ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ “ព្រះរកា-ឆែប” ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរី បានងាប់នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ “ព្រះរកា-ឆែប” ដោយសារត្រូវអំបែងគ្រាប់ផ្លោងរបស់ទាហានថៃ។

តាមការពិនិត្យបឋម សត្វដំរីញី ១ក្បាល មានទម្ងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទម្ងន់ប្រមា ណ ៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញី មានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្លោងរបស់ថៃ ស្លាប់ទាំងមេ និងកូនដំរី។ មន្ត្រីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។
កន្លងមក ប្រជាពលរដ្ឋអ្នកដងជ័រ បានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួសស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅ នៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកសមរភូមិប្រយុទ្ធ នៃការឈ្លានពានពីកងទ័ពថៃ ផងនោះ ក្រុមការងារ ពុំអាចរកឃើញនិងជួយសង្គ្រោះដំរី ទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានងាប់បាត់ទៅហើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសការអញ្ជើញធ្វើបឋកថានៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សង្គ្រាមថៃឈ្លានពានមកលើអធិបតេយ្យកម្ពុជា បានបំផ្លិចបំផ្លាញមិនត្រឹមតែជីវិតមនុស្ស ទ្រព្យសម្បត្តិ វាបានបំផ្លិចបំផ្លាញធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។ ការឈ្លានពានរបស់ទាហានថៃ រំលោភដែនអធិបតេយ្យរបស់កម្ពុជា ផ្ទុយនឹងច្បាប់អន្តរជាតិ ដែលមានចែងហាមឃាត់ មិនឱ្យវាយប្រហារ ប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារធម្មជាតិនោះទេ។
សូមបញ្ជាក់ថា នៅខេត្តព្រះវិហារ កន្លងមកបានរកឃើញមានវត្តមានដំរី ប្រមាណ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃ ឆែប-ព្រះរកា ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ខេត្តព្រះវិហារ មានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារ ចំនួន៣ ដែលមានភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន តំបន់ការពារទេសភាពប្រាសាទព្រះវិហារ ដែនជម្រក សត្វព្រៃ គូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរកា-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះ សត្វព្រៃ ជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ។
តាមការស្រាវជ្រាវ ដំរីអាស៊ី នៅក្នុងប្រទេសកម្ពុជា រស់នៅនៅតំបន់មួយចំនួន ដូចជា ភូមិភាគឥសាន និរតី និងភូមិភាគខាងជើង។ ក្នុងរយៈ១០ឆ្នាំ ចុងក្រោយនេះ មិនមានការកត់ត្រាពីដំរីងាប់ នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗ បង្ហាញថា ដំរី នៅប្រទេស កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង ៦០០ក្បាល កំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។

ដំរីអាស៊ី ត្រូវបានចុះក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN Red Listed) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់នៅក្នុងឧបសម្ព័ន្ធ អាយ នៃអនុសញ្ញាសាយតេស (CITES Appendix I)៕