Saturday, January 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញជនជាតិកូរ៉េ និងភូមា ជាង២០០នាក់ ចេញពីកម្ពុជា

បណ្តេញជនជាតិកូរ៉េ និងភូមា ជាង២០០នាក់ ចេញពីកម្ពុជា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបណ្តេញជនបរទេស ចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូង ចំនួន៧៣នាក់ និងភូមា ចំនួន១៣៦នាក់ ចេញពីប្រទេសកម្ពុជា ដើម្បីឱ្យរដ្ឋា ភិបាលរបស់ពួកគេអនុវត្តនីតិវិធីបន្ត។

ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួន នាពេលកន្លងមក។ នេះមិនមែនជាលើកទី១ ទេ ដែលកម្ពុជា បានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូង ទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥ កន្លងមក កម្ពុជា ក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន២៤៤នាក់ ទៅប្រទេសគេផងដែរ។

ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាតដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង ឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

គួររម្លឹកថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញជន បរទេស សរុបចំនួន ១៦២០នាក់ មាន ២១សញ្ជាតិ ដូចជា ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមា ជាដើម។

ក្នុងប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស រយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យ ចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញ ចំនួន៤៥៣៤នាក់។

ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់ លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោងនិងបក្ខពួក ចំនួន១៧២នាក់ផងដែរ។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចចម្រុះ ទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹង បំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ ពាក់ ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES