Friday, January 23, 2026
Homeព័ត៌មានជាតិ ក្រសួងវប្បធម៌ តវ៉ាប្រឆាំងសកម្មភាពថៃ ឈ្លានពានបំផ្លាញ កាន់កាប់ប្រាសាទតាក្របី

 ក្រសួងវប្បធម៌ តវ៉ាប្រឆាំងសកម្មភាពថៃ ឈ្លានពានបំផ្លាញ កាន់កាប់ប្រាសាទតាក្របី

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានា ដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ និងតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រា សាទតាក្របី ទាំងសកម្មភាពផ្ទាល់ មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រា សាទ ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកសកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុង ទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាន នៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។

សេចក្តីថ្លែងការណ៍ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សម្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ស្របតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាចំពោះការរំ លោភបំពានរបស់ថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់ មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជិតប្រាសាទ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះ ទទួលរងការបាញ់បំផ្លាញ ពីយោធាថៃ ស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈ ទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា តាំងពីដើមរៀងមក។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធ របស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកថា សកម្មភាពឈ្លានពាននេះ គឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាន នៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្មើភាគីថៃ បញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧»៕ ខៀវទុំ

RELATED ARTICLES