ភ្នំពេញ ៖ នៅចុងខែវិច្ឆិកា នេះ តារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា និងលោកខេង រតនៈ ហៅនាយព្រែក ជាកូនអ្នកកំប្លែង-អាយ៉ៃ អ្នកស្រី នួន សារី ហៅយាយយ៉យ មមាញឹកដូចគ្នា ក្នុងការចែកធៀបការ អញ្ជើ ញភ្ញៀវ ព្រោះអ្នកទាំងពីរ នឹងរៀបការជាមួយគូស្នេហ៍ថ្មីរៀងៗខ្លួន នៅដើមខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះហើយ ។អ្នកនាងស្វែង សុជាតា នឹងរៀបការតាមប្រពៃណី ជាមួយគ្រូផ្សំថ្នាំបុរាណ លោកឌី ចាន់សុខហេង នៅថ្ងៃ សុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងបុរីបឹងបៃតង២ (កប់ស្រូវ) រាជធានីភ្នំពេញ។

តាមប្រភពថា ភ្ញៀវដែលអ្នកនាងសុជាតា ហៅភាគច្រើន ជាតារាជិតដិត ចំណែកភ្ញៀវខាងស្វាមីនាង ច្រើនតែជាគ្រូផ្សំថ្នាំបុរាណ និងអតិថិជនរបស់លោក ។ អ្នកសិល្បៈរួមអាជីពបានសាទរសុជាតា ថារកបានម្ចាស់ចិត្តថ្មី ហើយចំណងស្នេហា មានភាពច្បាស់លាស់ រហូតដល់ការរៀបអាពាហ៍ពិពាហ៍ ហេតុនេះនាងលែងរងាបេះដូងទៀតហើយ ។ ប៉ុន្ដែអ្នកខ្លះបែរជាពេបមាត់ និងឌឺដងឲ្យសុជាតា ថាស្រលាញ់តែប្រុសក្មេង «គោចាស់ ប៉ះ ស្មៅខ្ចី» ហេតុនេះគេបារម្ភជំនួសនាង ខ្លាចតែមិនអាចរក្សាចំណងស្នេហាបានយូអង្វែង នឹងអាចដើរជាន់ដានចាស់ ។ ប៉ុន្តែសុជាតា ថានាងនិងគូស្នេហ៍ បានរួមរស់ជាមួយគ្នា ក្រោមដំបូលតែមួយ ជិត១០ឆ្នាំទៅហើយ ទើបដឹកដៃគ្នារៀបការនៅចុងឆ្នាំនេះ ។


ចំណែកលោក ខេង រតនៈ ហៅនាយព្រែក នឹងរៀបការជាមួយកញ្ញា ឈិន មុនីនាថ ដែលជាកូនអតីតតារាចម្រៀង ឈិន កុសល និងជាក្មួយរបស់ពិធីការិនី ឈិន ច័ន្ទសុធារី នៅថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នេះ ក្រោយអ្នកនាងសុជាតា តែ២ថ្ងៃប៉ុណ្ណោះ ។ មង្គលការរបស់នាយព្រែក-មុនីនាថ ធ្វើនៅសាលប្រជុំ បន្ទាយសុវត្ថិភាព ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលភ្ញៀវភាគច្រើន ជាអ្នកសិល្បករ។ នាយព្រែក បានសាង ស្នេហាជាមួយ ឈិន មុនីនាថ ៦ឆ្នាំ ទើបដាច់ចិត្តលុតជង្គង់សុំនាងរៀបការ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Faifield ។ មុនដឹកដៃគូស្នេហ៍ថ្មី ក្រាបផ្ទឹម នាយព្រែក ធ្លាប់ភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តកំពង់ចាម ឈ្មោះ ជា ស្រីតី កាលពីឆ្នាំ២០១៦ តែបានចែកផ្លូវគ្នានៅឆ្នាំ២០១៩ ទាំងចម្រូងចម្រាស។ ប៉ុន្ដែពេលនេះ នាយព្រែក ជិតក្លាយទៅជាកូនប្រសាលោកឈិន កុសល ទៅហើយ ដែលអ្នកសិល្បៈ ភ្ជាប់ស្នេហ៍ជាមួយអ្នកសិល្បៈដូចគ្នាបែបនេះ ត្រូវបានលោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ ធ្លាប់អះអាងថា ចំណងស្នេ ហាពួកគេ នឹងរក្សាបានភាពយូរអង្វែងជាងរកគូស្នេហ៍ក្រៅរង្វង់សិល្បៈ ។

ក្រៅពីអ្នកនាងស្វែង សុជាតា និងនាយព្រែក ដែលកំពុងតែញាប់ដៃញាប់ជើងដូចគ្នាក្នុងការដើរចែកធៀបការនោះ តារាមួយចំនួនទៀតដែលមានគូស្នេហ៍ដែរ តែនៅស្ទាក់ស្ទើរមង្គលការ និងមិនទាន់បោះធៀបការ មានដូច ជា ពេជ្រ សោភា, ប៉ាច គីមមួយ, ម៉ានីកា, អ៊ីវ៉ា និងយុគ ចិន្ដា ជាដើម ៕

