Wednesday, January 14, 2026
Homeតារាខ្មែរសាត រស្មី ប្រតិកម្ម «ជិះក្របីចម្លងភក់»

សាត រស្មី ប្រតិកម្ម «ជិះក្របីចម្លងភក់»

ភ្នំពេញ ៖ អតីតតារាសម្ដែង សាត រស្មី បានប្រតិកម្មចំពោះអ្នកលេងទិកតុក ម្នាក់ បានហៅនាងថា «នារីជិះក្របីចម្លងភក់» ដែលសំដៅថា នាងធ្លាប់រៀបការជាមួយកីឡាករ ជៀសស្រួច ដើម្បីតែភាពល្បី ហើយចុងក្រោយ ទៅយកក្មួយប្រសាលោកព្រាប សុវត្ថិ លោកឆៃដា ពិសិដ្ឋ ។ រស្មី ចាត់ទុកថា ពាក្យនេះ មិនត្រឹមត្រូវឡើយ និងថា រឿងនេះនាងសែនហួសចិត្ត ព្រោះមិនដឹងថា អ្នកណាតោងអ្នកណាទេ ។

 សាត រស្មី ថ្លែងនៅលើបណ្ដាញសង្គម ទិកតុក នាពេលថ្មីៗនេះថា «មិនដឹងអ្នកណាតោងអ្នកណាឲ្យប្រាកដទេ  ព្រោះជំនាន់នោះ ខ្ញុំទើបតែអាយុ ១៥-១៦ឆ្នាំ អត់ទាន់ចូលសិល្បៈទេ ។ អ្នកនិយាយ ដឹងឲ្យច្បាស់សិន ខ្ញុំអាយុ ២០ឆ្នាំ ទើបខ្ញុំចូលសិល្បៈចា៎! អ្នកណាអ្នកបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ ? សងកេរ្ដិ៍ឈ្មោះខ្ញុំវិញម៉ោ ។ បើសិនខ្ញុំតោងគេល្បី ល្បីតាំងពីពេលអាយុហ្នុងហើយ មិនមែនល្បីទើបតែអាយុ ១៨-១៩ ទើបខ្ញុំសាងកេរ្ដិ៍ឈ្មោះដោយខ្លួនឯងទេចា៎! ចឹងមុនខម្មិន គិតឲ្យច្បាស់សិនចា៎»។

សាត រស្មី ចាត់ទុកថា ការដែលអ្នកលេងបណ្ដាញសង្គម នៅតែគាស់កកាយរំលឹករឿងចាស់នាង ថាជាអតីតប្រពន្ធជៀស ស្រួច នោះ នាំឲ្យប៉ះពាល់ដល់អារម្មណ៍ប្ដីថ្មីនាង ហើយពេលកូនស្រីនាងធំ ទៅរៀន អាចប៉ះពាល់ក្មេងដែរ។ នាងថា ពាក្យនេះ ប្រសិនបើនាងជានារីទន់ខ្សោយ ម៉្លេះចងកសម្លាប់ខ្លួនបាត់ទៅហើយ។ រស្មី ចាត់ទុកខ្លួនឯងថា ជានារីមានសំណាងដែរដែលរស់នៅជាមួយកីឡាករជៀស ស្រួច ត្រឹមតែ ២-៣ខែ ក៏លែងលះ ចប់គ្នា ដោយនាងថា កុំអីគេនៅធ្វើបាបលើនាងតទៅទៀត។ នាងថែមទាំងថា អ្នកដែលនិយាយថា ខ្លួនជាអតីតគូស្នេហ៍ជៀស ស្រួច នោះ សុទ្ធតែជាខួរក្បាលសៀម អ៊ីចឹងនាងជំរុញឲ្យអ្នកខម្មិនទាំងនោះ គួរតែទៅយកជៀស ស្រួច ទៅចុះ ហើយនាងមានតែជូនពរ ខណៈនាងសុំតែសុខ ចាប់ផ្ដើមជីវិតថ្មី ។ តារាកូន១ រូបនេះ ថែមទាំងដាក់សំណួរទៅអ្នកខម្មិនលើនាង និងមនុស្សទាំងឡាយ ឲ្យពិចារណាថា «តើមានមនុស្សស្រីឯណាចង់បាត់បង់ប្ដីល្អ?» ។

ចំណែកលោក ឆៃដា ពិសិដ្ឋ ដែលនៅក្បែរសាត រស្មី អានខម្មិនភ្ជាប់ឈ្មោះកីឡាករប្រដាល់ ជៀស ស្រួច ថាជាអតីតប្ដីនាងនោះ ពិសិដ្ឋ មិននិយាយអ្វីទាំងអស់ ខណៈដែលរស្មី ចាប់ផ្ដើមចេញមុខមាត់លើបណ្ដាញសង្គមវិញ ដោយលក់ផលិតផល Online ប៉ុន្ដែមិនវិលមករកអាជីពសម្ដែងជាថ្មីទេ ។ រីឯប្ដីនាង លោកឆៃដា ពិសិដ្ឋ លែងច្រៀងតាមឆាកតន្រ្ដីហើយ សព្វថ្ងៃ លោកធ្វើជាអ្នករាំ ប្រចាំរបស់លោកព្រាប សុវត្ថិ និងជួយលក់អាហារ នៅហាងបាយលោកសុវត្ថិ ផងដែរ ។

គួររំលឹកថា សាត រស្មី (គឹម រស្មី) មានព័ត៌មានថា គ្រោងរៀបការជាមួយលោក ឆៃដាពិសិដ្ឋ កាលពី២០២០ តែដំណឹងនេះបានស្ងប់ស្ងាត់ទៅវិញ។ រស្មី ធ្លាប់បានភ្ជាប់ពាក្យកីឡាករប្រដាល់ល្បីឈ្មោះ ជៀស ស្រួច កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៦ និងរៀបការនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ ប៉ុន្ដែបានចែកផ្លូវគ្នាវិញ នៅពាក់កណ្ដាលឆ្នាំដដែល ។ ក្រោយលែងប្ដី ជៀស ស្រួច មក រស្មី ត្រូវប៉ាន់សិល្បៈ ឆក់បានតំណែងតួឯក ជាបន្ដបន្ទាប់ និងចុងក្រោយ ឆក់បានទាំងបេះដូងក្មួយប្រសាលោកព្រាប សុវត្ថិ តែម្ដង។ លោកស្រី គង់ ចន្ធូ ម្ដាយក្មេកលោកព្រាប សុវត្ថិ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា ចៅប្រសាលោកស្រី មិនចង់ឲ្យគេរំលឹករឿងអតីតកាលទេ ។ ចំណែកលោកស្រី ឲ្យតែឃើញចៅប្រុសស្រី មានសុភមង្គលនោះ លោកស្រីមានក្ដីសុខហើយ ៕

RELATED ARTICLES