Saturday, November 22, 2025
Homeព័ត៌មានជាតិកម្ពុជា ចុះត្រជាក់ដល់១៦អង្សា ពីថ្ងៃ២២-៣០វិច្ឆិកា

កម្ពុជា ចុះត្រជាក់ដល់១៦អង្សា ពីថ្ងៃ២២-៣០វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានភាពធាតុអា កាសនៃព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានស្នើដល់សាធារណជន និងអាជ្ញាធរដែនដី សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពសអំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា យោងតាមការអង្កេតពិ និត្យនិងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់ សាធារណជន ឱ្យបានជ្រាបថា របបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖

១-តំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុ ណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ក្នុងល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។

២-តំបន់ខ្ពង់រាប ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៨អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ក្នុងល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។

៣-តំបន់មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ ហើយខ្យល់បក់មកពីទិសនីរតីនិងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។

ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហ ភាពមធ្យម អប្បបរមា១៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៧អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ក្នុងល្បឿនមធ្យម ៦ម៉ែត្រ ក្នុង១វិនាទី។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹកនិងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពសអំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹកនិងងឧតុនិយម នឹងបន្តធ្វើការតាម ដាននិងវិភាគអំពីស្ថានភាពធាតុអាកាសនេះ ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

RELATED ARTICLES