ភ្នំពេញ ៖ ក្រោយពេលលោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុន Prince Group ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិន រួចមក នៅពេលនេះ មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍និងតាមដានចំពោះវាសនានាង លី តៃយុន ហៅអ៊ីវ៉ា (EVA) ប្រពន្ធហាយសូរបស់លោក ចេន ហ្ស៊ី (Chen Zhi) ថាតើនឹងទៅជាយ៉ាងណា ក្រោយពេលប្តីត្រូវចាប់ខ្លួន។

អ្នកប្រើប្រាស់បណ្តាញសង្គម នៅប្រទេសចិន បាននិងកំពុងចាប់អារម្មណ៍ចំពោះនាងអ៊ីវ៉ា (EVA) ភរិយាហាយសូ របស់លោកចេន ហ្ស៊ី ដែលធ្លាប់តែបង្ហាញនូវជីវភាពរស់នៅដ៏ប្រណីត (Chen Zhi) មានលុយរាប់ពាន់លាន ថាតើនឹងមានវាសនាបែបណា ទៅថ្ងៃមុខ ក្រោយពីស្វាមី ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបញ្ជូនទៅកាន់ប្រ ទេសចិន កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា លោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុន Prince Group ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ ខ្លួនបញ្ជូនទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។
តាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បានឱ្យដឹងថា នាង លី តៃយុន ហៅអ៊ីវ៉ា មានស្រុកកំណើតនៅខេត្តស៊ីឈួន ប្រទេសចិន បានរៀបការជាមួយលោក ចេន ហ្ស៊ី បន្ទាប់ពីលោកបានបង្កើតនិងពង្រីកអាជីវ កម្ម Prince Group នៅប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក អ៊ីវ៉ា បានបង្ហាញជាញឹកញាប់អំពីជីវភាពប្រណិត ហ៊ឺហារបស់ខ្លួន តាមរយៈរូបភាពនិងវីដេអូ តាមបណ្តាញសង្គម ដោយរួមមាន វិមានប្រណិត រថយន្តទំនើប សម្ភារៈប្រើប្រាស់ថ្លៃកប់ពពក និងការធ្វើដំណើរដោយយន្តហោះឯកជន ជាដើម។

ប្រភពដដែល បន្តថា ដំបូងឡើយ អ៊ីវ៉ា មិនបានបង្ហាញពីអត្តសញ្ញាណស្វាមីរបស់នាង ជាសាធារណៈឡើយ ដោយគ្រាន់តែអះអាងយ៉ាងអាថ៌កំបាំងថា ស្វាមីរបស់នាង មានទ្រព្យសម្បត្តិលើសមហាសេដ្ឋី ជែក ម៉ា (Jack Ma) ។ យ៉ាងណា បណ្តាញព័ត៌មានមួយចំនួន រួមទាំងអ្នកប្រើ ប្រាស់បណ្តាញសង្គម បានតាមដានរូបភាពនិងវីដេអូ ដែលអ៊ីវ៉ា បានបង្ហោះ បង្ហាញរូបថតជាច្រើនជាមួយលោក ចេន ហ្ស៊ី ដែលអាចបញ្ជាក់អត្តសញ្ញាណស្វាមីរបស់នាងបានថា គឺលោកចេន ហ្ស៊ី ។

ប្រព័ន្ធផ្សព្វផ្សាយចិន បានកត់សម្គាល់ឃើញថា ការបង្ហាញទ្រព្យសម្បត្តិរបស់អ៊ីវ៉ា បែងចែកជា៤ផ្នែក សំខាន់ៗ រួមមាន សម្លៀកបំពាក់ អាហារ លំនៅឋន និងការធ្វើដំណើរ។ ក្នុងនោះ អ៊ីវ៉ា រួមនិងកូនៗ (ប្រុស១ ស្រី១) តែងត្រូវបានគេឃើញស្លៀកពាក់នូវសេម្លៀកបំពាក់ម៉ាកល្បីៗ ដូចជា Dior, Hermes, Channel ខណៈដែលកា បូប និងគ្រឿងអលង្ការមួយចំនួន ត្រូវបានគេអះអាងថា មានតម្លៃដល់ទៅរាប់លានដុល្លារ។ ក្នុងនោះក៏មានព្យ៉ាណូមាស ១គ្រឿង ជាកាដូសម្រាប់កូនស្រី មានតម្លៃដល់ទៅជិត១លានដុល្លារ (USD 970,000) និងគ្រែមាស១ តម្លៃ ៦៩ម៉ឺនដុល្លារ (USD 690,000)។
ទោះបីជាយ៉ាងណា ក្រោយការចាប់ខ្លួនលោក ចេន ហ្ស៊ី និងស៊ើបអង្កេតលើបណ្តាញឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន អនាគតរបស់អ៊ីវ៉ា និងកូនៗរបស់នាង បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញសង្គមចិន ខណៈមនុស្សជាច្រើន បានដាក់ការសង្ស័យអំពីប្រភពទ្រព្យសម្បត្តិដែលអ៊ីវ៉ា ធ្លាប់អួតបង្ហាញ ថាតើអាចនឹងប្រឈមមុខនឹងផលប៉ះពាល់ខាងផ្លូវច្បាប់ដែរឬទេ?

មតិសាធារណៈមួយចំនួន បានលើកឡើងថា ករណីនេះ អាចក្លាយជាមេរៀនមួយ ស្តីពីហានិភ័យនៃការអួតបង្ហាញទ្រព្យសម្បត្តិ ភាពហ៊ឺហាតាមបណ្តាញសង្គម នៅពេលដែលបណ្តាញអាជីវកម្មនិងហិរញ្ញវត្ថុ ត្រូវបានអាជ្ញាធរតាមដាន និងបង្ក្រាប៕