Friday, January 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងម៉ាស្សាស្រួល ៦ ឃាត់ខ្លួនស្រីក្មេងនិងម្ចាស់ហាង

បង្ក្រាបហាងម៉ាស្សាស្រួល ៦ ឃាត់ខ្លួនស្រីក្មេងនិងម្ចាស់ហាង

ភ្នំពេញ ៖ ទីតាំងម៉ាស្សា ចំនួន៦ទីតាំង ជាប់ៗគ្នា នៅម្តុំលូ៥ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឡោមព័ទ្ធ សង្ស័យបង្កប់សេវារកស៊ីជួញដូរផ្លូវភេទ។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សា ទាំង៦ទីតាំង បានធ្វើឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានបឋមពីកម្លាំងអាវុធហត្ថដែលចុះប្រតិបត្តិការដោយផ្ទាល់ បានឱ្យដឹងថា មុនចុះធ្វើការឡោមព័ទ្ធទីតាំងហាងម៉ាស្សាទាំងនេះ គឺកម្លាំងអាវុធហត្ថ បានទទួលដំណឹងតាមរយៈ HOTLINE ថា ទីតាំងម៉ាស្សា នៅម្តុំលូ៥ ខាងលើ មានបង្កប់សេវាកម្មបម្រើផ្លូវភេទ និងថែមទាំងមានអនីតិជនទៀតផង។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងអាវុធហត្ថ បានឆ្មក់ចុះធ្វើការឡោមព័ទ្ធទីតាំងម៉ាស្សា ទាំង ៦ទីតាំងតែម្តង។

ក្រោយចុះឡោមព័ទ្ធ កម្លាំងអាវុធហត្ថបានធ្វើការនាំខ្លួនម្ចាស់ទីតាំងម៉ាស្សាខាងលើ រួមទាំងនារីបម្រើការនៅក្នុងហាងនោះ មួយចំនួន ទៅកាន់ការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES