Friday, January 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសក្លែងក្លាយ គាបស៊ីចំអធិការរង ជាប់ខ្នោះ៤

ប៉ូលិសក្លែងក្លាយ គាបស៊ីចំអធិការរង ជាប់ខ្នោះ៤

ភ្នំពេញ ៖ សមត្ថកិច្ចក្លែងក្លាយ ១ក្រុម ដែលតែងធ្វើសកម្មភាពស្ទាក់ឃាត់ គាបស៊ីអ្នកដំណើរនៅពេលយប់ ត្រូវបានអស់លក្ខណ៍ ក្រោយពីក្រុមជនសង្ស័យទាំងនេះ បានស្ទាក់ឃាត់ប៉ះចំលោកអធិការងខណ្ឌពោធិ៍សែនជ័យ ម្នាក់ ដែលស្លៀកពាក់ស៊ីវិល កំពុងធ្វើដំណើរតាមផ្លូវ ក៏ត្រូវលោកអធិការរង ទាក់ទងទៅកម្លាំងជំនាញ ចុះបង្ក្រា ប ក្របួចជនសង្ស័យ សរុបចំនួន៤នាក់ និងដកហូតបានម៉ូតូ ៣គ្រឿង ក្នុងនោះ ១គ្រឿង មានពាក់ស្លាកលេខ នគរបាល។

ការបង្ក្រាបក្រុមប៉ូលិសក្លែងក្លាយនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៉ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីលោកអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ មានក្រុមសមត្ថកិច្ចក្លែងក្លាយ ១ក្រុម ស្លៀកពាក់ស៊ីវិល មានគ្នា ចំនួន៤នាក់ ជិះម៉ូតូ ចំនួន៣គ្រឿង ពាក់កាត CID មកឈប់ឃាត់រូបគាត់ នៅចំណុចក្បែរស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៉ី។

លោកអធិការង បានបន្តថា នៅពេលនោះ គាត់បានប្រាប់ទៅកាន់ក្រុមសមត្ថកិច្ចក្លែងក្លាយទាំងនោះថា “ខ្ញុំ គឺជាអធិការងខណ្ឌពោធិ៍សែនជ័យ” តែពួកគេមិនជឿ ព្រមទាំងស្រែកសម្លុតគាត់ ទើបភ្លាមៗនោះ មានកម្លាំងសមត្ថ កិច្ចក្នុងមូលដ្ឋាន បានចុះមកដល់ ធ្វើការឃាត់ក្រុមប៉ូលិសក្លែងក្លាយទាំងនេះ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ភ្លាមៗតែម្តង។

បន្ទាប់ពីឃាត់ខ្លួនក្រុមសមត្ថកិច្ចក្លែងក្លាយរួចមក លេចមុខបុរសជាជនរងគ្រោះម្នាក់ ដែលធ្លាប់ត្រូវបានក្រុមប៉ូលិសក្លែងក្លាយទាំងនេះ បន្លំគាបស៊ីលុយ អស់ជាង៣០០ដុល្លារ កាលពីពេលកន្លងមក ក៏បានធ្វើដំណើរទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹងបន្ថែមទៀតផងដែរ។

ក្រុមសមត្ថកិច្ចក្លែងក្លាយ ដែលមានពាក់កាតព្រហ្មទណ្ឌ (CID) ឬគេហៅថា (កូនខ្លា) ខាងលើ ត្រូវបានសមត្ថ កិច្ចធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES