ភ្នំពេញ ៖ បុរសជាជាងភ្លើងម្នាក់ ត្រូវចោរលួចម៉ូតូ បាត់២ថ្ងៃមកហើយ ស្រាប់តែក្រោយមក ឃើញមានគេបង្ហោះលក់ម៉ូតូរបស់ខ្លួន តាមបណ្តាញសង្គមហ្វេសប៊ុក នៅឯរាជធានីភ្នំពេញ ក៏ប្រើល្បិចធ្វើជាទៅរកទិញដល់ទីតាំងដាក់លក់ម៉ូតូនោះ រួចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះបូន ទិត្យបញ្ញា អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង មានលំនៅ ភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងស្នាក់នៅធ្វើការក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។ ជននេះ មានលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Brony Rider ក្នុងការបង្ហោះលក់ម៉ូតូផលចោរកម្មខាងលើ។

តាមប្រភពយុវជនជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ខ្លួនបានទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-7756 នៅក្នុងបន្ទប់ស្នាក់ នៅដោយចាក់សោកត្រឹមត្រូវ ប៉ុន្តែបន្ទប់ដេកនោះ អត់មានទ្វារទេ។ បន្ទាប់មក ខ្លួនដេកលក់ រហូតដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ទើបភ្ញាក់ ស្រាប់តែបាត់ម៉ូតូ ពេលនោះខ្លួនមិនបានប្តឹងសមត្ថកិច្ចឡើយ។
យុវជនជាម្ចាស់ម៉ូតូ បន្តថា បន្ទាប់មក ខ្លួនបានតាមរក ប៉ុន្តែមិនឃើញឡើយ លុះដល់វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មិត្តភក្តិរបស់ខ្លួនម្នាក់ បានប្រាប់ថា បានឃើញគេបង្ហោះលក់ម៉ូតូរបស់ខ្លួន តាមហ្វេសប៊ុក មួយ ឈ្មោះ Brony Rider ខណៈនោះ ខ្លួនបានបើកមើល ហើយបានស្គាល់ថា ពិតជាម៉ូតូរបស់ខ្លួនមែន ក៏បានប្រើល្បិចទាក់ទងទៅម្ចាស់គណនីហ្វេសប៊ុក នោះ ធ្វើជារកទិញម៉ូតូខាងលើ និងឱ្យជនសង្ស័យទម្លាក់ទីតាំង។

យុវជនជាម្ចាស់ម៉ូតូ បានឱ្យដឹងទៀតថា ក្រោយពីបានទៅដល់ទីតាំងលក់ម៉ូតូនោះ ក៏បានឃើញម៉ូតូរបស់ខ្លួននៅទីនោះមែន ហើយជនសង្ស័យ បានកាត់ថ្លៃលក់ ៥៥០ដុល្លារ បន្ទាប់មក ខ្លួនប្រាប់ថា ខ្វះលុយ សុំទៅដកលុយសិន រួចក៏ចាកចេញពីទីនោះ។ មួយសន្ទុះក្រោយមក ទើបត្រឡប់ទៅវិញម្តងទៀត រួចក៏ឃាត់ខ្លួនជនសង្ស័យអ្នកលក់ម៉ូតូរបស់ខ្លួនខាងលើ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមទី២ តែម្តង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាននិយាយថា មានមិត្តភក្តិរបស់ខ្លួនម្នាក់រស់នៅម្តុំវត្តស្លែង បានយកម៉ូតូ ១គ្រឿងនេះ មកឱ្យខ្លួន ជួយលក់ ដោយប្រាប់ថា ជាម៉ូតូដែលតុលាការលក់ឡាយឡុង អត់មានកាតគ្រីទេ។ ពេលនោះ ខ្លួនបានទទួលជួយដាក់លក់ឱ្យ ដោយមិនបានដឹងថាជាម៉ូតូចោរកម្មឡើយ ទើបខ្លួនហ៊ានថតបង្ហោះលក់បែបនេះ។ ចំណែកមិត្តភក្តិនោះ ប្រាប់ខ្លួនថា នៅសល់ម៉ូតូ ១គ្រឿងទៀត និងថាចាំយកឱ្យខ្លួនជួយលក់ឱ្យទៀតផង។

ដោយឡែកនគរបាលប៉ុស្តិ៍ចោមចៅទី២ មិនបានឃាត់ខ្លួនជនសង្ស័យរូបនេះ ដើម្បីស្រាវជ្រាវរកបក្ខពួកដែលជាអ្នកលួចម៉ូតូជនរងគ្រោះនោះទេ ដោយឱ្យភាគីទាំង២ សម្របសម្រួលគ្នាបញ្ចប់រឿងនៅក្រៅប៉ុស្តិ៍ ព្រោះជនរង គ្រោះ អត់មានពាក្យបណ្តឹងនៅឯក្រុងបាវិត ខេត្តស្វាយរៀង ឡើយ និងសម្រេចអត់ប្តឹងទេ គឺសុំយកតែម៉ូតូរបស់ខ្លួនវិញប៉ុណ្ណោះ៕