ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ “ដើរដោយជើងទទេ ដើម្បីសន្តិភាព” (Walking with Barefoot for Peace) គឺជាដំណើរក្បួនសន្តិភាពសាធារណៈមួយ ដោយអហិង្សា ដែលមានប្រជាពលរដ្ឋខ្មែរចូលរួមជាច្រើនពាន់នាក់ ដោយបានដើរជុំវិញទីរួមខេត្តសៀមរាប ក្នុងគោលបំណងតែមួយគត់ គឺផ្ញើសារដ៏មានអត្ថន័យ ទៅកាន់សហ គមន៍អន្តរជាតិ និងពិភពលោក ជាពិសេស ជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាប ថា កម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស។

ព្រឹត្តិការណ៍ “ដើរដោយជើងទទេ ដើម្បីសន្តិភាព” នេះ ប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដែលដឹកនាំដោយតារាសម្តែង នី មុនីនាថ ដោយបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។

ប្រជាពលរដ្ឋខ្មែរ សូមបង្ហាញជាសាធារណៈនូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពានពីភាគីថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ការដើរដោយជើងទទេ ដើម្បីសន្តិភាព ដោយភ្ជាប់ជាមួយការកាន់ផ្កាឈូកនេះ គឺជាសកម្មភាពដោយអហិង្សា និងជាសំឡេងរួមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ប៉ុន្តែមិនអាចទទួលយកការឈ្លានពាន ការគំរាមកំហែង ឬការរំលោភលើដែនអធិបតេយ្យរបស់ជាតិបានឡើយ។ ជំហាននីមួយៗដែលដើរ គឺជាការបញ្ជាក់ពីឆន្ទៈដ៏មុតមាំ រួមជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាន ប្តេជ្ញាការពារអធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានមកលើអធិបតេយ្យកម្ពុជា ដោយខុសច្បាប់អន្តរជាតិ៕

