ភ្នំពេញ ៖ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ឱ្យនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា នៅខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ពាក់ព័ន្ធករណីរូបភាព និងសម្ភារៈអាសអាភាសកុមារ (CSAM) ក្រុមការងារចម្រុះមួយ ឈ្មោះ Bravo25 ត្រូវបានបង្កើតឡើង ដោយមានសមាសភាពចូលរួមពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា ការិ យាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងអង្គភាពការពារកុមារ (CPU)។

ជាលទ្ធផល ជនសង្ស័យអាយុ២៨ឆ្នាំ សញ្ជាតិអាមេរិកាំង ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទចោទ ក្នុងករណីផលិតនិងរក្សាទុករូបភាពនិងសម្ភារៈអាសអាភាសកុមារ (CSAM)។
បន្ទាប់ពីបានដំណើរការស៊ើបអង្កេតស៊ីជម្រៅ អស់រយៈពេលជាច្រើនខែ ដើម្បីកំណត់ស្វែងរកជនរងគ្រោះ និងជនល្មើសពាក់ព័ន្ធបន្ថែមក្នុងករណីនេះ នៅថ្ងៃទី១៥ ខែធ្នូ ជនសង្ស័យម្នាក់ទៀត អាយុ២៨ឆ្នាំ សញ្ជាតិកម្ពុជា ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទចោទក្នុងករណីផលិត រក្សាទុក និងចែកចាយរូបភាពនិងសម្ភារៈអាសអាភាសកុមារ (CSAM) ផងដែរ។
នេះជាករណីមួយដែលទាមទារឱ្យមានដំណើរការស៊ើបអង្កេតដ៏ស៊ីជម្រៅ ស្មុគស្មាញ និងប្រើពេលវេលាយូរ ហើយឆ្លៀតឱកាសនេះផងដែរ អង្គភាពការពារកុមារ (CPU) សូមថ្លែងអំណរគុណចំពោះមន្ត្រីពាក់ព័ន្ធទាំងអស់ សម្រាប់ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាថា ជនទាំងឡាយពាក់ព័ន្ធក្នុងករណីផលិតចែកចាយរូបភាពនិងសម្ភារៈអាសអាភាសកុមារ (CSAM) និងករណីនាំយកកុមារ ក្នុងគោលដៅរំលោភបំពានផ្លូវភេទ ត្រូវបានឃាត់ខ្លួន ទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត ទៅតាមផ្លូវច្បាប់។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសលើកុមារដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធអនឡាញ ហើយអង្គភាពការពារកុមារ (CPU) ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សម្រាប់ការណែនាំនិងការប្តេជ្ញាបន្តក្នុងកិច្ចការស៊ើបអង្កេតបទល្មើសកម្រិតធ្ងន់ទាំងឡាយដែលត្រូវបានប្រព្រឹត្តលើកុមារកម្ពុជា។
ជាការពិតណាស់ បទល្មើសពាក់ព័ន្ធរូបភាពនិងសម្ភារៈអាសអាភាសកុមារ (CSAM) នេះ គឺជាបញ្ហាប្រឈមជាសកល ហើយជនទាំងឡាយដែលប្រព្រឹត្តបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា អាជ្ញាធរកម្ពុជា នឹងបើកការស៊ើបអង្កេត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ជាក់ជាពុំខាន៕