ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញ នៃអគ្គនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យជាឧក្រិដ្ឋជន ចំនួន៨នាក់ (ជនជាតិចិន ២នាក់ និងជនជាតិភូមា ៦នាក់) ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស ៦នាក់ ជំរិតទារប្រាក់ នៅក្រុងបាវិត។

តាមប្រភពសមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៥៥នាទី ទៀបភ្លឺ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មានជនសង្ស័យ ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិន ម្នាក់ ដាក់ចូលក្នុងរថ យន្ត ១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។


ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវ ជ្រាវតាមនីតិវិធីនិងជំនាញ ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទា រុណកម្ម ។

រហូតមកដល់វេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជន សង្ស័យ ចំនួន៨នាក់ នៅត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រុមជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះ LI LING ភេទប្រុស ជនជាតិចិន។ ទី២-ឈ្មោះ WANG JING ភេទប្រុស ជនជាតិចិន។ ទី៣-ឈ្មោះ AI NI ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា។ ទី៤-ឈ្មោះ SAI AUNG XIENG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា។ ទី៥-ឈ្មោះ A SAN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា។ ទី៦-ឈ្មោះ AI LONG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា។ ទី៧-ឈ្មោះ SAN YI KUN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា និងទី៨-ឈ្មោះ NI LIE ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរំដោះជនរងគ្រោះ បានចំនួន៦នាក់ ជាជនជាតិចិន និងដកហូតបានរថយន្ត ចំនួន១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CD-8488 (ជារថយន្តជិះធ្វើសកម្មភាព) រួមទាំងមធ្យោបាយប្រើប្រាស់ធ្វើទារុណកម្មជនរងគ្រោះ មួយចំនួនទៀត។

ជនសង្ស័យទាំង៨នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកសាលាដំបូងខេត្ត ស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី៕
