Wednesday, January 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអុជធូបបន់សុំក្តីសុខ ឆេះអាសនៈហ្មត់

អុជធូបបន់សុំក្តីសុខ ឆេះអាសនៈហ្មត់

ភ្នំពេញ ៖ អតីតមេភូមិម្នាក់ បានអុជធូបលើអាសនៈ សែនថ្ងៃសីល ស្រាប់តែបង្កជាអណ្តាតភ្លើង ឆាបឆេះផ្ទះវីឡា ជាន់ទី១ យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះខូចខាតអាសនៈ រួមនិងសម្ភារៈមួយចំនួន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ អស់១រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះវីឡា លេខ៣៣ ផ្លូវលេខ៦៨កា ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះវីឡា សង់ពីថ្មបេតុង មានទំហំ ៩ម៉ែត្រ គុណនឹង ១៦ម៉ែត្រ មានម្ចាស់ឈ្មោះមុំ សាន ហៅស ភេទប្រុស អាយុ៦៥ឆ្នាំ ជាអតីតមេភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើ បានអុជធូបសែនលើអាសនៈ ព្រោះថ្ងៃនេះ គឺជាថ្ងៃសីល ហើយគាត់ភ្លេចមើល ក៏បង្កជាអណ្តាតភ្លើង ឆាបឆេះសន្ធោសន្ធៅ និងមានផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅតែម្តង ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិ និងត្រូវបានអ្នកភូមិ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់អស់ជាច្រើនបំពង់ដែរ តែមិនរលត់ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ថែមថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ គឺជាប្រភេទផ្ទះវីឡាថ្មបេតុង ទំហំ ៩ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះខូចខាតហ៊ឹងសែនកុងម៉ា (អាសនៈ) ចំនួន១ឈុត និងសម្ភារៈមួយចំនួន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅម៉ោង៣រសៀល ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការអុជធូបលើអាសនៈ ដោយធ្វេសប្រហែស ទើបបង្កជាអគ្គិភ័យ។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES