Thursday, January 15, 2026
Homeព័ត៌មានជាតិរដ្ឋមន្ត្រី ជំរុញឱ្យបុគ្គលិកសុខាភិបាល ធ្វើការឱ្យក្លាយជាវីរជនក្នុងជំនាញ

រដ្ឋមន្ត្រី ជំរុញឱ្យបុគ្គលិកសុខាភិបាល ធ្វើការឱ្យក្លាយជាវីរជនក្នុងជំនាញ

ភ្នំពេញៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តជំរុញទឹកចិត្តដល់មន្ត្រីបុគ្គលិកសុខាភិបាលគ្រប់ៗរូប ត្រូវតាំងចិត្តធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្ត្រីសុខាភិបាលគ្រប់ ឋានានុក្រម ក្រោមឱវាទក្រសួង សុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ (Zoom) សរុបចំនួន ៣ ១៣៨នាក់។

ទន្ទឹមនឹងគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យការជ្រើសរើសបុគ្គលិកសុខាភិបាលក្នុងពេលខាងមុខ និងការដឹកនាំមន្ត្រីសុខាភិបាល ដែលកំពុងបម្រើការងារ ត្រូវធ្វើឡើងនៅក្នុងគោលដៅជំរុញឱ្យបុគ្គលិកសុខាភិ បាលទាំងអស់ អាចក្លាយទៅជាវីរជននៅក្នុងជំនាញរបស់បុគ្គលិកម្នាក់ៗ តាមរយៈការហ្វឹកហ្វឺន និងកែលម្អជាប្រចាំផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកយកចំណុចគន្លឹះនៃការកសាងគុណភាពបុគ្គលិក ដែលរួមមាន ៖

១-កសាងសមត្ថភាពបុគ្គលិកគ្រប់កម្រិត តាមរយៈធ្វើការផង រៀនផង និងរៀនពីអ្នកនៅជុំវិញផង និងរៀនពីកំហុសរបស់ខ្លួនឯងផង។ អង្គភាព ត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលជាប្រចាំ ដល់បុគ្គលិក។

២-យកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការគិតគូរពីសុខទុក្ខរបស់បុគ្គលិក ការបង្កើនសាមគ្គីភាពរវាងបុគ្គលិកដោយការជួយគ្នាទៅវិញទៅមក។

៣-កសាងគុណធម៌សម្រាប់បុគ្គលិក ដោយឱ្យបុគ្គលិកបើកចិត្តទូលាយ ទទួលយកការកែលម្អឥរិយាបថរបស់គេ និងផ្តល់ការបណ្តុះបណ្តាលជំនាញការងារមហាជន ដល់បុគ្គលិក។

៤-ជំរុញឱ្យបុគ្គលិកធ្វើការសកម្ម ដើម្បីទទួលបានលទ្ធផលជាមួយនឹងធនធានដែលមានក្នុងដៃ។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនសារបានពីការរៀបចំគោលនយោបាយថ្មីស្តីពីអង្គសុខាភិបាល ដែលជាឯកសារគតិយុត្តមួយ ផ្តល់តម្លៃបន្ថែមជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល៕

RELATED ARTICLES