Thursday, December 4, 2025
Homeតារាខ្មែរកែវ សុបញ្ញា យំស្តាយកូនស្រី

កែវ សុបញ្ញា យំស្តាយកូនស្រី

ភ្នំពេញ ៖ តារាចម្រៀង កែវ សុបញ្ញា បានកាន់ទុក្ខកូនស្រីរបស់ខ្លួន ឈ្មោះពេជ្រ មេរ៉ា អាយុ៤ខែ ដែលទទួល មរណភាពនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយសាជំងឺ ក្រោយព្យាបាលនៅបន្ទាប់សង្រ្គោះបន្ទាន់ ICU តាំងពីពាក់កណ្ដាលខែវិច្ឆិកា តែមិនអាចជួយជីវិតបាន។

តារាចម្រៀង ញឹម ចាន់ថន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញសារចូលរួមរំលែកទុក្ខដល់សុបញ្ញា ថែមទាំងព្យាយាមលួងលោមដល់នាងថា កូននាងបានទៅសុខហើយ និងថា កូននឹងមកចាប់ជាតិជាមួយនាងវិញឆាប់ៗ ។

កែវ សុបញ្ញា ថ្លែងសារទាំងរំជួលចិត្ត ភ្ជាប់ជាមួយរូបភាពសពកូនស្រីថា «កូនកម្សត់ម៉ែអើយ! កូនម៉ែ លែងឈឺចាប់ទៀតហើយ ម៉ែលែងឲ្យអូនចាក់ថ្នាំទៀតហើយ កូនម៉ែ រលត់អស់បុណ្យ ទៅដោយមិនឲ្យម៉ែពិបាកភ្នែកមើលកូនទេ  ម៉ែលាងបាបឲ្យអូនអស់ហើយណាកូន ម៉ែឧទ្ទិសបុណ្យឲ្យកូន រាល់ថ្ងៃ ឲ្យកូនមកនៅជាមួយម៉ែម្ដងទៀត មកឲ្យស្អាត ល្អ ឲ្យជាណាកូន កុំឲ្យឈឺណាកូនណា! អូនដូចកំពុងដេកលក់ចឹងណាកូន អូននៅស្រស់អាញឹម»។

សូមរំលឹកថា កែវ សុបញ្ញា  សម្រាលកូនស្រី កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោយនាងបានរៀបការជាមួយលោក ប៉ាល់ ប៉ោស៊ាង មន្រ្ដីកងរាជអាវុធហត្ថ កាលពីខែមករា ឆ្នាំ២០២៤ ។ តាំងពីមានកូន នាងបានកាត់បន្ថយការងារសិល្បៈ ដើម្បីយកពេលវេលាមើលថែកូន ដោយផ្ទាល់ ប៉ុន្ដែជាអកុសល កូនដំបូង មកនៅជាមួយនាង បានត្រឹមតែជាង ៤ខែ ក៏ចាកចោលនាងទៅវិញ ធ្វើឲ្យនាង អាលោះអាល័យកូនស្រីខ្លាំង រហូតយំឡើងហើមភ្នែកទៅហើយ ។ តារារួមអាជីពជាច្រើន បានខម្មិនសាររំលែកទុក្ខដល់ក្រុមគ្រួសារសុបញ្ញា ខណៈដែលនាង បានប្រើ Profile ហ្វេសប៊ុក កាន់ទុក្ខ និងកំពុងរៀបចំធ្វើបុណ្យសពកូនស្រីនាង ក្រោមតំណក់ទឹកភ្នែកនាងនិងប្ដី សោកស្ដាយជីវិតកូនជាទីបំផុត ។

គួរបញ្ជាក់ថា កែវ សុបញ្ញា ជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ និងច្រៀងឲ្យហង្សមាស ជិត១០ឆ្នាំ ទើបចាកចេញ ក្រោយផុតកុងត្រា កាលពីឆ្នាំ២០២៤ ហើយបច្ចុប្បន្ននាងជាតារាចម្រៀងឯករាជ្យ ផលិតបទចម្រៀងដោយខ្លួនឯង។ សុបញ្ញា ថាប្ដីនាងជាប់រវល់ការងារច្រើន ផ្នែកយោធា រហូតពេលខ្លះ នាងធ្លាប់គិតថា អាចពិបាកយកកូន ព្រោះមិនសូវបានរស់នៅជាមួយស្វាមីទៀតផង ។ ប៉ុន្ដែពេលទទួលបានកូន ដំបូង ដូចបំណងទៅហើយ បែរជាត្រូវព្រាត់កូនទាំងកំពុងស្រលាញ់បែបនេះទៅវិញ ទើបតាំងពីថ្ងៃបញ្ជូនកូនទៅ ICU នាងថា បេះដូងខ្ទេចខ្ទាំអស់ទៅហើយ។ បញ្ញា ទំនងជាត្រូវការកាន់ទុក្ខកូនស្រី ជាច្រើនខែ ទើបអាចវិលមករកឆាកតន្រ្ដីវិញ ៕

RELATED ARTICLES