ភ្នំពេញ ៖ ពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកអតីតឧកញ៉ាឡេង ចាន់ណា ប្រធានក្រុមហ៊ុនបុរីប៊្រីលានស៊ីធី បានប្រកាសស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ពន្លឿនរកយុត្តិធម៌ជូនពួកគាត់ ដោយពួកគាត់រៀបរាប់ថា រាល់ថ្ងៃ ពួកគាត់រងទុក្ខលំបាកវេទនាខ្លាំង រស់ដូចស្លាប់ បែកបាក់ប្ដីប្រពន្ធ គ្រួសារកូនចៅ លក់ស្រែចម្ការ ឡានម៉ូតូ ផ្ទះសម្បែង សត្វពាហនៈ គ្រឿងអលង្ការ ខ្ទេចខ្ទីគ្មានសល់អ្វីទេ ហើយក៏ធ្លាក់ខ្លួនឈឺធ្ងន់ អត់ លទ្ធភាពព្យាបាលជំងឺ បន្ទាប់ពីម្នាក់ៗបានចាញ់បោកអតីតឧកញ៉ាឡេង ចាន់ណា អស់ រាប់ម៉ឺនដុល្លារ ។ ដូច្នេះហើយ មានតែសម្ដេចនាយករដ្ឋមន្រ្តី ដែលអាចជួយដោះស្រាយបញ្ហាគម្រោងឧកញ៉ា ឡេង ចាន់ណា នេះបាន ពីព្រោះសំណុំរឿងនេះ ដូចជាយូរណាស់មកហើយ ខណៈពួកគាត់ជាជនរងគ្រោះ រាប់ពាន់គ្រួសារ មិនទាន់បានទទួលនូវយុត្តិធម៌ ។

លោកអៀរ សុផល ជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀត ដែលរងគ្រោះដោយសារការចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា បានសរសេររៀបរាប់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ស្នើទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយភ្ជាប់ជាមួយនូវប្រជាពលរដ្ឋរងគ្រោះ ធ្លាក់ខ្លួនឈឺ កំពុងដេកព្យាបាលជំងឺថា “ជាដំបូង ខ្ញុំបាទសូមគោរពដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយដោះស្រាយបញ្ហាគម្រោងឧកញ៉ា ឡេង ចាន់ណា ដល់យើងខ្ញុំ ជាជនរងគ្រោះ រាប់ពាន់គ្រួសារ ដោយសេចក្ដីអនុគ្រោះផង រាល់ថ្ងៃបច្ចុ ប្បន្ននេះ ជនរងគ្រោះមានការរងទុក្ខលំបាកវេទនាខ្លាំងមែនទែន រស់ដូចស្លាប់ មានអ្នកខ្លះទៀតក៏បែកបាក់ប្ដីប្រពន្ធ គ្រួសារកូនចៅ មានអ្នកខ្លះទៀត ក៏លក់ស្រែចម្ការ ឡាន ម៉ូតូ ផ្ទះសម្បែង គោក្របី ខ្សែក ខ្សែដៃ ខ្ទេចខ្ទីគ្មានសល់អ្វីនោះទេ ហើយក៏មានអ្នកខ្លះទៀត ក៏ធ្លាក់ខ្លួនឈឺធ្ងន់ អត់មានគ្មានលទ្ធភាពមើលជំងឺបន្តទៅមុខទៀត ដូចរូបភាពដែលបានបង្ហាញនេះឯង ពួកគាត់ម្នាក់ៗ ចាញ់បោកឧកញ៉ាឡេងចាន់ណា អស់រាប់ម៉ឺនដុល្លារ ក្នុងម្នាក់ៗ សព្វថ្ងៃនេះ រស់ទាំងវេទនា លំបាកខ្លាំងមែនទែន រកព្រឹក ខ្វះល្ងាច រកល្ងាច ខ្វះព្រឹក ឥឡូវនេះជនរងគ្រោះ ធ្លាក់ខ្លួនឈឺធ្ងន់មែនទែន ។ ដូច្នេះហើយ មានតែសម្ដេច នោះទេ ដែលអាចជួយដោះស្រាយបញ្ហាគម្រោងឧក ញ៉ា ឡេង ចាន់ណា បាន ពីព្រោះរឿងនេះ ដូចជាយូរណាស់មកហើយ ជនរងគ្រោះរាប់ពាន់គ្រួសារ មិនទាន់បានទទួលនូវយុត្តិធម៌នៅឡើយទេ។ ដូច្នេះហើយសូមសម្ដេច មេត្តាប្រោសត្រាប្រណីជួយស្រោចស្រង់ពួកយើងខ្ញុំ ជាជនរងគ្រោះ រាប់ពាន់គ្រួសារនោះផង ដោយសេចក្ដីអនុគ្រោះ សង្ឃឹមថា យុត្តិធម៌ នឹងមានសម្រាប់ជនរង គ្រោះទាំងអស់គ្នា ដែលមកចាញ់បោកក្រុមហ៊ុនបុរីប៊្រីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា នេះ…” ។

