Tuesday, November 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតផ្ទះម៉ែនិងប្អូនស្រី ខឹងមិនជូនទៅពេទ្យ

ដុតផ្ទះម៉ែនិងប្អូនស្រី ខឹងមិនជូនទៅពេទ្យ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានដុតផ្ទះម្តាយ និងផ្ទះប្អូនស្រីបង្កើត ដែលនៅក្បែរគ្នា បណ្តាលឱ្យឆេះអស់ ដោយសារខឹងម្តាយមិនជូនទៅពេទ្យ ព្យា បាលជំងឺ។

ការឃាត់ខ្លួនបុរសដុតផ្ទះម្តាយនិងផ្ទះប្អូនស្រីនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា បុរសដែលត្រូវបានឃាត់ខ្លួន ឈ្មោះ សយ លីម អាយុ៣៥ឆ្នាំ រស់នៅជាមួយម្តាយ ក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ ស្ពឺ ។ ចំណែកជនរងគ្រោះ ជាម្តាយបង្កើត ឈ្មោះ ទន់ ណាត អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះ សង់អំពីឈើលើថ្មក្រោម មានទទឹង ៦ម៉ែត្រ បណ្តោយ ៧ម៉ែត្រ និងផ្ទះ ១ខ្នងទៀត ជារបស់ឈ្មោះ សយ និច ភេទស្រី អាយុ៣២ឆ្នាំ ត្រូវ ជាប្អូនស្រីរបស់ជនសង្ស័យ ។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបន្តថា មុនពេលឃាត់ខ្លួន បុរសខាងលើ គឺមានការដាក់បទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការ ដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានធ្វើអន្ដរាគមន៍ បញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ចេញប្រតិបត្ដិការសង្គ្រោះករណីឆេះផ្ទះ ០២ខ្នង នៅរសៀលថៃ្ងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ប៉ុន្តែគួរឱ្យសោក ស្តាយ អគ្គិភ័យបានឆេះលេបត្របាក់ផ្ទះទាំង០២ខ្នង អស់ស្ទើរតែទាំងស្រុង ។

សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្ដាលមកពីកូនប្រុសចិត្តភ្លើង ដុតផ្ទះម្តាយបង្កើត និងផ្ទះប្អូនស្រីរបស់ខ្លួន ឆេះអស់ទាំងស្រុង ដោយសារតែខឹងម្តាយមិនជូនខ្លួនទៅពេទ្យ ពិនិត្យព្យាបាលជំងឺ ព្រោះម្តាយនិងបងប្អូន លែងទុកចិត្តបុរសជាជនដៃដល់ដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន និងទើបតែចេញពីមណ្ឌលកែប្រែ ហើយត្អូញប្រាប់ម្តាយថា ខ្លួនឈឺ។

លោកអធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា ករណីកូនប្រុសដុតផ្ទះម្តាយនិងផ្ទះប្អូនស្រីនេះ បង្កឲ្យខូចខាតរបស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជា ៖ -ប្រាក់ដុល្លារអាមេរិក ចំនួន៣០០ដុល្លារ -វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៤សន្លឹក -កង់អាគុយ ១គ្រឿង -អត្តសញ្ញាណប័ណ្ណ ២សន្លឹក -ស្រូវ ចំនួន២៥០គីឡូក្រាម -ទូទឹកកក ១គ្រឿង -ធុងបាស់ ១គ្រឿង -សម្លៀកបំពាក់ -កាតវ៉ាក់សាំង ប័ណ្ណក្រីក្រ កាតគ្រីម៉ូតូ ២សន្លឹក -សំបុត្រកំណើត សៀវភៅស្នាក់នៅ និងសម្លៀកបំពាក់ ទាំងអស់។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES