ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន២៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ ឆែកឆេរផ្ទះ ១កន្លែង ក្រោមការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈរូបភាពលួងលោមស្នេហា និងកំហែងទារប្រាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ 2N បុរី Park Villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការខាង លើ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យខាងលើ ផ្អែកតាមរបាយការណ៍ស្រាវ ជ្រាវអំពីការឆបោកបែបលួងលោមស្នេហា និងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាម ចំនួន២៧នាក់ (ស្ត្រី៦នាក់) និងបុរសជនជាតិខ្មែរ ចំនួន១នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈ ជាវត្ថុតាង រួមមាន ម៉ូនីទ័រ ចំនួន៣៩គ្រឿង ស៊ីភីយូ ចំនួន១១គ្រឿង ទូរស័ព្ទ ចំនួន១០០គ្រឿង និងស៊ីមកាត មួយចំនួន។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ បានសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខនិងចាត់វិធានការផ្លូវច្បាប់ ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន៕


