ខេត្តមណ្ឌលគិរី ៖ ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនស្ត្រីមានផ្ទៃពោះម្នាក់ ជាជនភៀសសឹក ដែលបានឈឺពោះសម្រាលកូន ទៅកាន់មន្ទីរពេទ្យ បានទាន់ ពេល។

លោកប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យសង្គ្រោះបឋមនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានអន្តរាគមន៍ជួយសង្គ្រោះនិងបញ្ជូនស្ត្រីមានផ្ទៃពោះម្នាក់ ដែលឈឺពោះសម្រាលកូន ទៅកាន់មន្ទីរពេទ្យ ដោយសុវត្ថិភាព។

លោកប៊ុន សួរ បានឱ្យដឹងថា ស្ត្រីរូបនោះ គឺជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងបរិវេណវត្តត្រាវគៀត ខេត្តព្រះវិហារ។ នៅពាក់កណ្តាលអធ្រាត្រ ខណៈដែលស្ត្រីរូបនោះចាប់ផ្តើមឈឺពោះសម្រាលកូនខ្លាំង ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងជំរំ បានធ្វើការពិនិត្យនិងសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក “១៦ មករា” ជាបន្ទាន់ ដើម្បីធានាបានសុវត្ថិភាពទាំងម្តាយ និងទារក។

លោកប្រធានមន្ទីរ បញ្ជាក់ថា តាមរយៈការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ និងមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ស្ត្រីរូបនោះ បានទៅដល់មន្ទីរពេទ្យប្រកបដោយសុវត្ថិភាព និងស្ថិតក្រោមការមើលថែទាំយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យ។

សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរសុខា ភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ឱ្យទទួលបាននូវការការពារ និងព្យាបាល បានទាន់ពេលវេលា ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ឬនៅពេលយប់ព្រលប់យ៉ាងណាក៏ដោយ៕
