ភ្នំពេញ ៖ អតីតពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ អ្នកនាងកែវ សីហា បានបង្ហាញពោះកំពុងមានទម្ងន់កូនដំបូង នៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៦ឆ្នាំ របស់ខ្លួន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ អ្នកដែលធ្លាប់តែបង្អាប់សីហា ថាការប្ដី ៦ឆ្នាំ រកតែកូនង៉ាមួយគ្រាប់ មិនបាន និងខ្លះបន្ទោសប្ដីនាងជាគ្រូពេទ្យ ថាធ្លាប់ជួយគេឲ្យបានកូនដូចបំណង ច្រើននាក់ហើយ តែដល់ពេលចង់បានកូនខ្លួនឯង បែរជាធ្វើមិនបាននោះ ឥឡូវស្ងាត់មាត់ដូចគេចុក ព្រោះតាមពិតមកពីលោកគ្រូពេទ្យ មិនទាន់ចង់បាន បើចង់បានពេលណា ប្រាកដជាបានពេលហ្នឹងភ្លាម ជាក់ ស្ដែងដូចជាពេលនេះ ។

អ្នកយកព័ត៌មាន «នគរធំ» ដាក់សំណួរទៅ កែវ សីហា តាមអនឡាញ ប៉ុន្ដែនាងមិនទាន់ឆ្លើយតប កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ យ៉ាងណា តារារួមអាជីពជាច្រើន បានសាទរចំពោះកាដូមិនអាចកាត់ថ្លៃបានរបស់សីហា នៅមុនដំណាច់ឆ្នាំ២០២៥ ដោយអ្នកស្និទ្ធនាង ថែមទាំងថា សីហា ពពោះកូនស្រីទៀតផង បើទោះជាមិនទាន់មានការបញ្ជាក់ភេទកូន ពីសីហា ផ្ទាល់ក្ដី ។

កែវ សីហា បានរៀបការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយលោកគ្រូពេទ្យរូបសង្ហា លោកហឹង សត្យា ដែលពេលនោះ អាជីពពិធីការិនីរបស់នាង កំពុងតែហក់ឡើង ។ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ សីហា មិនសូវលេចធ្លោដូចមុនទេ ពិសេសក្រោយពីទូរទស្សន៍អាស៊ីអាគ្នេយ៍ បិទការប្រគំតន្រ្ដី បើទោះជានាងធ្លាប់ចេញមុខនៅ PNN និងតាមបណ្ដាក្រុមហ៊ុនAgency ខ្លះក៏ដោយ ។ សីហា ផ្ដោតលើការរកស៊ីច្រើនជាងសិល្បៈ ព្រោះស្វាមីនាង បានបើកឱសថស្ថាន មួយ នៅខេត្តព្រះសីហនុ ផងដែរ ។

ប្រភពថា ពេលនេះ កែវ សីហា បានរួចខ្លួនរឿងភ័យអត់កូន ព្រោះស្វាមីគ្រូពេទ្យ ពិតជាអាចបំពេញបំណងនាងបានសម្រេច ប៉ុន្ដែសុគន្ធ និសា ដែលរៀបការប្តី ជិត៨ឆ្នាំ នៅតែអត់មានកូន ១គ្រាប់ ដដែល ។ សម្រាប់សីហា នាងត្រូវប្ដីពេទ្យថ្នាក់ថ្នមខ្លាំង តាំងពីក្រោយនាងក្លាយទៅជាប្រពន្ធលោកភ្លាមៗ ហេតុនេះពេលមានកូនដំបូងបែបនេះ សីហា ប្រាកដជាត្រូវប្ដីទុកដូចជាព្រះនាងជាមិនខាន ។ ប៉ុន្ដែការមានកូនមួយ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ពិធីការិនីរូបនេះ ព្រោះនៅថ្ងៃរៀបការ នាងថា ចង់បានកូន៣ ហេតុនេះប្ដីដុកទ័រ នឹងត្រូវបំពេញបំណងប្រពន្ធ នាឆ្នាំបន្ទាប់ទៀត ។ ចំណែកអាជីពសិល្បៈ សីហា អាចនឹងរយាលដូចតារាដទៃដែលមានប្ដីនិងកូនដែរ បើទោះជានាងធ្លាប់ប្រាប់ថា ស្វាមីមិនដែលហាមឃាត់ ឬហួងហែងការងារពិធីការិនី (MC) របស់នាង រួមទាំងការថតសម្ដែងភាពយន្ដ និង MV ក្ដី ៕

