក្លាយជាប្រទេសមួយទន់ខ្សោយ តូច ល្អិត ពិបាកនៅក្នុងការពង្រឹងសមត្ថភាពទប់ជាមួយនឹងប្រទេសដែលគេមានមាឌធំផ្នែកសេដ្ឋកិច្ច ផ្នែកយោធា ទំនើបកម្មគេគ្រប់សព្វបែបយ៉ាង នៃការធ្វើសកម្មភាពណាដែលចង់បំពានប្រទេសអធិបតេយ្យភាពតូចមួយ ដែលទន់ខ្សោយ ដែលក្រ ដែលមិនមានភាពរឹងមាំនៅក្នុងផ្នែកសេដ្ឋកិច្ច ក៏ដូចជាទំនើបកម្មយោធា អីជាដើមហ្នឹង“ ។
ស្របនឹងការលើកឡើងរបស់ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ខាងលើនេះ អ្នកឃ្លាំមើល អ្នកវិភាគ អ្នកជំនាញភូមិសាស្រ្តនយោបាយ និងគណបក្សនយោបាយសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) យល់ថា ក្រៅពីការចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព របស់លោកដូណាល់ ត្រាំ ការធ្វើទំនើបកម្មយោធា គឺជារឿងចំបាច់បំផុត ដែលកម្ពុជា ត្រូវគិតគូរ ក្នុងខណៈដែលប្រទេសយើងកំពុងទទួលរងការឈ្លានពានពីប្រទេសជិតខាង ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា ជាការពិត កម្ពុជា ត្រូវតែធ្វើទំនើបកម្មវិស័យយោធា ដែលមានដូចជា ពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀត ពង្រឹងសម្ភារៈយោធា និងពង្រឹងជីវភាពកងទ័ព ហើយក្រៅពីធ្វើទំនើបកម្មយោធា កម្ពុជា ក៏ត្រូវតែប្រើមធ្យោបាយការទូត ដើម្បីដាក់សម្ពាធថៃ ឲ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ កន្លងទៅ ព្រមទាំងឲ្យថៃ ដកថយចេញពីទឹកដីកម្ពុជា ដែលខ្លួនបានឈ្លានពានកាន់កាប់ដោយខុសច្បាប់ ដោយកម្លាំងប្រដាប់អាវុធ និងក្រោយមានបទឈប់បាញ់ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ។

លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ជាការពិត កម្ពុជា ត្រូវតែធ្វើទំនើបកម្មវិស័យយោធាហ្នឹងឯង ហើយជាចាំបាច់ខ្លាំងណាស់ ការធ្វើទំនើបកម្មនេះ ។ ទំនើបកម្មវិស័យយោធា ជាក់ស្ដែង ដូចជាពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀត ពង្រឹងសម្ភារៈយោធា សម្ភារៈសឹក ហើយនិងពង្រឹងជីវភាពកងទ័ព ប្រាក់ខែ ប្រាក់ថ្ងៃ ប្រាក់ឧបត្ថម្ភអី ត្រូវឲ្យពួកគាត់ដល់ៗដៃ មិនត្រូវកាត់ មិនត្រូវកង មិនដកទេ អាហ្នឹងក្នុងន័យហ្នឹង ។ អ៊ីចឹងយ៉ាងហោចណាស់ក៏យើងលើកជូន ៣ចំណុច ដែលបញ្ជាក់ជូនអម្បាញ់មិញ ៖ ទី១ គឺសមត្ថភាពកងទ័ព ត្រូវតែពង្រឹង។ ទី២ សព្វាវុធហ្នឹង ត្រូវតែធ្វើទំនើបកម្មដែរ ទិញចូលយ៉ាងណាយ៉ាងណី អាហ្នឹងជារឿងរបស់រដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរ ។ ចំណែកឯទី៣ គឺត្រូវពង្រឹងជីវភាពកងទ័ពដែរ ។ អ៊ីចឹងក្នុងរឿងនេះ ក្រៅពីពង្រឹងវិស័យកងទ័ព គឺកម្ពុជា ត្រូវតែដាក់គោលដៅលើការទូត និយាយអីខ្លះពីបញ្ហាដែលកើតឡើងកន្លងទៅ សៀមឈ្លានពានកម្ពុជា ហើយបន្តឈរជើងក្នុងទឹកដីកម្ពុជា ហ្នឹង ហើយត្រូវធ្វើរបាយការណ៍លម្អិត ជូនទៅដល់ភាគីអន្តរជាតិដទៃៗទៀត ឲ្យគេដឹងលម្អិតពីស្ថានភាពរបស់កម្ពុជា ហើយត្រូវតែប្រើមធ្យោបាយការទូតហ្នឹង ដាក់សម្ពាធថៃ ឲ្យថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ កន្លងទៅ ព្រមទាំងឲ្យថៃ ដកថយចេញពីទឹកដីកម្ពុជា ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ មានសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង១៩០៧ អីហ្នឹង“ ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលជំនាញខាងភូមិសាស្រ្តនយោបាយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលដែលប្រទេសថៃ ឈ្លានពានកម្ពុជា ឬកាលៈទេសៈដែលកម្ពុជា ចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព របស់លោកដូណាល់ ត្រាំ ការធ្វើទំនើបកម្ម និងកែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យការពារជាតិ មានភាពចាំបាច់បំផុត ពីព្រោះបរិបទពិភពលោកនេះ គឺជាបរិបទត្រូវឲ្យយើងធ្វើទំនើបកម្ម ជាប្រចាំ ហើយច្បាស់លាស់ ប្រាកដប្រជា ដោយមិនអល់អែកឡើយ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “បាទ! ការធ្វើទំនើបកម្មយោធា រួមទាំងកំណែទម្រង់ស៊ីជម្រៅលើវិស័យការពារជាតិ គឺមានភាពចាំបាច់បំផុត គ្រប់កាលៈទេសៈទាំងអស់ មិនថាកាលៈទេសៈដែលប្រទេសថៃ ឈ្លានពានកម្ពុជា ឬកាលៈទេសៈដែលកម្ពុជា ចូលជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាព របស់លោកដូណាល់ ត្រាំ ទេ គឺកាលៈទេសៈណាក៏ដោយ គឺការធ្វើទំនើបកម្ម និងកែទម្រង់ស៊ីជម្រៅ នៅក្នុងវិស័យការពារជាតិ គឺមានភាពចាំបាច់បំផុត ពីព្រោះបរិបទពិភពលោកនេះ គឺជាបរិបទត្រូវឲ្យយើងធ្វើទំនើបកម្មជាប្រចាំ ហើយច្បាស់លាស់ ប្រាកដប្រជា ដោយមិនអល់អែកឡើយ ។ អំណឹះតទៅ គឺវិស័យការពារជាតិ ត្រូវតែធ្វើទំនើបកម្ម និងកែទម្រង់ស៊ីជម្រៅ ដោយមិនអល់អែក“ ។

ដោយឡែក លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ថា ការធ្វើទំនើបកម្មវិស័យយោធា ទាំងជើងទឹក ជើងគោក ជើងអាកាស វាជារឿងមួយចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា ពីព្រោះការអភិវឌ្ឍ មិនអាចធានាស្ថិរភាពបានទេ បើសិនជាសមត្ថភាពយោធា និងវិស័យការទូតរបស់យើង នៅលើឆាកអន្តរជាតិ ខ្សោយ ។ ដូច្នេះទាំងវិស័យការទូត ទាំងវិស័យយោធា ចាំបាច់ត្រូវតែពង្រឹង ដើម្បីធានាឯករាជ្យ អធិបតេយ្យ និងសេដ្ឋកិច្ចជាតិរបស់យើង ។
លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ក្រៅតែពីការចូលជាសមាជិកស្ថាបនិកក្នុងក្រុមប្រឹក្សាសន្តិភាព របស់លោកដូណាល់ ត្រាំ ដែលជាយុទ្ធវិធីការទូតមួយ ធានាស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា របស់យើង វាល្អណាស់ទៅហើយ ក៏ប៉ុន្តែទាក់ទងជាមួយសំណួរថា តើកម្ពុជា គួរតែធ្វើទំនើបកម្មយោធាបន្ថែមទៀត ឬយ៉ាងណា ដើម្បីការពារខ្លួននោះ? គឺខ្ញុំយល់ឃើញថា ការធ្វើទំនើបកម្មយោធានេះ គឺយើងចាំបាច់ត្រូវតែធ្វើជាជំហាន ហើយការធ្វើនេះ យើងមិនមែនដើម្បីគំរាមកំហែងទៅកាន់ប្រទេសណាមួយនោះទេ គឺយើងធ្វើក្នុងបុព្វហេតុការពារខ្លួនយើងតែប៉ុណ្ណោះឯង ។ អ៊ីចឹងការធ្វើទំនើបកម្មយោធា ចាំបាច់ណាស់ ត្រូវតែធ្វើ ជាក់ស្ដែងរាជរដ្ឋាភិបាល សម្រេចនៅក្នុងការធ្វើកាតព្វកិច្ចយោធា នៅក្នុងឆ្នាំ២០២៦ នេះចាប់ផ្ដើមហើយ ហើយការបង្កើនថវិកាការពារជាតិ គុណនឹងបីនេះ គឺវាជាវិធីមួយ ដើម្បីធ្វើទំនើបកម្មជាជំហានៗដែរ ។ អ៊ីចឹងការធ្វើទំនើបកម្មវិស័យយោធា ទាំងជើង ជើងគោក ជើងអាកាសនេះ វាជារឿងមួយចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជាយើង ពីព្រោះការអភិវឌ្ឍ មិនអាចធានាស្ថិរភាពបានទេ បើសិនជាសមត្ថភាពយោធារបស់យើងខ្សោយ ហើយវិស័យការទូតរបស់យើង នៅលើឆាកអន្តរជាតិ ខ្សោយនោះ គឺយើងទៅមិនរួចនោះទេ ។ អ៊ីចឹងទាំងវិស័យការទូត ទាំងវិស័យយោធា ចាំបាច់ត្រូវតែពង្រឹង ដើម្បីធានាស្ថិរភាពជាតិរបស់យើង ធានាឯករាជ្យ ទាំងអធិបតេយ្យ ទាំងសេដ្ឋកិច្ច ធានាដំណើរការល្អ” ។

គួរបញ្ជាក់ថា នៅក្នុងកញ្ចប់ថវិកាជាតិ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់សរុបរហូតដល់ទៅ ១០ពាន់លានដុល្លារអាមេរិក លើសពីចំណូលជាតិ ដែលមានត្រឹមតែជាង ៨ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយថវិកាជាតិឆ្នាំនេះ ផ្តល់អាទិភាពខ្ពស់ដល់វិស័យការពារជាតិ ។
ក្រុមអ្នកជំនាញ បានលើកឡើងថា ការពង្រឹងសមត្ថភាពការពារជាតិ ដោយខ្លួនឯង វាជារឿងចាំបាច់សម្រាប់កម្ពុជា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរងការឈ្លានពានពីយោធាថៃ និងបញ្ហាភូមិសាស្រ្តនយោបាយសកល កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នេះ។ ដូច្នេះការបង្កើនការចំណាយលើវិស័យការពារជាតិនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះទេ ប្រសិនបើរដ្ឋាភិបាល ចេះប្រើប្រាស់យុទ្ធសាស្ត្រកាត់បន្ថយដើម្បីបង្កើន ពោលគឺកាត់បន្ថយមន្ត្រីលើសតម្រូវការ ហើយបង្វែរមកពង្រឹងសមត្ថភាពផលិតកម្ម និងការនាំចេញ។ អ្នកជំនាញ ពន្យល់ថា ការបង្កើនកញ្ចប់ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នៅឆ្នាំ២០២៦ របស់រដ្ឋាភិបាល គឺជារឿងដ៏ចាំបាច់មួយ ព្រោះវាជាមូលដ្ឋានសំខាន់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង។ ការចំណាយលើវិស័យការពារជាតិ ហាក់បីដូចជាចំណាយលើវិស័យសេដ្ឋកិច្ចដូច្នោះដែរ ព្រោះបើគ្មានសន្តិសុខជាតិ និងអធិបតេយ្យទឹកដីដ៏រឹងមាំទេ ក៏គ្មានអ្នកវិនិយោគណាហ៊ានមកបោះទុនដែរ។ សន្តិសុខជាតិ គឺជាគ្រឹះនៃទំនុកចិត្ត ដែលជំរុញឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដើរទៅមុខ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបនឹងការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយប្រកាសចូលរួមជាសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពរួចមក ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិនេះ។

ក្រុមប្រឹក្សាសន្តិភាព បានប្រកាសតាមគណនីបណ្តាញសង្គម របស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា « The Board of Peace welcomes Cambodia as a founding member of our growing international organization.» (ក្រុមប្រឹក្សាសន្តិភាព សូមស្វាគមន៍ប្រទេសកម្ពុជា ជាសមាជិកស្ថាបនិកនៃស្ថាប័នអន្តរជាតិ របស់យើង)។
ចំណែកស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ក៏បានយកសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិភាព មកផ្សព្វផ្សាយបន្ត តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃដដែលនោះផងដែរ៕ កុលបុត្រ