សៀមរាបៈលោកគួច ខេវិន យល់ថាផ្ទាំងគំនូរ«សិល្បៈដើម្បីសន្ដិភាព » ប្រមូលផ្ដុំដោយវិចិត្រករខ្មែរដល់ទៅ៦០នាក់គូររូបភាពបង្ហាញពីការឈឺចាប់របស់ពលរដ្ឋ យោធាខ្មែរ ត្រូវយោធាសៀមឈ្លានពានលើកម្ពុជា នៅលើទឹកដីខេត្តសៀមរាប មិនត្រឹមតែធ្វើឲ្យខ្មែរតជំនាន់ចងចាំទង្វើរដ៍ព្រៃផ្សៃរបស់ចោរសៀមនោះទេ ប៉ុន្ដែរូបភាពទាំងនោះធ្វើឲ្យសាធារណជនជាតិ អន្តរជាតិ ចូលរួមទស្សនាហើយចូលរួមថ្កោលទោសពួកចោរឧក្រឹដ្ឋកម្មសង្គ្រាមសៀមដែលឈ្លានពានខ្មែរ ព្រោះខ្មែរត្រូវការសន្ដិភាព មិនត្រូវការសង្រ្គាមទេ ។



លោកគួច ខេវិន ថ្លែងសារនៅថ្ងៃទី៣០ ខែធ្នូ ថា«ប្រជាជនខ្មែរស្លូតត្រង់ រាប់ម៉ឺនគ្រួសារត្រូវឆេះផ្ទះសម្បែង ហិនហោចទ្រព្យសម្បត្តិបង្ខំចិត្តចាកចោលភូមិស្រុកដោយសារសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ទាហ៊ានចោរ សៀម ។ ស្ត្រីក្លាយជាស្រីមេម៉ាយ កូនក្មេងប្រុសស្រីក្លាយជាក្មេងកំព្រារ ចាស់ជរាបាត់បង់កូនចៅ នារីក្រមុំត្រូវពួកចោរសៀមចាប់រំលោភ វត្តអារាម សាលារៀននិងទីសក្ការៈបូជាខ្ទេចខ្ទីដោយការបាញ់ផ្លោង ទម្លាក់គ្រាប់បែកពីលើអាកាសលើទីតាំងជនសីវិលបណ្តាលឱ្យស្លាប់ និងរបួសប្រជាជនខ្មែរជាច្រើននាក់ ឱ្យរងទុក្ខវេទនាបំផុត ។ វីរៈយុទ្ធជនដ៏អង់អាចក្លាហានដែលតស៊ូការពារទឹកដីត្រូវពលី ពិការអស់មួយជីវិត គ្រួសារបាត់បង់ទីពឹង—។ មហាសោកនាដកម្មដ៏សែនខ្លោចផ្សារនិងឈឺចាប់នេះ ត្រូវបានបង្ហាញឡើងវិញនឹងធ្វើឱ្យចងចាំអស់មួយជីវិត ត្រូវបានវិចិត្រករជាង៦០នាក់ មកពីបណ្តាខេត្ត ក្រុង នានារួមគ្នាប្រតិស្ឋានឡើងជាផ្ទាំងគំនូរដ៏ធំ តាំងនៅខេត្តសៀមរាប ។ សូមសាធារណជន ជាតិ អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងចូលរួមថ្កោលទោសពួកចោរឧក្រឹដ្ឋកម្មសង្គ្រាមសៀមដែលឈ្លានពានខ្មែរ! ប្រជាជនខ្មែរស្រឡាញ់សន្តិភាព ! ប្រជាជនខ្មែរឈឺចាប់ណាស់ដែលត្រូវសៀមឈ្លានពានយ៉ាងអយុត្តិធ៌ម!»។



គួរបញ្ជាក់ផ្ទាំងគំនូរ«សិល្បៈដើម្បីសន្ដិភាព» មានកម្ពស់៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ ប្រមូលផ្ដុំដោយវិចិត្រករខ្មែរចំនួនដល់ទៅ៦០នាក់គួរពីរូបភាពសង្រ្គាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយយោធាសៀមលើកទី១កាលពីខែកក្កដា ឆ្នាំ២០២៥ និងលើកទីពីរកាលពីដើមខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឲ្យជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីលំនៅដ្ឋាន ហើយវរៈកងទ័ព និងជនស៊ីវិលកម្ពុជាមួយចំនួនបានពលី និងស្លាប់ដោយសាយោធាសៀម ។ផ្ទាំងគំនូរនេះក៍បង្ហាញពីកម្ពុជាត្រូវការសន្ដិភាព ហើយប្រជាជនចង់វិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព ។លោកខេវិន ថាផ្ទាំងគំនូរនេះនឹងធ្វើឲ្យពលរដ្ឋខ្មែរតជំនាន់ចងចាំពីការឈ្លានពានរបស់យោធាសៀមលើខ្មែរ ។


សូមរំលឹកផងដែរថាអំឡុងផ្ទុះសង្រ្គាមយោធាសៀមបើកការឈ្លានពានលើព្រំដែនខ្មែរជាលើកទី២នេះលោកគួច ខេវិន ក៍បានបង្កើត«មូលនិធិសប្បុរសធ័មដើម្បីទ្រទ្រង់ឧបត្ថម្ភជូនវីរៈកងទ័ព និងជនភៀសសឹក» ស្ដែងឲ្យឃើញពីស្មារតីខ្មែរតែមួយ ដែលលោកនិងសិល្បករសិល្បការិនីចូលរួមបានទទួលថវិការ និងសម្ភារៈពីសប្បុរសជននូវទីតាំងដូចជាផ្សារសាំហាន់ ,Walk Street ភ្នំពេញ,Pub Streets សៀមរាប ,ក្រុងកំពង់សោមនិងខេត្តកោះកុងជាដើម ។លោកគួច ខេវិន និងសិល្បករសិល្បការិនីក៍បានយកអំណោយបានពីសប្បុរជនមានដូចជាថវិការ និងសម្ភារៈមួយចំនួនជូនដល់វីរៈកងទ័ព ដែលសម្រាកនៅមន្ទីពេទ្យបង្អែកសៀមរាបជិត១០០គ្រួសារផងដែរ កាលពីថ្ងៃទី២៧ ខែធ្នូ ពោលគឺថ្ងៃដែលយោធាកម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា៧២ម៉ោង ដែលចូលជាធរមានតាំងពីម៉ោង១២ៈ០០ ថ្ងៃត្រង់។លោកថាបេះដូងវីរៈកងទ័ពការពារព្រំដែនពិតជាធំធេងសម្រាប់ប្រជាជនខ្មែរ ហេតុនេះលោកនិងសិល្បករសិល្បការិនីពេញចិត្តក្នុងការធ្វើការងារសប្បុរសធ័មមួយនេះ ដើម្បីសម្រាលការលំបាករបស់ពួកពួកគាត់បានមួយផ្នែកតូច ៕

