ភ្នំពេញ ៖ ជនអនាថា និងអ្នកប្រើប្រាស់ថ្នាំញៀន សរុបជាង៣០នាក់ ដែលតែងដេកស្នាក់នៅក្រោមស្ពានអា កាស មរតកតេជោ និងកន្លែងចាក់សំរាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល ប្រមូលទៅដាក់មន្ទីរសង្គមកិច្ច និងយុវនីតិសម្បទា រាជធានីភ្នំពេញ។

ការចុះធ្វើរដ្ឋបាល ប្រមូលជនអនាថា និងអ្នកប្រើប្រាស់ថ្នាំញៀននេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រោមស្ពានអាកាស មរតកតេជោ និងកន្លែងចាក់សំរាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ។

យោងតាមប្រភពរដ្ឋបាលខណ្ឌមានជ័យ បានបញ្ជាក់ឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកទៀវ សំអឿន អភិបាលរងខណ្ឌមានជ័យ និងការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម បានសហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ ចុះធ្វើរដ្ឋបាល ប្រមូលជនអនាថានៅក្រោមស្ពានអាកាស មរតកតេជោ និងកន្លែងចាក់សំរាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ។

ជាលទ្ធផល អាជ្ញាធរ បានប្រមូលជនអនាថា សរុបចំនួន៣២នាក់ (ស្រី១៣នាក់) កុមារ ៤នាក់ (ស្រី១នាក់)។ ក្នុងចំណោម ៣២នាក់ មានប្រើប្រាស់គ្រឿងញៀន ចំនួន២៨នាក់ (ស្រី១២នាក់) និងបានធ្វើបែបបទបញ្ជូនទៅមន្ទីរសង្គមកិច្ចនិងយុវនីតិសម្បទា រាជធានីភ្នំពេញ៕

