ខេត្តក្រចេះ ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបឡធ្យូង ១ទីតាំង ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃសម្បូណ៌ ខេត្តក្រចេះ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។


យោងតាមប្រភពក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ថា មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃសំម្បូណ៌ និងក្រុមល្បាតសហគមន៍អូរគ្រៀង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានធ្វើការចុះ ល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានបង្ក្រាប ករណីលួចបង្កើតឡកែច្នៃផលនិងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់ ១កន្លែង ដែលមានឡធ្យូង ចំនួន៣ឡ នៅចំណុចស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ។ ក្រុមការងារល្បាត មិន បានឃើញជនសង្ស័យ ដែលបង្កើតឡធ្យូង នៅកន្លែងកើតហេតុទេ។


សូមបញ្ជាក់ថា ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ យកមកធ្វើអាជីវកម្មខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជម្រកសត្វព្រៃ នៅក្នុងតំបន់៕
