Saturday, January 10, 2026
Homeតារាខ្មែរដាញ់ ម៉ូនីកា ហោះមកធ្វើបុណ្យសពប្អូន

ដាញ់ ម៉ូនីកា ហោះមកធ្វើបុណ្យសពប្អូន

ភ្នំពេញ ៖ អតីតតារាសម្ដែង ដាញ់ ម៉ូនីកា បានដឹកដៃប្ដី និងកូនប្រុសស្រី ២នាក់ ហោះពីអូស្រា្ដលី មកចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ សពប្អូនជីដូនមួយនាង លោកអ៊ុំ ព្រហ្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដែលទទួល មរណភាពក្នុងអាយុ ៣៥ឆ្នាំ ។ ម៉ូនីកា រន្ធត់ចិត្តខ្លាំងណាស់ ដែលប្អូនជីដូនមួយ ស្លាប់ទាំងវ័យក្មេង និងថាមិនគួរអាយុខ្លីបែបនេះសោះ ។ ប្រភពថា ការមកស្រុក របស់ម៉ូនីកា លើកនេះ មានរយៈពេលជិត ១ខែ ហើយក្រៅពីមកបុណ្យសពប្អូនជីដូនមួយ នាងក៏មកមើលហាង Cosmetic របស់ខ្លួន ដែលបើកនៅកម្ពុជា តាំងពីចុងខែមករា ឆ្នាំ២០២៤ នោះដែរ ។

 តារាសម្ដែង កែវ ពេជ្រពិសី ដែលជាអ្នកជិតដិតបំផុតជាមួយដាញ់ ម៉ូនីកា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថា ម៉ូនីកា មកស្រុក លើកនេះសំខាន់គឺដើម្បីធ្វើបុណ្យ ៧ថ្ងៃ សពប្អូនជីដូនមួយនាង ហើយអាច ២ទៅ៣សប្ដាហ៍ទៀត ទើបវិលទៅអូស្រា្ដលី វិញ ។ ចំពោះមូលហេតុធ្វើបុណ្យសពប្អូនជីដូនមួយចប់ ម៉ូនីកា មិនប្រញាប់ទៅអូស្ត្រាលី វិញភ្លាមៗនោះ ត្រូវបានពេជ្រពិសី អះអាងថា ដោយសាតែម៉ូនីកា ត្រូវមើលមុខរបររបស់នាង នៅស្រុកខ្មែរសិន ហើយម្យ៉ាង នាងមកលើកនេះ ទាំងអស់គ្នា គឺទាំងស្វាមី និងកូនៗ ទើបបានជានៅបានយូរ ។

 ដាញ់ ម៉ូនីកា បានទៅរស់នៅតាមស្វាមីអាណិកជនខ្មែរនៅអូស្រា្ដលី រយៈពេលជាង ១០ឆ្នាំហើយ ប៉ុន្ដែតាំងពីបានបើកហាងរកស៊ីនៅខ្មែរ ជិត១ឆ្នាំនេះ នាងចុះឡើងៗញឹកញាប់ជាងមុន ព្រមទាំងបង្ហើបចង់ថតភាពយន្ដថ្មីឡើងវិញទៀតផង ឲ្យតែសាច់រឿងនោះនាងពេញចិត្ត។ ប៉ុន្ដែតាំងពីប្រកាសចង់វិលរកអាជីពចាស់ នៅថ្ងៃសម្ពោធហាងសម្រស់ តាំងពីខែមករា ឆ្នាំ២០២៤ នោះ ពេលនេះគេនៅមិនទាន់ឃើញនាងចេញមុខភាពយន្ដថ្មីណាមួយឡើយ ។ យ៉ាងណា តារាកូនពីររូបនេះ នៅតែមានសម្រស់ផូរផង់ និងសាច់សខ្ចីជាមុនទៀតផង ក្រោ យប្រឡូកក្នុងវិស័យ Online ដោយនាងអះអាងថា មុខរបរនេះ កាក់កបខ្លាំងនៅអូស្រ្ដាលី ទើបឈានមកបើករកស៊ីនៅខ្មែរ ។

ក្រៅពីដាញ់ ម៉ូនីកា តារាដែលចេញទៅរស់នៅតាមប្ដី នៅប្រទេសអូស្រា្ដលី មានដូចជា អឿន ដាលីស, សុខ ច័ន្ទណានូ និងគឹម លីហ្សា ជាដើម ។

តាមប្រភពថា ម៉ូនីកា បានធានាម្ដាយរបស់នាង ទៅរស់នៅអូស្រា្ដលី ដោយជោគជ័យ តែពេលនេះ ទាំងរូបនាងនិងម្ដាយ ចេញចូលស្រុកខ្មែរ កាន់តែញឹក ក្រោយនាងចំណាយលុយជិត ៣០ម៉ឺនដុល្លារ បើកហាងរក្សាសម្រស់ នៅរាជធានីភ្នំពេញ។          

គួររំលឹកថា ដាញ់ ម៉ូនីកា បានរៀបការជាមួយបុរសពោះម៉ាយអូស្រ្ដាលី លោកប៊ុន ថែល ជាង ១៥ឆ្នាំហើយ និងមានកូន ពីរនាក់ កូនស្រីអាយុ ១៤ឆ្នាំ និងកូនប្រុស អាយុ៩ឆ្នាំ ។ ម៉ូនីកា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់មានគម្រោងយកកូនទី៣ ទេ ហើយនៅពេលមានវ័យចាស់ជាងនេះ នាងចង់មករស់នៅស្រុកខ្មែរ ជាមាតុភូមិវិញ ៕

RELATED ARTICLES