ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានទិញថ្នាំញៀន យកមករំលែកទុកលក់ និងថែមទាំងបានជួលជនសង្ស័យម្នាក់ទៀត ដែលនៅភូមិជាមួយគ្នា ឱ្យជួយដើរលក់ ជាថ្នូរនឹងការផ្តល់កម្រៃឬដោះដូរជាថ្នាំញៀនសម្រាប់ប្រើ ប្រាស់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ទាំង២នាក់ ព្រមទាំងដកហូតបានថ្នាំ ញៀន ចំនួន៦កញ្ចប់។

ករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់សារធាតុញៀននេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវកៅស៊ូលេខ 70B ស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឃុត ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅ ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម (មានសារធាតុញៀន) និងទី២-ឈ្មោះម៉ន សាមៀន ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម (មានសារធាតុញៀន)។ ចំពោះវត្ថុតាងចាប់យក រួមមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ice) ចំនួន៦កញ្ចប់ (៥កញ្ចប់តូច និង១កញ្ចប់មធ្យម) ទម្ងន់សរុប ៣,៤ក្រាម និងទូរស័ព្ទចំនួន២គ្រឿង។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីកម្លាំងស្រាវ ជ្រាវភ្លាម កម្លាំងអន្តរាគមន៍ស្រុកល្វាឯម បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ បានល្បាតនិងឃ្លាំមើល ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យ ឈ្មោះឃុត ចំរើន កំពុងដើរនៅចំណុចទីតាំងកើតហេតុខាងលើ ក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន៥កញ្ចប់តូច ដែលខ្លួនជា អ្នកកាន់លក់ឱ្យឈ្មោះម៉ន សាមៀន។
បន្ទាប់មកសមត្ថកិច្ច បន្តទៅឃាត់ខ្លួនឈ្មោះ ម៉ន សាមៀន និងបានរកឃើញថ្នាំញៀន ១កញ្ចប់មធ្យមបន្ថែមទៀត ដែលជនសង្ស័យបានទិញបន្តពីឈ្មោះហាន ស្ថិតនៅម្តុំព្រែកតាកែវ ស្រុកកៀនស្វាយ ក្នុងតម្លៃសាមសិបម៉ឺនរៀល (៣០០ ០០០រៀល) ដើម្បីយកមកប្រើប្រាស់ និង រំលែកលក់បន្តជាប្រចាំដោយឱ្យឈ្មោះឃុត ចំរើន ជួយលក់ឱ្យខ្លួន។
ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកឈ្មោះហាន ម្នាក់ទៀតដែលជាបក្ខពួក៕