Wednesday, January 21, 2026
Homeតារាខ្មែរឈិត  សុវណ្ណបញ្ញា ច្រៀងភ្លេងការ

ឈិត  សុវណ្ណបញ្ញា ច្រៀងភ្លេងការ

ភ្នំពេញ ៖ អតីតតារាចម្រៀងហង្សមាស ឈិត សុវណ្ណបញ្ញា បានចេញមុខច្រៀងភ្លេងការ លើកដំបូងរបស់ខ្លួន កាលពីពេលថ្មីៗនេះ ដោយចាប់ដៃជាមួយតារាចម្រៀងភ្លេងការលោក ខាំ សូនាង ។ បទ «ស្រណោះផ្ការាំង» និង «រាំវង់អង្គរ» ធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើល ព្រោះអ្នកអង្គុយបត់ជើងក្នុងឈុតប្រពៃណីខ្មែរ ក្បែរលោក សូនាង គឺជា សុវណ្ណបញ្ញា ដោយសារតែកន្លងមក គេធ្លាប់តែឃើញនាងច្រៀងចម្រៀងសម័យ តែឥឡូវច្រៀងបទប្រពៃណីវិញម្ដង ។

Fan សរសើរថា អតីតតារាចម្រៀងហង្សមាស រូបនេះ អាចច្រៀងបានគ្រប់ទម្រង់ ។ ប៉ុន្ដែគេមិនទាន់ឃើញសុវណ្ណបញ្ញា ចេញច្រៀងរោងការទី២ នោះទេ ហើយនាងក៏មិនខុសពីមាស សុខសោភា ដែរ គឺចុះពីលើឆាកតន្រ្ដី តែងតែរត់ទៅសមាធិ ស្លៀកពាក់ស ជាដូនជី តែមិនបានចុះទៅខេត្តឆ្ងាយៗ ដូចជា ភ្នំត្បែង នៅខេត្តព្រះវិហារ ដូចសោភា ទេ គឺសមាធិតែវត្តជិតៗ ក្នុងនោះមានវត្តនិគ្រោធវ័ន (វត្តគល់ទទឹង) ជាដើម ។

 ឈិត សុវណ្ណបញ្ញា បានផ្អាកឡើងឆាកតន្រ្ដី ៨ឆ្នាំ ដោយងាកទៅស្វែងយល់ពីព្រះធម៌ ស្លៀកសពាក់ស និងទទួលទានអាហារបួស ។ ប៉ុន្ដែកាលពីខែមីនា ឆ្នាំ២០២៥ នាងបានវិលមកកាន់ក្បាលមីក្រូ សាជាថ្មី នៅឆាកហង្សមាស និងប្រកាសចេញច្រៀងគ្រប់កម្មវិធីវិញ ព្រមទាំងផលិតបទចម្រៀងថ្មី និង Cover បទល្បីៗរបស់នាងទៀតផង ។ ដើម្បីឲ្យមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រឡើងវិញ សុវណ្ណបញ្ញា ក៏ត្រៀមធ្វើពិធីជួបជុំអ្នកគាំទ្រ (Fan Meeting) ផងដែរ នាពេលខាងមុខនេះ ព្រោះតាមរយៈការចាប់ផ្ដើមអាជីពចាស់ជាថ្មី សុវណ្ណបញ្ញា ត្រូវបាន Fan លើកទឹកចិត្តច្រើន។

គួរបញ្ជាក់ថា ក្រៅពីឈិត សុវណ្ណបញ្ញា តារាចម្រៀងសម័យដែលអាចច្រៀងភ្លេងការបាន មានដូចជា អ្នកនាង ខាត់ សុឃីម, ឱក សុគន្ធកញ្ញា, ចែម ស្រីល័ក្ខ, លោកខាំ សូនាង, គី សាវីន និងភឿន សុភាព ជាដើម ។ ចំពោះសុវណ្ណបញ្ញា គេជឿថា នាងនៅតែផ្ដោតលើការច្រៀងបទសម័យ ជាងបុរាណ ប៉ុន្ដែការសាកល្បងទម្រង់បុរាណរបស់នាងពេលនេះ អាចជាការធ្វើតេស្ដសមត្ថភាពរបស់ខ្លួន និងចង់បង្ហាញឲ្យគេឃើញថា ក្នុងនាមជាតារាចម្រៀងអាជីពម្នាក់ នាងអាចច្រៀងបត់បែនបានគ្រប់ទម្រង់ ក្នុងនោះមានទាំងបទភ្លេងការផងដែរ ។ ប្រភពថា សុវណ្ណបញ្ញា អាចនឹងចេញច្រៀងភ្លេងការទៀត ប្រសិនបើម្ចាស់កម្មវិធីនោះ ជាសាច់ញាតិរបស់ខ្លួន ឬជាអ្នករាប់អានជាមួយនាងស្និទ្ធស្នាល មានសំណូមពរឲ្យនាងបទប្រពៃណីបែបនេះទៀត។          

ឈិត សុវណ្ណបញ្ញា អាយុ៣៧ឆ្នាំ ធ្លាប់ច្រៀងឲ្យហង្សមាស ១១ឆ្នាំ និងថោន ជាង៥ឆ្នាំ ក៏បាត់មុខពីឆាកតន្រ្ដីទាំងស្រុង ឆ្នាំ២០១៧ ប៉ុន្ដែនាងរស់នៅហ៊ឺហា មានផ្ទះវីឡាប្រណិត និងជិះរថយន្ដថ្លៃៗ ផ្លាស់ប្ដូរជាបន្ដបន្ទាប់។ ប៉ុន្តែសុវណ្ណបញ្ញា មិនដែលបង្ហាញមុខគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ ។ តាមព័ត៌មានថា ក្រោយវិលរកឆាកតន្ត្រី ជិត១០ខែ សុវណ្ណបញ្ញា ក៏បានចេញច្រៀងតាមបណ្ដារកម្មវិធីជប់លៀង រៀបចំដោយក្រុមហ៊ុន Agency មួយចំនួនផងដែរ ពោលគឺនាងជ្រើសផ្លូវច្រៀងរកលុយផង ធ្វើសមាធិឲ្យចិត្តស្ងប់ កាន់សីល៥ ផងដែរ ៕

RELATED ARTICLES