ភ្នំពេញ ៖ សារ៉ាយ សក្ខណា បានយំ បង្ហូរទឹកនេត្រានៅចំពោះសពលោកអ៊ុន សិទ្ធា ពេលកំពុងបូជា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តពោធិ៍សត្ថារាម (វត្តពោធិ៍ចិនតុង) ដោយនាងអះអាងទាំងទឹកភ្នែកថា អ្វីដែលនាងស្ដាយបំផុត គឺមិនបាននិយាយជាមួយលោកសិទ្ធា នៅដង្ហើមលោកចុងក្រោយ ព្រោះពេលទៅហាងប៉ារ៉ាឌី កាត់ដេរ ថៅកែហាង បានប្រាប់នាងថា ឲ្យទូរស័ព្ទទៅសិទ្ធា ផង ព្រោះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ តែនាងភ្លេច អ៊ីចឹងនាងមានតែបន្ទោសខ្លួនឯងថា នេះជាកំហុសរបស់នាង។

សក្ខណា ថ្លែងថា បើសិនជានាងបានទូរស័ព្ទទៅ ២ឬ៣ថ្ងៃ មុនសិទ្ធា ចូលពេទ្យ នោះប្រហែលជាដឹងរឿងខ្លះ នាងមានការស្ដាយក្រោយ តែនាងបានដឹងថា សិទ្ធា ឈឺដំបៅក្រពះ ពោះវៀន និងទឹកដក់ក្នុងបោះ ព្រោះបងប្អូនលោកប្រាប់នាង ប៉ុន្ដែអ្វីដែលសំខាន់ គឺជំងឺបាក់ទឹកចិត្ត ហេតុនេះនាងថា ជំងឺនេះសាហាវណាស់ អីចឹងបើឈឺល្មមៗ គួររកអ្នកណាដែលអាចពិភាក្សារឿងក្នុងចិត្ត ព្រោះស្ថានភាពរបស់សិទ្ធា មិនអាចស្លាប់បានទេ ប៉ុន្ដែបញ្ហាគឺជំងឺបាក់ទឹកចិត្ត និងម្យ៉ាងទៀត មកពីគាត់គិតថា លែងសូវមានការងារធ្វើ អត់មានអ្នករាប់រក ។ ប៉ុន្ដែនាងថា បញ្ហាមកពីគាត់ (សិទ្ធា) ភៀសខ្លួនមកសម្ងំនៅម្នាក់ឯង ទើបគាត់ទៅជាកើតរឿងបែបនេះ ។

សារ៉ាយ សក្ខណា ថានាងបានថតភាពយន្ដ រឿងក្នុងអាជីពដំបូងបំផុត ជាមួយលោកអ៊ុន សិទ្ធា «ឧត្តមភរិយា» ចាក់នៅ CTN និងរឿងចុងក្រោយ ដែលនាងសម្ដែងជាមួយលោកសិទ្ធា គឺរឿង «ប៉ីស្នេហ៍នាងហង្ស» ថតនៅឆ្នាំ២០១៣។

សារ៉ាយ សក្ខណា និយាយទាំងហូរទឹកភ្នែកថា «ខ្ញុំជួបគាត់ចុងក្រោយ គឺឃើញសាកសពតែម្ដង ។ ពេលឭដំបូង មានគេតេនិងឆាតមកសួរខ្ញុំៗស្មានតែមិនមែនរឿងមែនទែន ដល់ពេលខលទៅគាត់ អត់ចូល ទើបដឹងថា ជារឿងពិត ពេលខ្ញុំសួរលោកប៉ែន ចំរ៉ុង»។

គួរំលឹកថា សារ៉ាយ សក្ខណា ទើបវិលមកពីអាមេរិក ថ្មីៗនេះ ជាមួយកូនប្រុសទី៣ របស់នាង ឈ្មោះណាបុត្រ ហៅ Chandrik អាយុជិត១ឆ្នាំ ខណៈដែលកូនស្រីទី១ ឈ្មោះ Mataysia អាយុជិត១០ឆ្នាំ និងកូនប្រុសទី២ ឈ្មោះព្រីនស្ទីន អាយុជាង៤ឆ្នាំ កំពុងរស់នៅអាមេរិក ជាមួយឪពុកគេ ។ ចំណែកម្ដាយសក្ខណា អ្នកស្រីសម្ផស្ស ដែលនាងបានធានាឲ្យទៅរស់នៅអាមេរិក បានដូចបំណងនោះ ទើបមកលេងស្រុក កាលពីពេលថ្មីៗនេះ ស្របពេលដែលរូបនាង ចុះឡើងៗ និងមិនទាន់កំណត់ថ្ងៃវិលទៅអាមេរិក ជាថ្មីឡើយ ។

ឆ្លើយតបចំណួរថា តើ សក្ខណា ចង់បានកូនទី៤ ឬអត់? នាងនិយាយបែបអៀនបន្ដិចថា «ចាំមើលសិន» ដែលវាចាបែបនេះ ខុសពីមុន ដែលធ្លាប់អះអាងថា គ្មានគម្រោងយកកូនទី៤ ឡើយ តែបើកើតម្ដង បានពីរ (ភ្លោះ) ទើបនាងព្រមយក ព្រោះមិនចង់បង្កើតច្រើនដង។

សូមបញ្ជាក់ថា សារ៉ាយ សក្ខណា ចាប់ដៃអាណិកជនខ្មែរ នៅអាមេរិក លោកមេធាវី កែវ ប៊ុនមេត្រី ជិត១២ឆ្នាំ បានកូន៣នាក់ ហើយទោះជាបានចេញរស់នៅអាមេរិក ជាង១០ឆ្នាំក្ដី ប៉ុន្ដែនាងចុះឡើងៗមកខ្មែរ និងនៅតែបន្ដអាជីពសិល្បៈ ដូចកាលនៅលីវ ព្រោះស្វាមីនាងមិនចេះហួងហែង ឬប្រចណ្ឌផ្ដេសផ្ដាសទេ។ នាងបានបើកគ្លីនិករក្សាសម្រស់មួយ នៅទួលគោក និងបើកភោជនីយដ្ឋានមួយ នៅជាយក្រុង ផងដែរ ៕