Tuesday, January 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងម៉ែមិនឲ្យលុយជក់ថ្នាំញៀន វ៉ៃកម្ទេចផ្ទះ

ខឹងម៉ែមិនឲ្យលុយជក់ថ្នាំញៀន វ៉ៃកម្ទេចផ្ទះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ តែងប្រើប្រាស់ថ្នាំញៀនជាប្រចាំ និងឧស្សាហ៍អុកឡុក រករឿងក្រុមគ្រួសារ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ទៅអប់រំដែរ តែមិនព្រមកែខ្លួន លុះចុងក្រោយ សុំលុយម្តាយ យកទៅទិញថ្នាំញៀនប្រើប្រាស់ លុះម្តាយប្រាប់ថាអត់មានលុយ ក៏ផ្ទុះកំហឹង វាយកម្ទេចរបស់ទ្រព្យនៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់ ធ្វើឱ្យស្ត្រីជាម្តាយ ទ្រាំលែងបាន ក៏ប្តឹង សមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុស យកទៅចាត់ការតាមច្បាប់។ករណីកូនប្រុសសុំលុយម៉ែមិនបាន វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអេល ណាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ (មានសារធាតុញៀន)។ ចំណែកស្ត្រីរងគ្រោះជាម្តាយបង្កើត មានឈ្មោះកូប ម៉ៃសំ អាយុ៦៣ឆ្នាំ មុខរបរនេសាទ មានលំនៅ ភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។ ដោយឡែកទ្រព្យសម្បត្តិដែលរងការខូចខាត រួមមាន ទូកញ្ចក់១ កង្ហារ ២គ្រឿង ទ្វារផ្ទះ១ ទូទឹកកក ១គ្រឿង និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឱ្យដឹងថា កន្លងមក ជនសង្ស័យនេះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ប្រចាំថ្ងៃ និងតែងតែបង្កហិង្សាក្នុងគ្រួសារដោយវាយបំផ្លាញទ្រព្យសម្បត្តិ ជាញឹកញាប់។ ទោះបីជាអាជ្ញាធរធ្លាប់ហៅមកអប់រំណែនាំម្តង រួចមកហើយក្តី ក៏ជននេះ មិនព្រមកែខ្លួនឡើយ។ លុះដល់ព្រឹកថ្ងៃកើតហេតុ ដោយសារសុំលុយម្តាយ មិនបាន ជនសង្ស័យបានធ្វើសកម្មភាពវាយកម្ទេចសម្ភារៈក្នុងផ្ទះ ធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី ឱ្យចុះអន្តរាគមន៍ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សា វាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ បណ្តាលឱ្យបែកបាក់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES