Tuesday, January 27, 2026
Homeសង្គម និងជីវិតឪ៩០ឆ្នាំ ក្រស្លាប់ កូនចោលក្នុងចេតិយ

ឪ៩០ឆ្នាំ ក្រស្លាប់ កូនចោលក្នុងចេតិយ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ អាយុ៩០ឆ្នាំ ត្រូវបានកូនស្រីបង្កើត ដឹកតាមម៉ូតូកង់បី យកមកប្លុងចោលនៅក្នុងចេតិយប្រពន្ធរបស់គាត់ ស្ថិតក្នុងវត្តអង្គតាម៉ិញ រួចថតរូបផ្ញើចូលគ្រុបឆាត ប្រាប់បងប្អូនប្រុសស្រី ៤នាក់ទៀត ថា “អ្នកណាទំនេរ មកយកឪទៅផ្ទះផង…” បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចោមរោមមើល និងសម្តែងការហួសចិត្តនឹងទង្វើរបស់ស្ត្រីជាកូន ចំពោះឪពុកបង្កើតរបស់ខ្លួនបែបនេះ ដែល ទំនងជាស្ត្រីជាកូនរូបនេះ ធុញទ្រាន់នឹងការមើលថែឪពុកដែលអាយុវែង ក្រស្លាប់ពេក ទើបដឹកគាត់យកទៅទម្លាក់ចោលក្នុងចេតិយបែបនេះ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចចេតិយ មួយកន្លែង ក្នុងវត្តអង្គសិរីសោភា ហៅអង្គតាម៉ិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសចំណាស់ដែលត្រូវកូនស្រីបង្កើត ដឹកយកទៅទុកចោលក្នុងចេតិយនោះ មានឈ្មោះ ខៀវ ម៉ារឿន អាយុ៩០ឆ្នាំ មានកូនប្រុសស្រី ចំនួន៥នាក់។ សព្វថ្ងៃលោកតា រស់នៅជាមួយកូនស្រីទី៣ ឈ្មោះខៀវ ស៊ីនិត អាយុជាង៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីឈ្មោះ ខៀវ សាវី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅឯស្រុកគងពីសី ខេត្តកំពុងស្ពឺ ត្រូវជាកូនទី២ របស់លោកតា បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ប្អូនស្រីទី៣ របស់គាត់ ឈ្មោះខៀវ ស៊ីនិត បានដឹកឪពុក តាមម៉ូតូកង់បី ទៅទម្លាក់ចោលនៅក្នុងចេតិយរបស់ម្តាយបង្កើត នៅក្នុងវត្តអង្គតាម៉ិញ រួចហើយបានថតរូបឪពុក ផ្ញើតាមឆាតហ្វេសប៊ុក ចូលក្នុងគ្រុប ឱ្យបងប្អូនប្រុសស្រី ចំនួន៤នាក់ មើល រួចបានប្រាប់ថា “រូបគេបានដឹកឪពុក យកទៅទម្លាក់ចោលក្នុងចេតិយរបស់ម្តាយហើយ បើបងប្អូនណាទំនេរ ចាំជួយយកឪទៅផ្ទះផង”។

ស្ត្រីខាងលើ បន្តថា រហូតដល់ម៉ោងកើតហេតុខាងលើ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ខណៈពេលនោះ រូបគាត់ក៏បានទៅដល់ដែរ ហើយពុំឃើញមានកូនប្រុស ចំនួន៤នាក់ទៀត មកដល់កន្លែកើតហេតុនោះទេ។ ស្ត្រីរូបនេះ បញ្ជាក់ថា  ឪពុករបស់គាត់ សព្វថ្ងៃរស់នៅជាមួយប្អូនស្រីបង្កើត ទី៣ ឈ្មោះខៀវ ស៊ីនិត នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយសព្វថ្ងៃ ប្តីរបស់គាត់កំពុងឈឺជំងឺមហារីក នៅផ្ទះ អ៊ីចឹងហើយ រូបគាត់មិនអាចយកឪពុកម្នាក់ទៀត ទៅចិញ្ចឹមនៅផ្ទះរបស់គាត់បាននោះទេ។

តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា រហូតដល់ម៉ោង ១១យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កូនស្រីទី៣ ឈ្មោះ ខៀវ ស៊ីនិត បានយកម៉ូតូកង់បី មកដឹកឪពុកយកទៅផ្ទះវិញហើយ ក្រោយមានការរិះគន់ច្រើនពីមហា ជន។

ជុំវិញករណីខាងលើនេះ មិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួនកូនស្រីទី៣ របស់លោកតា ខៀវ ម៉ារឿន ខាងលើនៅឡើយ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES