Friday, December 19, 2025
Homeសង្គម និងជីវិតឪឈឺធ្ងន់ភៀសសឹក ស្លាប់ចោលកូនស្រី

ឪឈឺធ្ងន់ភៀសសឹក ស្លាប់ចោលកូនស្រី

ខេត្តសៀមរាប ៖ បុរសម្នាក់ កំពុងមានជំងឺប្រចាំកាយជាប់ខ្លួន លុះស្រុកកើតសង្គ្រាម ត្រូវទាហានចោរសៀមឈ្លានពាន វាយប្រហារដោយផ្លោងគ្រាប់និងទម្លាក់គ្រាប់ពីយន្តហោះ F-16 ផង ត្រូវបានកូនស្រីនាំរត់ភៀសខ្លួនចេញពីខេត្តបន្ទាយមានជ័យ ភៀសសឹកមកស្នាក់នៅខេត្តសៀមរាប ស្រាប់តែស្លាប់ចោលកូនស្រីឱ្យ រស់នៅតែលតោលតែម្នាក់ឯង ខណៈម្តាយ បានស្លាប់ចោល ច្រើនឆ្នាំមកហើយ។

បុរសរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះជិន សុភាព បានស្លាប់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។

យុវតី ជិន ដាវី ត្រូវជាកូនស្រីរបស់បុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នាងជាកូនកំព្រាម្តាយ សព្វថ្ងៃរស់នៅតែ២នាក់ឪពុក ដែលកំពុងមានជំងឺប្រចាំកាយផង និងស្នាក់នៅផ្ទះជួល ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះក្រោយពីរងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើប្រទេសកម្ពុជា  ទើបធ្វើឱ្យស្ថានភាពជំងឺលោកឪពុករបស់នាងកាន់តែមានសភាពធ្ងន់ធ្ងរ ហើយនាងក៏សម្រេចនាំឪពុកភៀសសឹក ចេញពីខេត្តបន្ទាយមានជ័យ មកកាន់ជំរំសុវត្ថិភាព នៅខេត្តសៀមរាប តែពេលមកដល់ ដោយឃើញស្ថានភាពជំងឺឪពុកនាងធ្ងន់ ទើបអាជ្ញាធរបានជួយជ្រោមជ្រែងបញ្ជូនឪពុករបស់នាង ទៅព្យាបាលនៅមន្ទីរពេទ្យ តែអកុសល មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឪពុករបស់នាង បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យតែម្តង។

ដោយមានការជ្រោមជ្រែងនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ទើបសពបុរសជាឪពុកខាងលើ ត្រូវបានបញ្ជូនមករៀបចំធ្វើបុណ្យ និងបូជានៅវត្តស្វាយ ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសិនបើសប្បុរសជន មានបំណងចូលរួមឧបត្ថម្ភបន្ថែមដល់យុវតីជាកូនស្រី ដែលកំព្រាឪពុកម្តាយខាងលើ អាចទំនាក់ទំនងផ្ទាល់ទៅនាង តាមរយៈលេខទូរស័ព្ទ ០៩៧ ៨១១ ៥៦ ១២ ៕

RELATED ARTICLES