Sunday, January 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា ជំរុញឱ្យថៃ ដោះលែងអ្នកនេសាទ៤នាក់

កម្ពុជា ជំរុញឱ្យថៃ ដោះលែងអ្នកនេសាទ៤នាក់

ខេត្តកោះកុង ៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា កម្ពុជា កំពុងធ្វើការជាមួយថៃ ដើម្បីជំរុញឱ្យមានការដោះលែងមកវិញភ្លាម នូវអ្នកនេសាទ ចំនួន៤រូប ដែលកងទ័ពជើងទឹកថៃ ចាប់យកទៅ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅក្នុងដែនសមុទ្រកម្ពុជា។

លោកស្រី ឈី វ៉ា បានបញ្ជាក់បែបនេះ នៅក្នុងពេលជួបសំណេះសំណាលជាមួយប្រជានេសាទនៅក្នុងខេត្ត កោះកុង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

លោកស្រីអភិបាលខេត្តកោះកុង បានថ្លែងថា  “អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ថ្នាក់ កំពុងធ្វើការដោះស្រាយ ហើយសូមរក្សាការសម្ងាត់ព័ត៌មានមួយចំនួនដែលជាកិច្ចការជំនាញ។ នាងខ្ញុំសង្ឃឹមថា បងប្អូនទាំង៤នាក់ នឹងអាចវិលត្រឡប់មកលំនៅឋានវិញ ក្នុងពេលឆាប់ៗខាងមុខ នេះ។ សូមបងប្អូនមានទំនុកចិត្តនិងជឿជាក់លើការខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយើង”។

គួរបញ្ជាក់ថា កងទ័ពជើងទឹកថៃ នៅម៉ោង ១១ៈ៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានចាប់យកទូកនេ សាទប្រជាពលរដ្ឋខ្មែរ ១គ្រឿង   ដែលមានពលរដ្ឋខ្មែរ ចំនួន៤នាក់ កំពុងនេសាទនៅក្បែរឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្តៅជម្លោះ។

លោកស្រីអភិបាលខេត្តកោះកុង បានអំពាវនាវប្រជានេសាទ ត្រូវនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្ររបស់កម្ពុជា ដោយត្រូវចៀសវាងការចូលទៅនេសាទជ្រៅ ដែលអាចធ្វើឱ្យភាគីថៃចោទប្រកាន់ថា ប្រជានេសាទកម្ពុជា ចូលនេសាទក្នុងដែនគ្រប់គ្រងរបស់គេ។

លោកស្រី បានសង្កត់ធ្ងន់ដូច្នេះ “ក្នុងស្ថានភាពបែបនេះ សូមបងប្អូនចូលរួមទាំងអស់គ្នា កុំធ្វើអ្វីដែលបង្កឱ្យគេចោទប្រកាន់យើងបាន”។

ជាមួយគ្នានេះ លោកស្រី ឈី វ៉ា ក៏អំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយប្រុងប្រយ័ត្ន ពីព្រោះបើផ្សព្វផ្សាយមិនបានសមស្រប នឹងបង្កផលលំបាកដល់ប្រជា នេសាទដែលត្រូវភាគីថៃ ចាប់ ប្រឈមនឹងការអនុវត្តវិធានការផ្នែក ផ្លូវច្បាប់ ពីសំណាក់អាជ្ញាធរថៃ៕

RELATED ARTICLES