ក្រៅពីស្នើទៅនាយករដ្ឋមន្រ្តី លោក អៀរ សុផល តំណាងប្រជាពលរដ្ឋរងគ្រោះ ក៏ស្នើទៅតុលាការខេត្តសៀម រាប មេត្តាពន្លឿនឲ្យបានឆាប់ នូវសំណុំរឿងនេះផងដែរ ដោយលោកបានសរសេរថា “តើករណីសំណុំរឿងឧកញ៉ា ឡេង ចាន់ណា ហើយនិងបក្ខពួករបស់គ្នាគាត់ ដូចជាមានមេទ័ព ២៥រូប ជាដើម ដែលរួមគំនិតគ្នាឆបោកលុយប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ហើយនិងខេត្តសៀមរាប តើសាលាដំបូងខេត្តសៀមរាប អនុវត្តច្បាប់ ដោះស្រាយដល់ណាហើយ? ដូចជាស្ងប់ស្ងាត់ច្រៀប ចូលរយៈពេលជិតនឹងបីឆ្នាំមកហើយ។ ចំណែកឯជន រងគ្រោះរាប់ពាន់គ្រួសារ មិនទាន់បានទទួលនូវយុត្តិធម៌នៅឡើយទេ។ ដូច្នេះហើយ សូមតុលាការខេត្តសៀមរាប មេត្តាជួយពន្លឿនឲ្យបានឆាប់រហ័សផង ពីព្រោះរឿងនេះ ដូចជាយូរណាស់មកហើយ រាល់ថ្ងៃ បច្ចុប្បន្ននេះ ជន រងគ្រោះមានការធ្លាក់ខ្លួនឈឺធ្ងន់ រងទុក្ខលំបាកវេទនា ប្រឈមនឹងមុខបញ្ហាដោះស្រាយជីវភាពគ្រួសារ ដោយ សារតែជំពាក់បំណុលធនាគារ ដែលយកមកដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនបុរីប៊្រីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា នេះឯង“ ។

លោក អៀរ សុផល បានសរសេរបន្ថែមថា “ងាករេមកមើលរឿងឧកញ៉ា ឡេង ចាន់ណា ឆបោកលុយកាក់បងប្អូនប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ នៅខេត្តកំពង់ធំ ហើយនិងខេត្តសៀមរាប ទំហំទឹកប្រាក់ រាប់រយលានដុល្លារ ឯណេះវិញ ដូចជារក្សានូវភាពស្ងប់ស្ងាត់ឲ្យច្រៀបតែម្ដង រាល់ថ្ងៃនេះ ហត់ណាស់ តើគួរធ្វើយ៉ាងណា? បើដោះស្រាយក៏ដូចជាមិនដោះស្រាយអ៊ីចឹង? មួយណាក៏ដូចមួយណាដែរ តើឲ្យជនរងគ្រោះរាប់ពាន់គ្រួសារ ដែលចាញ់បោកឧកញ៉ា ឡេង ចាន់ណា ឲ្យទៅសង្ឃឹមរំពឹងអីទៀត? រាល់ថ្ងៃ បច្ចុប្បន្ននេះ ជនរងគ្រោះ រាប់ពាន់គ្រួសារ មានការជួបទុក្ខលំបាកវេទនាខ្លាំងមែនទែន ហើយក៏មានអ្នកខ្លះ ធ្លាក់ខ្លួនឈឺធ្ងន់ អត់មានលទ្ធភាពមើលជំងឺ បន្តទៅមុខទៀត រហូតទៅបាត់បង់ជីវិត ជាបន្តបន្ទាប់ ជាហូរហែ ហើយក៏មានអ្នកខ្លះទៀត ព្រាត់ប្រាសប្ដីប្រពន្ធ គ្រួសារ កូនចៅ លក់ស្រែចម្ការ ឡាន ម៉ូតូ ផ្ទះសម្បែង គោក្របី ខ្សែក ខ្សែដៃ ខ្ទេចខ្ទីគ្មានសល់អ្វីនោះទេ ដោយសារតែជំពាក់បំណុលធនាគារ ដែលយកមកដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនបុរីប៊្រីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា នេះឯង ។ ដូច្នេះហើយ សូមសាលាដំបូងខេត្តសៀមរាប មេត្តាជួយដោះស្រាយពន្លឿននូវសំណុំរឿងក្ដីឧកញ៉ា ឡេង ចាន់ណា ឲ្យបានឆាប់រហ័ស និងបញ្ចប់នៅខាងមុខនេះផងចុះ ពីព្រោះរឿងនេះ ដូចជាអូសអន្លាយឆ្ងាយមកហើយ គួរណាស់តែដោះស្រាយជូនពួកគាត់ជាជនរងគ្រោះទាំងអស់គ្នាទៅ ដើម្បីបិទនូវសំណុំរឿងនេះ កុំឱ្យមានការងើបឈរទាមទារតវ៉ានៅមុខតុលាការខេត្តសៀមរាប បន្តទៀត ដោយសេចក្ដីអនុគ្រោះបាទ សូមអរគុណ“ ។

