Friday, November 28, 2025
Homeតារាខ្មែរសាពួន មីដាដា ចង់បានប្រពន្ធថ្មី

សាពួន មីដាដា ចង់បានប្រពន្ធថ្មី

ភ្នំពេញ ៖ ប្រើជីវិតពោះម៉ាយ ៤ឆ្នាំ អតីតតារាហង្សមាស លោកសាពួន មីដាដា ចូលមកដល់រដូវធ្លាក់ខ្យល់ត្រជាក់នេះ លោកបង្ហាញសញ្ញាចង់បានប្រពន្ធថ្មី មិនចង់រស់នៅឯកោទៀតឡើយ ដោយលោកមីដាដា លើកហេតុផលថា អ្នកធំ យកប្រពន្ធថ្មីបាន អីចឹងលោកជាអ្នកតូចតាច ក៏អាចយកប្រពន្ធថ្មីបានដូចគ្នា ។

សាពួន មីដាដា ថ្លែងសារនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា «អ្នកធំយកប្រពន្ធថ្មីទៀតបាន ខ្ញុំអ្នកតូច ក៏អាចយកប្រពន្ធថ្មីទៀតបានដែរ»។

ការថ្លែងសារចង់បានប្រពន្ធថ្មី របស់លោកសាពួន មីដាដា បែបនេះ ធ្វើឡើងក្រោយពេលដែលលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀប ការភរិយាថ្មី ឆាយ ថងឌី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបអ្នកលេងបណ្ដាញសង្គមខ្លះ ដាស់តឿនមីដាដា ថាឲ្យប្រយ័ត្នសម្តី ខ្លះទៀតជំរុញថា លោកប្រញាប់យកប្រពន្ធថ្មីទៅ ឲ្យតែមានលុយចង់យក១០ ក៏បានដែរ …។

 គណនីហ្វេសប៊ុក ឈ្មោះ Rothana Oeum ខម្មិនថា «ប្រយ័ត្នមានរឿងដោយសារមាត់» ។ គណនីហ្វេសប៊ុក ឈ្មោះ Cheng Bona ខម្មិនថា «យកប្រពន្ធ គ្រប់ខេត្តហ្មងទៅស្រួល ដា» ។ គណនីហ្វេសប៊ុក ឈ្មោះ ភីភឿន វិចិត្រករខ្មែរ ខម្មិនថា «យក១០ទៀតក៏បាន ឲ្យតែគេយកលោក» ។

 គួររំលឹកថា សាពួន មីដាដា បានរៀបការជាមួយអ្នកនាងសឿ សុធារ៉ា កាលពីចុងឆ្នាំ២០០៩ និងរក្សាចំណងស្នេហាបាន ១២ឆ្នាំ ទទួលបានកូនពីរនាក់(ស្រី១ ប្រុស១) ក៏ចែកផ្លូវគ្នាកាលពីឆ្នាំ២០២១ ដែលពេលនេះ កូនប្រុសស្រីទាំងពីរ ត្រូវបានទៅអ្នកនាងសុធារ៉ា ជាអ្នកគ្រប់គ្រង ។ ក្រោយធ្លាក់ខ្លួនពោះម៉ាយ មីដាដា បានបណ្ដុះ កូនស្រីច្បង ឈ្មោះសាពួន ដារ៉ាពិមាន អាយុ១៤ឆ្នាំ ឲ្យលេងសិល្បៈដែរ តាមរយៈការបង្រៀនលេងហ្គីតារ ឲ្យនាងចេះជំនាញនេះដូចលោក បើទោះជាមុនដំបូង លោកប្រឆាំង មិនចង់ឲ្យកូនស្រីដើរតាមគន្លងរបស់ខ្លួន និងម្ដាយក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មីដាដា ដែលផ្អាកច្រៀងរាំ ១២ឆ្នាំ ទៅហើយនោះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកបានចេញច្រៀងកម្មវិធីមង្គលការមួយ និងបង្ហាញសញ្ញាចង់វិលរកឆាកតន្ត្រី ជាថ្មីទៀតផង ។ ប៉ុន្ដែមិនទាន់ទាំងបានចេញបទថ្មីៗ ដើម្បីស្ដារមុខមាត់ឡើងវិញផង ស្រាប់តែ មីដាដា ចង់បានប្រពន្ធថ្មី មុនឡើងឆាកទៅវិញ ។ យ៉ាងណា អ្នកខ្លះបានចំអកឲ្យមីដាដា ថាបើឲ្យលោកមកកើបលុយល្អិតពីសិល្បៈវិញ ប្រាកដជាលោកពិបាកធ្វើណាស់ ព្រោះកន្លងមក លោកធ្លាប់តែបានលុយពេញៗវ៉ាលិស ពីលើមេឃ ហេតុនេះ គេមិនជឿថា មីដាដា ជ្រើសផ្លូវរកលុយល្អិតពីសិល្បៈ ជាថ្មីទេ បើទោះជាលោកអះអាងថា អាជីពសិល្បៈ សម្ដែង តែងនិពន្ធ ចម្រៀងតន្រ្ដី មានតម្លៃស្មើជីវិតលោកក្ដី ។ ចំណែកការចង់បានប្រពន្ធថ្មី របស់លោក មីដាដា នាពេលនេះ ស្របពេលដែលអតីតភរិយាលោក អ្នកនាងសឿ សុធារ៉ា ចាប់ផ្ដើមមានសម្រស់កើនឡើងវិញ ក្នុងការបង្ហាញខ្លួនថ្ងៃបុណ្យខួប ៧ថ្ងៃ សពតារាសម្ដែង អ៊ុន សិទ្ធា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្ដែអ្នកទាំងពីរ មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មី ដូចគ្នា ។

មហាជនរង់ចាំមើលថា សាពួន មីដាដា នឹងរកប្រពន្ធថ្មី ជាតារាសាច់សខ្ចីម្ដងទៀត ឬក៏លោកចង់បានប្រពន្ធ ជាកូនអ្នកធំ?…៕

RELATED ARTICLES