Friday, January 16, 2026
Homeតារាខ្មែរនៅ សុនិតា លេងរឿង «សោកនាដកម្មភ្នំខ្មោច»

នៅ សុនិតា លេងរឿង «សោកនាដកម្មភ្នំខ្មោច»

ភ្នំពេញ ៖ នៅ សុនិតា បានវិលមករកអាជីពចាស់ម្ដងទៀត តាមរយៈភាពយន្ដរឿង «សោកនាដកម្មភ្នំខ្មោច» របស់ផលិតកម្មអិលឌី បន្ទាប់ពីនាងធ្លាប់ថតរឿងឲ្យផលិតកម្មមួយនេះកាលពីខែឧសភា ឆ្នាំ២០២៥ «អំពើអ្នក ជិតខាង» ក្រោយផ្អាកលេងរឿង អស់រយៈពេល ៧ឆ្នាំតាំងពីមានប្ដី លោកទិត ថាវរិទ្ធ និងកូនប្រុស១ អាយុជាង៦ឆ្នាំ ។

 នៅ សុនិតា ថ្លែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ថា តាមពិតអំឡុងពេលមានស្វាមី គឺលោកស្រី លែងទទួល ថតរឿងទៅហើយ ប៉ុន្ដែគ្រាន់តែឮថាគេហៅថតរឿងថ្មី ជារឿងបែបប្រវត្តិសាស្រ្ដ គឺគ្មានការអល់អែកចិត្តបន្ដិច ឡើយ ព្រោះយល់ថា ផលិតករមានឆន្ទៈ ហើយលោកស្រី បានឃើញផ្ទាល់ភ្នែកនូវការរៀបចំឧបករណ៍ផ្សេងៗ មានការសម្រិតសម្រាំង និងមិនឲ្យប្រាសចាកពីអ្វីជាការពិតឡើយ ខណៈលោកស្រី មានមោទនភាពក្នុងការមានមុខក្នុងខ្សែភាពយន្ដប្រវត្តិសាស្រ្ដមួយនេះ។

 តាមប្រភពថា នៅ សុនិតា ត្រូវបានថៅកែអិលឌី ឲ្យសម្តែងធំសំខាន់ ក្នុងភាពយន្ដរឿង «សោកនាដកម្មភ្នំខ្មោច» បើទោះជាមានប្ដីនិងកូន ១ក្ដី តែថៅកែ មិនហ៊ានទម្លាក់ឲ្យលេងតួតូចតាចទេ ព្រោះខ្លាចធ្លាក់កូដ ហើយត្រូវចុះទៅថតនៅតាមជូរភ្នំដងរែក ឋិតនៅខាងជើងប្រទេសកម្ពុជា ព្រំប្រទល់កម្ពុជា-ថៃ  និងតំបន់ភៀសសឹក តាមព្រំដែន ដោយផ្ទាល់ ។ ប៉ុន្ដែការបានធ្វើតួធំ នៅអិលឌី ២លើកនេះ របស់សុនិតា គេនៅមិនទាន់អាចសន្និដ្ឋានថា លោកស្រីអាចឡើងកូដដូចកាលនៅក្រមុំវិញឬយ៉ាងណាទេ តែបើរឿងថ្មីនេះ ផលិតករផលិតគុណភាពមិនដល់ នឹងធ្វើឲ្យកាន់តែធ្លាក់កូដជាមិនខាន ស្របពេលសុនិតា ក៏មិនហ៊ានលេងរឿងណាដែលមានឈុតឱបថើបរោល រាលដូចកាលនៅលីវឡើយ ព្រោះពេលនេះ លោកស្រីក្លាយជាជាជំទាវ ទៅហើយ បន្ទាប់ពីបានភ្ជាប់ស្នេហ៍ជា មួយលោកទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៨ ។ តារាវ័យ៣៦ឆ្នាំ រូបនេះ ក៏មានតំណែងធំដល់ទៅ២ នៅសមាគមសិល្បករខ្មែរ អាណត្តិទី៦ គឺជាអនុប្រធានសមាគមសិល្បករខ្មែរ និងប្រធានផ្នែកពិធីការ ។