គួររំលឹកថា លោកស្រី អតីតឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី ត្រូវបានចាប់ខ្លួន និងចោទ ប្រកាន់ពីបទ “ក្លែងបន្លំនិងការលាងលុយកខ្វក់“ ក្នុងខែមីនា ឆ្នាំ២០២៤។ អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានតុលាការចោទប្រកាន់ ចំនួនបីបទល្មើស រួមមាន បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាននិងបទសម្អាតប្រាក់ កាលពីខែមីនា ឆ្នាំ២០២៤ និងត្រូវបានបញ្ចប់គោរមងារ «ឧកញ៉ា» ភ្លាមៗ នៅពេលនោះ ក្រោយផ្ទុះរឿងឆបោកនេះ ប្រមាណមួយឆ្នាំ។ ប្រជាពលរដ្ឋ ជាង ១ម៉ឺន២ ពាន់នាក់ ទាំងក្នុងប្រទេស និងទាំងពលករនៅក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០លានដុល្លារ។

សំណុំរឿងរកស៊ីឆបោក ដ៏កក្រើកប្រទេសកម្ពុជា របស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី រយៈ ពេលជិត ៣ឆ្នាំមកនេះ តុលាការ បានត្រឹមតែចាប់ឃុំខ្លួននាយិកាក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា និងបក្ខពួក ប្រមាណ ១០នាក់ ដាក់ក្នុងពន្ធនាគារ។ បន្ថែមពីលើនេះ កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចព្យួរតំណែងអនុប្រធានអង្គភាពរបស់ខ្លួន និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា គឺលោក ស៊ាន បូរ៉ាត់ ព្រមទាំងព្យួរតំណែងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ស ថាវី ដោយសារជាប់ពាក់ព័ន្ធជាមួយសំណុំរឿងលោកស្រី ឡេង ចាន់ណា។
រយៈពេលជិតបីឆ្នាំ ចាប់តាំងពីត្រូវបានចោទប្រកាន់ថា បានឆបោកលុយរាប់លានដុល្លារ ក្នុងគម្រោងវិនិយោគដោយអតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ពលរដ្ឋរាប់ពាន់គ្រួសារ នៅ តែស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីសម្រាលបន្ទុកបំណុលរបស់ពួកគាត់ និងពន្លឿនរឿងក្តី ។ ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅតាមខេត្តផ្សេងៗ បាននាំគ្នាឡើងមករាជធានីភ្នំពេញ តវ៉ានិងដាក់ញត្តិនៅក្រសួងយុត្តិធម៌ និងក្រុមមេធាវីរដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ទៅតុលាការខេត្តសៀមរាប ឲ្យពន្លឿនដំណើរការសំណុំរឿងនេះ ឲ្យបានឆាប់ ដោយពួកគាត់អះអាងថា ការពន្យារពេលរកដំណោះស្រាយរបស់តុលាការខេត្តសៀមរាប ពីមួយឆ្នាំ ទៅមួយឆ្នាំ ធ្វើឲ្យកូនៗរបស់ពួកគាត់ មិនបានរៀនសូត្រ គ្រួសារបែកបាក់គ្នា និងខ្លះទៀតសម្លាប់ខ្លួន ដោយសារតែការជំពាក់បំណុលវ័ណ្ឌក។
ការធ្វើបាតុកម្មរបស់ពលរងគ្រោះ ១ថ្ងៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានធ្វើលិខិតជម្រាបមកលោកហុក វ៉ាន់ឌីណា ប្រធានសាលា ដំបូងខេត្តសៀមរាប ក្នុងកម្មវត្ថុ ៖ អំពីសំណើសុំជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៥២ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប និងយោង ៖ សំណើសុំអន្តរាគមន៍នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ របស់ឈ្មោះ រ៉ូន កើត, ឈ្មោះ ហាប ហៀម. ឈ្មោះ ហ៊ាង ហ៊ុន, ឈ្មោះ ហាក់ ណារ៉េត និងឈ្មោះ ស៊ុយ សុខខេង។

តបតាមកម្មវត្ថុនិងយោងខាងលើ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនលោកហុក វ៉ាន់ឌីណា ជ្រាបថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានទទួលការស្នើសុំអន្តរាគមន៍នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ របស់ឈ្មោះ រ៉ូន កើត, ឈ្មោះ ហាប ហៀម, ឈ្មោះ ហ៊ាង ហ៊ុន, ឈ្មោះ ហាក់ ណារ៉េត និងឈ្មោះ ស៊ុយ សុខខេង ដែលមានខ្លឹមសារស្នើសុំជំរុញនិងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥២ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ អាស្រ័យហេតុនេះ សូមលោកប្រធានតុលាការ ពិនិត្យនិងជំរុញចំណាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័សនិងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះ មកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធ នាការ។ ក្នុងករណីដែលមានឧបសគ្គ ឬបញ្ជា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត ៕ កុលបុត្រ