Thursday, January 29, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់១៦ម៉ឺនដុល្លារ ប៉ូលិសស្រី មេហៅសួរ

ស៊ីដាច់១៦ម៉ឺនដុល្លារ ប៉ូលិសស្រី មេហៅសួរ

ភ្នំពេញ ៖ លោកស្រីអនុសេនីយ៍ឯក (ស័ក្តិ៣) ឈុំ សុភារុណ ជាមន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខ ត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅមកធ្វើការសាកសួរ បន្ទាប់ពីមានការចោទប្រកាន់រឿងយកលុយ ចំនួន១៦ម៉ឺនដុល្លារ រត់ការឯកសារឱ្យជនជាតិចិនតៃវ៉ាន់ ចំនួន១០នាក់ តែមិនបានសម្រេច ហើយពុំព្រមប្រគល់លុយឱ្យគេវិញ។

យោងតាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ថា ថ្មីៗនេះ ក្រោយពីឃើញមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តា ញសង្គម ដែលមានខ្លឹមសារថា ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្ត្រីចរាចរណ៍ នៃអធិការនគរបាលខណ្ឌសែនសុខ រងការចោទប្រកាន់ថាបានទទួលយកលុយចំនួន ១៦ម៉ឺនដុល្លារ ដើម្បីរត់ការឯកសារឱ្យជនជាតិចិនតៃវ៉ាន់ ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។ បន្ទាប់មក ម្ចាស់ទាមទារយកលុយទាំងនោះមកវិញ តែមន្ត្រីនគរបាលចរាចរណ៍ខាងលើ មិនព្រមប្រគល់លុយទាំងនោះ មកម្ចាស់ដើមវិញនោះឡើយ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ។

ប្រភពដដែល បន្តថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ គឺត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ដើម្បីសាកសួរតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីយកលុយ ចំនួន១៦ម៉ឺនដុល្លារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ៕

RELATED ARTICLES