សុនិតា ដែលបានវិលមករកភាពផ្អែមល្ហែមជាមួយប្ដីវិញ កាលពីខែឧសភា ឆ្នាំ២០២៣ នោះ ត្រូវបានមិត្តរួមអាជីព តែងតែជូនពរឲ្យបានកូនភ្លោះ នៅរាល់ពេលប្រារពខួបកំណើត តាំងពីក្លាយជាភរិយាលោកថាវរិទ្ធ ។ ប៉ុន្ដែគ្មានតារាណាម្នាក់ ហ៊ានឲ្យយោបល់និងជំរុញឲ្យគិតគួររឿងរៀបការជាមួយលោកថាវរិទ្ធ ឡើយ ព្រោះតាមព័ត៌មានថា បញ្ហានេះ បាល់នៅលើប្ដីដែលមានន័យថា បើប្ដីចង់រៀបការ ស្អែកគឺស្អែកហើយ លោកស្រីមិនអាចប្រកែកបាន ប៉ុន្ដែបើប្ដីមិនចង់ ទោះជារំអុកយ៉ាងណាក៏មិនអាចទៅរួចដែរ ។

គួរបញ្ជាក់ថា ក្រៅពីនៅ សុនិតា តារាដែលត្រូវបានគេហៅ «ជំទាវ» ប៉ុន្ដែនៅបន្ដអាជីពសិល្បៈ មានដូចជា លោកស្រី ហ៊ឹម ស៊ីវន, ចន ច័ន្ទលក្ខិណា និងឱក សុគន្ធកញ្ញា ជាដើម ។ ប្រភពថា ស្វាមីសុនិតា មិនហាមឃាត់ចំពោះការលេងសិល្បៈរបស់ប្រពន្ធឡើយ ពោលគឺនៅលើការសម្រេចចិត្តរបស់ប្រពន្ធ ស្របពេលដែលក្រោយផ្អាកថតសម្ដែង ជាច្រើនឆ្នាំ សុនិតា ក៏នៅតែលក់អីវ៉ាន់តាម Online ជាធម្មតា  ។

មជ្ឈដ្ឋានមហាជន សង្កេតឃើញថា នៅ សុនិតា ក្រោយពីក្លាយទៅជាប្រពន្ធលោកទិត ថាវរិទ្ធ និងត្រូវអ្នកឧកញ៉ា ម៉ៅ ចំណាន ឲ្យតំណែងធំនៅសមាគមសិល្បករខ្មែរ លោកស្រី ត្រូវបានតារាថ្មីៗគោរព ដែលផ្ទុយស្រឡះពីមុនពេលមានប្ដី ។ ប៉ុន្ដែបើសុនិតា មិនអាចអូសដៃប្ដី ឲ្យចូលរោងការ ហើយមិត្តភក្ដិគិតតែរុញឲ្យយកកូនភ្លោះ ទៀត នោះចំណងស្នេហា មិនទាន់មានសុវត្ថិភាឡើយ ព្រោះតាមព័ត៌មានថា លោកថាវរិទ្ធ ក៏មានស្រីក្មេងៗ ចង់ធ្វើជាជំទាវរបស់លោកដែរ បញ្ហានេះហើយដែលនាំឲ្យតារាកូន១ ធ្លាប់ឆេះដុំ ប្រចណ្ឌប្ដី កាលពីកាលពីឆ្នាំ២០២២ នាំឲ្យចំណងស្នេហានាងជាមួយលោកថាវរិទ្ធ បានឈានដល់រង្គោះរង្គើម្ដងរួចទៅហើយ រហូតកាលនោះ សុនិតា ធ្លាប់ចុះចេញពីផ្ទះវីឡាធំស្កឹមស្កៃ ទៅរស់នៅផ្ទះល្វែងយ៉ាងសាមញ្ញ នៅស្ពានគីឡូលេខ៩ នៅផ្លូវជាតិលេខ៦ ទៀតផង។ ប៉ុន្ដែពេលនេះ សុនិតា ដេកលើវីឡាធំស្កឹមស្កៃ នៅបុរីប៉េង ហួត (បឹងស្នោ) ដោយជិះរថយន្ដទំនើបៗ ដូចជា Ford Raptor, Range Rover និង Alphard ជាដើម ដូច្នេះរឿងដែលនៅមិនទាន់អាចធ្វើបានដូចស្រីផ្សេងទៀតនោះ គឺអាពាហ៍ពិពាហ៍ជាចំហ ៕

RELATED ARTICLES